រដ្ឋាភិបាល បើកឱ្យពលរដ្ឋប្រើមងក្រឡាតូចរកត្រីនៅតំបន់ការពារសត្វផ្សោតនារដូវប្រាំងវិញ
- ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ ម៉ោង ៧:៥៩ នាទី ល្ងាច

រាជរដ្ឋាភិបាលនិរាករណ៍អនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២៣។រូបភាព៖ គេហទំព័រ សម្តេច ហ៊ុន សែន
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចនិរាករណ៍ អនុក្រឹត្យចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ដីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ហើយនឹងប្រើអនុក្រឹត្យចាស់ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ ឡើងវិញ។

ការប្រកាសពីការនិរាករនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមេសានេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ក្នុងអំឡុងការអនុវត្តតាមអនុក្រឹត្យថ្មី ចាប់ពីខែកុម្ភៈ ដល់ខែមេសានេះ សត្វផ្សោតក៏តែមានងាប់ដដែល ហើយជាមួយគ្នានេះ ក៏ធ្វើឱ្យប៉ះពាល់ជីវភាពប្រជានេសាទ រាប់ពាន់គ្រួសារថែមទៀត។
យ៉ាងណាក៏ដោយប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ទោះជាមងក្រឡាតូចត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងតំបន់អភិរក្ស និងតំបន់ការពារសត្វផ្សោតក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ក៏ដោយ ប៉ុន្តែអាជ្ញាធរត្រូវតែពង្រឹងការគ្រប់គ្រង មិនឲ្យមានការប្រើប្រាស់នៅមងក្រឡាធំ និងការប្រើឧបករណ៍ឆក់ត្រី នៅក្នុងតំបន់សត្វផ្សោតរស់នៅនោះឡើយ។
សូមបញ្ជាក់ថា គិតចាប់ពីដើមឆ្នាំ២០២៣ ដល់ត្រឹមចុងខែមេសានេះ កូនផ្សោតថ្មីចំនួន៣ក្បាល ត្រូវបានកត់ត្រាវត្តមាន នៅអន្លង់ផ្សោតក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ មានផ្សោតកើតថ្មី ប៉ុន្តែសត្វផ្សោត២ក្បាលក៏បានបាត់បង់ជីវិតទៅវិញ ដោយសារជាប់មង៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: