រុស្ស៊ី ថាការចរចាជាមួយ UEFA អំពីការដកបម្រាម ពិបាកខ្លាំង
- ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ ម៉ោង ៨:២៩ នាទី ព្រឹក

ប្រទេសរុស្ស៊ីកំពុងពិភាក្សាជាមួយសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) អំពីការដកបម្រាមដែលបានហាមឃាត់លើក្រុមកីឡាបាល់ទាត់រុស្ស៊ី មិនឱ្យមានការប្រកួតក្នុងតំបន់ បន្ទាប់ពីប្រទេសរុស្ស៊ីបានវាយលុកប្រទេសអ៊ុយក្រែន។ បើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់របស់សហព័ន្ធបាល់ទាត់រុស្ស៊ី (RFU) ថ្ងៃទី១៨ ខែមេសា ថាកិច្ចចរចាមានភាពតានតឹងខ្លាំង។

RFU ត្រូវបានស្ថាប័នបាល់ទាត់ពិភពលោក FIFA និង UEFA សម្រេចចិត្តកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ហាមឃាត់រាល់ការប្រកួតអន្តរជាតិនានារបស់ក្រុមបាល់ទាត់រុស្ស៊ី និងក្លិបក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីប្រទេសរុស្ស៊ីបានបើកការវាយលុកចូលប្រទេសអ៊ុយក្រែន។
ក្រោយមានការដាក់បម្រាមពី FIFA និង UEFA មក RFU ធ្លាប់បាននិយាយថាខ្លួនបានពិចារណាចង់ផ្លាស់ប្តូរពីសមាជិកសហព័ន្ធបាល់ទាត់អឺរ៉ុប ទៅចូលរួមធ្វើជាសមាជិកសហព័ន្ធបាល់ទាត់អាស៊ី (AFC) វិញ។
«យើងបានចរចាជាមួយ UEFA អំពីការដកបម្រាមហាមឃាត់ដែលបានដាក់ពេលកន្លងមកនោះចេញវិញ។ ប៉ុន្តែកិច្ចចរចាពិតជាមានភាពតានតឹងខ្លាំង ទាំងនេះគឺជាកិច្ចសន្ទនាដ៏វែងឆ្ងាយដែលនឹងត្រូវបន្តគ្រប់ពេលវេលា ហើយ UEFA មិនចង់ឱ្យសហព័ន្ធ RFU ចាកចេញឡើយ ហើយ RFU ក៏មិនចង់ចាកចេញដូចគ្នា។»។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Tass បានស្រង់សម្តីរបស់អគ្គលេខាធិការសហព័ន្ធ RFU លោក Maxim Mitrofanov។
បើតាមសម្តីមួយចំនួនរបស់លោក Aleksander Ceferin ប្រធាន UEFA ក្នុងខែមេសានេះ ការលើកលែងបម្រាមលើរុស្ស៊ីពិតជាលំបាកខ្លាំង រហូតទាល់តែសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនបញ្ចប់សិន។
ចំណែកបើតាមការអះអាងរបស់អគ្គលេខាធិការ RFU លោក Mitrofanov នាកិច្ចប្រជុំរវាង RFU និង UEFA លោក Ceferin មិនបានលើកឡើងអំពីបញ្ហាអ្វីថ្មីឡើយ ជុំវិញការដកបម្រាមរុស្ស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: