កំពង់ស្ពឺ៖ ភ្លៀង និងខ្យល់កន្ត្រាក់ បានធ្វើឱ្យខូចខាតផ្ទះពលរដ្ឋជាង២៥០ខ្នង
- ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ ម៉ោង ២:៥៩ នាទី រសៀល

ខ្យល់កន្ត្រាក់ធ្វើឱ្យផ្ទាំងប៉ាណូមួយរលំ គោ៣ក្បាលងាប់ ខូតខាតផ្ទះជាង២០០ខ្នងនៅកំពង់ស្ពឺ។ រូបភាព៖ ដោយគេហទំព័រ លោក វ៊ី សំណា
ភ្នំពេញ៖ ខ្យល់កន្ត្រាក់បានធ្វើឱ្យផ្ទះជាង២០០ខ្នងខូចខាត ផ្ទាំងប៉ាណូចំនួនមួយដួលរលំ និងគោ៣ក្បាលបានងាប់ដោយសាររន្ទះបាញ់នៅថ្ងៃទី២៥ ខែមេសា។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រាប់សារព័ត៌មាន ThmeyThmey25 ដូច្នេះ ដោយបន្តថាចំនួនអាចកើនច្រើនជាងនេះ នៅពេលក្រុមការងារបូកសរុបទិន្នន័យរួចរាល់ពេលល្ងាច។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបន្តទៀតថា នៅថ្ងៃទី២៥មេសា ភ្លៀងលាយឡំខ្យល់កន្រ្តាក់ខ្លាំង បណ្តាលឲ្យបាក់ផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ត្រង់ចំណុច គីឡូម៉ែត្រលេខ ៤៤-៤៥ តាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខមន្ទីរសាធារណការ និង ដឹក ជញ្ជូនខេត្ត។ ហេតុការណ៍នៃការបាក់នេះ បានសង្កត់រថយន្តធុនធំមួយគ្រឿង និងគ្រោះ ថ្នាក់ដល់អ្នកដំណើរទេ។

រូបភាព៖ ដោយគេហទំព័រ លោក វ៊ី សំណាង
បើតាមអភិបាលខេត្តកំពង់ស្ពឺ ខ្យល់កន្ត្រាក់ខាងលើក៏បានធ្វើឱ្យផ្ទះចំនួន២៥៤ខ្នង ខូចខាតធ្ងន់ស្រាល និងសត្វគោ ៣ក្បាលបានងាប់ដោយសាររន្ទះនៅស្រុកឱរ៉ាល់ផងដែរ។ ចំពោះទិន្នន័យសរុប លោក វ៉ី សំណាងអាចនឹងចេញផ្សាយនៅល្ងាចថ្ងៃទី២៦ មេសានេះ។
លោក វ៉ី សំណាង អះអាងថា នៅដើមរដូវវស្សាក្នុងឆ្នាំ២០២៣គ្រោះធម្មជាតិដែលមានឥទ្ធិពលមកលើខេត្តកំពង់ស្ពឺ ហាក់ប្លែកជាងឆ្នាំមុនៗដោយភាគច្រើនមិនសូវមានទឹកភ្លៀង សម្បូរខ្យល់កន្ត្រាក់ខ្លាំង បូកជាមួយផ្គរ និងរន្ទះលាយឡំផង។លោកបញ្ជាក់ដូច្នេះ៖ « មុនពេលភ្លៀង ខ្យល់កន្ត្រាក់ខ្លាំងៗណាស់ លាយផ្គរ រន្ទះលាយភ្លៀងតិចតូច មិនសើមដីផង។ និយាយទៅដូចមកតែខ្យល់កន្ត្រាក់ខ្លាំង ចំណែករន្ទះមានគួរសម»។
សូមបញ្ជាក់ថា កាលពីថ្ងៃ១៥ ខែមេសាខ្យល់កន្ត្រាក់បានបង្កការខូចខាតសម្ភារផ្ទះសម្បែងធ្ងន់ ស្រាលដល់ផ្ទះពលរដ្ឋចំនួន៨៤គ្រួសារ ស្ថិតនៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ទន្ទឹមនេះ
ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២ ខែឧសភា កម្ពុជារងឥទ្ធិពលសម្ពាធទាប ពីខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួលរយៈពេលមួយសប្ដាហ៍។
ដោយឡែកនៅថ្ងៃខ្លះ កម្ដៅ នឹងត្រូវឡើងចន្លោះពី ៣៣ ទៅ៣៧អង្សាសេ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: