Sheffield United កក់កៅអីទៅ Premier League រដូវកាលក្រោយ
- ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ ម៉ោង ៤:៥៩ នាទី រសៀល

ក្លិប Sheffield United នៃក្របខណ្ឌ Championship បានកក់កៅអីស្វ័យប្រវត្តិទៅកាន់ក្របខណ្ឌ Premier League រដូវកាលក្រោយ បន្ទាប់ពីមានពិន្ទុដាច់ក្រោយប្រកួតឈ្នះ West Bromwich Albion ក្នុងលទ្ធផល ២-០ ថ្ងៃទី២៦ ខែមេសា ដើម្បីរក្សាតំណែងលេខ ២ ក្នុងតារាងលីគលំដាប់ទី២អង់គ្លេស។

Sheffield United នឹងវិលត្រលប់ទៅកាន់ Premier League បន្ទាប់ពីខកខានរយៈពេល ២រដូវកាល។ កាលពីឆ្នាំ ២០២០-២១ ក្រុម Sheffield បានធ្លាក់ចេញពីការប្រកួតប្រជែងក្នុងក្របខណ្ឌ Premier League ដោយបានបញ្ចប់នៅចំណាត់ថ្នាក់បាតតារាងតែម្តង។
ក្រុមស្ថិតនៅក្នុងទីក្រុង Yorkshire ប្រទេសអង់គ្លេស ដែលដឹកនាំដោយលោក Paul Heckingbottom បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ២ នៃក្របខណ្ឌ Championship មាន ៨៥ពិន្ទុ បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ៤៣លើក។ Sheffield តាមពីន្ទុក្រុមជើងឯក Burnley ចំនួន ១០ពិន្ទុ ប៉ុន្តែនាំមុខក្រុមលេខ៣ Lutton Town ចំនួន៧ពិន្ទុ ខណៈនៅសល់២ទៀតនឹងបញ្ចប់រដូវកាល។
Burnley ដែលបានកៅអីទៅលីគកំពូលមុនគេ ក្រោយបំបាក់ក្រុម Blackburn Rovers សប្តាហ៍មុន បានឈរកំពូលតារាង និងក្រសោបបានពានរង្វាន់នៅលីគលំដាប់ទីពីរនៅអង់គ្លេសរួចទៅហើយ។
កាលពីពេលថ្មីៗនេះ Sheffield United ត្រូវបានក្រុម Manchester City ទម្លាក់ចេញពីការប្រកួតពានរង្វាន់ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Sheffield កាលពីរដូវកាលមុន ពួកគេហៀបនឹងបានឡើងមកប្រកួតនៅ Premier League ដោយប្រកួតចាញ់ Nottingham Forest នៅក្នុងការប្រកួត Playoffs។
ក្រុមដែលឈរនៅលំដាប់លេខ ១ លេខ ២ នៃក្របខណ្ឌ Championship នឹងត្រូវទទួលបានកៅអីក្របខណ្ឌ Premier league ដោយស្វ័យប្រវត្តិ ចំណែកក្រុមលេខ ៣ ដល់លេខ ៦ នឹងត្រូវឆ្លងកាត់ការប្រកួត Playoffs ដណ្តើមកៅអីមួយចុងក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: