ស្ពានចល័តដឹកដោយរថយន្ត៤គ្រឿង នឹងត្រូវបញ្ជូនទៅអាហ្រ្វិកកណ្តាល ក្រោយបញ្ចប់ការហ្វឹកហ្វឺន
  • ថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣ ​​ ម៉ោង ៧:១៩ នាទី ល្ងាច
ស្ពានចល័តដឹកដោយរថយន្ត៤គ្រឿង នឹងត្រូវបញ្ជូនទៅអាហ្រ្វិកកណ្តាល ក្រោយបញ្ចប់ការហ្វឹកហ្វឺន

ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងការស្នើសុំរបស់អង្គការសហប្រជាជាតិ កម្ពុជា នឹងបញ្ជូនកងកម្លាំងមួកខៀវ លើជំនាញស្ពានចល័តលើគោក ទៅតំបន់បេសកកម្មអាហ្រ្វិកកណ្តាលនាពេលខាងមុខ។ បច្ចុប្បន្ន កងទ័ពមួកខៀវកម្ពុជា២៨រូប កំពុងហ្វឹកហ្វឺនលើជំនាញស្ពានចល័តគោក ដោយមានគ្រូយោធាចារ្យពីអូស្រ្តាលីមកបណ្តុះបណ្តាលផ្ទាល់។
TTN-Free-Banner-In-Article-PC
 
 
ស្ពានចល័តលើគោកដឹកដោយរថយន្ត៤គ្រឿង ដែលជាប្រភេទ TMM នឹងបញ្ជូនទៅកាន់សាធារណរដ្ឋអាហ្រ្វិកកណ្តាល បន្ទាប់ពីការហ្វឹកហ្វឺនរយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ រថយន្តមួយគ្រឿងផ្ទុកស្ពានចល័តលើគោកប្រវែង១០,៥០ម៉ែត្រ និងទទឹក ៣,៨០ម៉ែត្រ ដែលអាចទ្រទម្ងន់បាន ២០តោន។
 
លោក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឱ្យដឹងថា ៖« ស្ពានចល័តដឹកដោយរថយន្ត៤គ្រឿងនេះ អាចធានាបាននូវការប្រើប្រាស់ជាង៤០ម៉ែត្រ។ ស្ពាននេះចល័តបានលឿន សម្រាប់ប្រើប្រាស់តាមព្រែក អូរ និងស្ទឹងតូចៗ ព្រោះវាសមស្របទៅនឹងភូមិសាស្រ្តអាហ្រ្វិកកណ្តាល ដែលអង្គការសហប្រជាជាតិ បានស្នើសុំមករដ្ឋាភិបាលកម្ពុជា»។ 
 
កម្ពុជា នឹងរាយការណ៍ទៅកាន់អង្គការសហប្រជាជាតិ បន្ទាប់ពីកងស្ពានចល័តបញ្ចប់ការហ្វឹកហ្វឺនដោយជោគជ័យ។ កងស្ពានចល័តនេះ នឹងក្លាយជាចំណែកដ៏សំខាន់ ក្នុងជួយសម្រួលស្ថានភាពផ្លូវលំបាកនៅតំបន់បេសកកម្ម MUNISCA៕


ការបើករថយន្តសាកល្បង លើស្ពានចល័តលើគោក។ រូបភាព៖ ហុង ស្រីណា 


លោក សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព


សកម្មភាពកងទ័ពមួកខៀវកម្ពុជា និងគ្រូយោធាចារ្យ ទម្លាក់ស្ពានចល័តលើគោកពីរថយន្ត។ រូបភាព៖ ហុង ស្រីណា


សកម្មភាពកងទ័ពមួកខៀវកម្ពុជា និងគ្រូយោធាចារ្យ ទម្លាក់ស្ពានចល័តលើគោកពីរថយន្ត។ រូបភាព៖ ហុង ស្រីណា


សកម្មភាពកងទ័ពមួកខៀវកម្ពុជា និងគ្រូយោធាចារ្យ ទម្លាក់ស្ពានចល័តលើគោកពីរថយន្ត។ រូបភាព៖ ហុង ស្រីណា

 

អ្នកសរសេរអត្ថបទ

នាងខ្ញុំ ហុង ស្រីណា ជាសហការីសារព័ត៌មានថ្មីៗ២៥ និងជានិសិ្សតបញ្ចប់ការសិក្សាផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ខ្ញុំមានមោទកភាពដែលជាស្ត្រីមួយរូប ក្នុងវិស័យសារព័ត៌មាន ហើយខ្ញុំនឹងខិតខំប្រឹងប្រែងផលិតព័ត៌មានជូនប្រជាពលរដ្ឋកម្ពុជា ស្របទៅតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហុង ស្រីណា