ធនាគារពិភពលោក៖ ការចំណាកស្រុកជាសកលមានការកើនឡើង ដែលត្រូវគ្រប់គ្រងឱ្យបានល្អ
- ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ ម៉ោង ៣:៣៩ នាទី រសៀល

ការហក់ឡើងនៃចំនួនប្រជាជនវ័យចំណាស់យ៉ាងឆាប់រហ័សក្នុងបណ្ដាប្រទេសអ្នកមាន និងប្រទេសមានចំណូលមធ្យម នឹងធ្វើឱ្យសេដ្ឋកិច្ចប្រទេសទាំងនោះពឹងផ្អែកកាន់តែខ្លាំងឡើងលើការធ្វើចំណាកស្រុកពីប្រទេសក្រីក្រ។ ធនាគារពិភពលោកបានប្រកាសបែបនេះនាថ្ងៃទី២៥ ខែមេសា ជាមួយការអំពាវនាវឱ្យប្រទេសនានាមានការគ្រប់គ្រោលគោលនយោបាយលើជនចំណាកស្រុកឱ្យបានប្រសើរជាងមុនផងដែរ។

របាយការណ៍អភិវឌ្ឍន៍ពិភពលោកចុងក្រោយរបស់ធនាគារពិភពលោកបង្ហាញថា មនុស្សប្រហែល១៨៤លាននាក់នៅទូទាំងពិភពលោក កំពុងរស់នៅក្នុងប្រទេសផ្សេងៗពីប្រទេសដើមកំណើតខ្លួន ហើយក្នុងនោះ៤៣ភាគរយកំពុងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម។ បន្ថែមពីនេះ ប្រហែល៣៧លាននាក់នៃចំនួនជនចំណាកស្រុកសរុបខាងលើ ជាជនភៀសខ្លួនថែមទៀត។
ស្របពេលជាមួយគ្នាផងដែរ ប្រទេសមួយចំនួនប្រឈមមុខនឹងការថយចុះយ៉ាងឆាប់រហ័សនៃចំនួនមនុស្សពេញវ័យ និងក្នុងវ័យធ្វើការរួមមានដូចជាអេស្ប៉ាញដែលត្រូវបានព្យាករណ៍នឹងធ្លាក់ចុះជាងមួយភាគបីនៅឆ្នាំ ២១០០ ហើយអ្នកដែលមានអាយុលើសពី៦៥ឆ្នាំកើនឡើងដល់ជិត៤០ភាគរយ ខណៈបច្ចុប្បន្នមានត្រឹម២០ភាគរយ។
យោងតាមរបាយការណ៍ដដែលនេះ ប្រទេសមួយចំនួនមានម៉ិកស៊ិក ថៃ ទុយនីស៊ី និងតួកគី នឹងត្រូវការពលករបរទេសបន្ថែមទៀតក្នុងពេលឆាប់ៗនេះដែរដោយសារចំនួនប្រជាជនរបស់ពួកគេលែងមានកើនឡើង។ យ៉ាងណាមិញ តម្រូវការគ្រប់គ្រងឱ្យមានប្រសិទ្ធភាពគឺចាំបាច់បំផុត ស្របពេលចលនាចំណាកស្រុកឆ្លងព្រំដែនកាន់តែស្មុគស្មាញ។
«ការធ្វើចំណាកស្រុកអាចជាកម្លាំងដ៏មានឥទ្ធិពលសម្រាប់ភាពរុងរឿង និងការអភិវឌ្ឍ។ នៅពេលគ្រប់គ្រងបានត្រឹមត្រូវ វាផ្តល់អត្ថប្រយោជន៍សម្រាប់មនុស្សទាំងអស់ ទាំងនៅក្នុងប្រទេសដើមកំណើត និងប្រទេសគោលដៅ។ នាយកគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារពិភព លោក Axel van Trotsenburg និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបែបនេះ។
ជាចំណុចសំខាន់ ទិន្នន័យនេះឆ្លុះបញ្ចាំងពីអនុសាសន៍សម្រាប់អ្នកធ្វើគោលនយោបាយដើម្បីផ្គូផ្គងជំនាញជនចំណាកស្រុកឱ្យកាន់តែប្រសើរឡើងជាមួយនឹងតម្រូវការនៅក្នុងប្រទេសគោលដៅ ឬប្រទេសដែលពួកគេគ្រោងចាកចេញទៅធ្វើការ។ ការការពារជនភៀសខ្លួន និងកាត់បន្ថយតម្រូវការសម្រាប់ការធ្វើដំណើរដែលមានគ្រោះថ្នាក់ គួរត្រូវបានយកចិត្តទុកដាក់ផងដែរ។
ធនាគារពិភពលោកបញ្ជាក់ដែរថា នៅពេលដែលការផ្គូផ្គងជំនាញមានភាពទន់ខ្សោយ ការចំណាយលើការទទួលជនភៀសខ្លួន គួរតែត្រូវបានចែករំលែកជាពហុភាគី ឬជាមួយភាគីដែលពាក់ព័ន្ធ។ ម្យ៉ាងទៀត ប្រទេសដើម គួរតែបញ្ចូលការធ្វើចំណាកស្រុកការងារជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ពួកគេ កាត់បន្ថយតម្លៃនៃការផ្ទេរប្រាក់ទៅគ្រួសារនៅស្រុកកំណើតវិញ សម្រួលដល់ការផ្ទេរចំណេះដឹងពីជនបរទេស និងកសាងជំនាញដែលត្រូវការជាសកល។
ចំណែកឯប្រទេសគោលដៅ គួរតែលើកទឹកចិត្តឱ្យមានការធ្វើចំណាកស្រុកចំពោះប្រជាជនដែលជំនាញរបស់ពួកគេមានតម្រូវការខ្ពស់ និងត្រូវបន្ថែមកញ្ចប់ហិរញ្ញប្បទានថ្មីដែលបានមកពីការអភិវឌ្ឍពហុភាគីដើម្បីជួយប្រទេសនានាយកចិត្តទុកដាក់ចំពោះជនចំណាកស្រុក៕
អ្នកសរសេរអត្ថបទ
ជា ពេជ្រដាឡែន គឺជាអ្នកសារព័ត៌មានក្រៅម៉ោងនៃសារព័ត៌មានថ្មីៗ។ បច្ចុប្បន្ន ដាឡែន ជានិស្សិតឆ្នាំទីបី ផ្នែកសិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ ដាឡែន តាមដានព័ត៌មានទាក់ទង កិច្ចការអន្តរជាតិ ព្រមទាំងបញ្ហានយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ CHEA Pichdalen is a part-time international news reporter at Thmey Thmey. Currently, she is also a junior student majoring in International Studies at Institute of Foreign Languages at Royal University of Phnom Penh. She covers current international affairs as well as ongoing political issues in the Southeast Asia region.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៤ ថ្ងៃ