និស្សិតខ្មែរ រង់ចាំការជម្លៀសចេញពីស៊ូដង់ ដែលកំពុងមានការប្រយុទ្ធគ្នា
  • ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ ​​ ម៉ោង ១១:២៩ នាទី ព្រឹក
និស្សិតខ្មែរ រង់ចាំការជម្លៀសចេញពីស៊ូដង់ ដែលកំពុងមានការប្រយុទ្ធគ្នា
និស្សិតខ្មែរទាំង៦នាក់នៅស៊ូដង់ (រូបពីក្រសួងការបរទេសកម្ពុជា)

ដោយ៖ ម៉េង សៀវម៉ី

និស្សិតខ្មែរ៦នាក់ (ស្រី២នាក់) នៅប្រទេសស៊ូដង់ កំពុងស្ថិតក្នុងទីតាំងមានសុវត្ថិភាពជាមួយនិស្សិតម៉ាឡេស៊ី ដើម្បីរង់ចាំការជម្លៀសចេញពីប្រទេសនេះ ដែលកំពុងមានការប្រយុទ្ធគ្នា។ នេះបើតាមការអះអាងរបស់លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មកកាន់សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ 
 
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីបុណ្យបញ្ចុះខណ្ឌ​សីមាវត្តព្រះបារមីវង្កតបុរី រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមេសា ថា សម្តេច បានប្រាប់ឲ្យលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស តាមដានឲ្យជាប់ពីករណីនិស្សិតខ្មែរ-អ៊ិស្លាមទាំង៦នាក់ ដែលកំពុងជាប់គាំងនៅស៊ូដង់។ ប្រមុខរដ្ឋាភិបាលកម្ពុជា ថ្លែងដូច្នេះថា៖«នៅពេលប្រទេសម៉ាឡេស៊ី ជម្លៀសប្រជាជនតាមយន្តហោះក្តី តាមនាវាក្តី គឺសូមឲ្យ [និស្សិតខ្មែរ] បានចេញដំណើរមកជាមួយ»។  
 
លោក អាន សុខខឿន បញ្ជាក់ថា ភាគីម៉ាឡេស៊ី កំពុងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចលើមធ្យោបាយធ្វើដំណើររបស់និស្សិត ចេញពីប្រទេសស៊ូដង់ឲ្យបានឆាប់។ លោក លើកឡើងថា បន្ទាប់ពីផ្ទុះការប្រយុទ្ធបង្ហូរឈាមក្នុងទីក្រុងខាទុំ ប្រទេសស៊ូដង់ ចាប់តាំងពីថ្ងៃទី១៥ ខែមេសាមក និស្សិតចម្រុះជាតិសាសន៍ ដោយមានទាំងនិស្សិតខ្មែរផងដែរ ត្រូវបានប្រមូលយកទៅស្នាក់នៅរួមគ្នាក្នុងសាកលវិទ្យាល័យដែលពួកគេរៀន៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

Other