រុស្ស៊ី​ និងកូរ៉េខាងជើងរិះគន់ផែនការ​នុយក្លេអ៊ែររបស់​អាម៉េរិកនិង​កូរ៉េ​ខាង​ត្បូង​
  • ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ ​​ ម៉ោង ៤:២៩ នាទី រសៀល
រុស្ស៊ី​ និងកូរ៉េខាងជើងរិះគន់ផែនការ​នុយក្លេអ៊ែររបស់​អាម៉េរិកនិង​កូរ៉េ​ខាង​ត្បូង​

ក្រសួងការបរទេសរុស្ស៊ី នៅពីថ្ងៃទី២៨ ខែមេសា បានរិះគន់កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអាម៉េរិក និងកូរ៉េខាងត្បូងថា នឹងធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ឯកូរ៉េខាងជើងបានព្រមានដែរថា ផែនការនេះ នឹងរឹតតែ​ឱ្យប្រទេសទាំងពីរ​ប្រឈមនឹងគ្រោះថ្នាក់​ធ្ងន់​ធ្ងរ​បន្ថែម​ទៀត​។
TTN-Free-Banner-In-Article-PC
 
អាម៉េរិក នៅពីថ្ងៃទី២៦ ខែមេសា បានសន្យាផ្តល់ឱ្យកូរ៉េខាងត្បូងនូវការយល់ដឹងបន្ថែមទៀតអំពីផែន​ការនុយក្លេអ៊ែររបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការទប់ទល់ការគំរាមរបស់កូរ៉េខាងជើង។ យ៉ាងណាមិញ រុស្ស៊ី និងកូរ៉េខាងជើង បានប្រតិកម្មនឹងផែនការនេះយ៉ាងខ្លាំង។
 
«ការវិវត្តនេះពិតជាធ្វើឱ្យមានអស្ថិរភាព ហើយនឹងមានផលវិបាកអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ​តំបន់ដែលនឹងប៉ះពាល់ដល់ស្ថិរភាពពិភពលោក» ។ ក្រសួងការបរទេសរុស្ស៊ីបានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍មួយបែបនេះ រួចបន្តថា ការជំរុញរបស់អាម៉េរិក និងសម្ព័ន្ធយោធាណាតូនឹងនាំ​ឱ្យ​មាន​ភាពតានតឹងកើនឡើង និងអាចបង្កឱ្យមានការប្រណាំងសព្វាអាវុធផងដែរ។
 
ចំណែកឯកូរ៉េខាងជើងវិញ ប្អូនស្រីមេដឹកនាំរបបក្រុងព្យុងយ៉ាង លោកស្រី គីម យ៉ូចុង បាននិយាយថា កាលណាអាម៉េរិក និងកូរ៉េខាងត្បូងកាន់តែរៀបចំសមយុទ្ធនុយក្លេអ៊ែរ និងដាក់ពង្រាយ​សព្វាវុធនុយ​ក្លេអ៊ែរនៅឧបទ្វីបកូរ៉េកាន់តែខ្លាំងឡើង វានឹងបង្កឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ​មិនខាន។ នេះ​បើ​តាម​ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា។
 
បើតាមលោកស្រី គីម ​កូរ៉េខាងជើងនៅតែជឿជាក់ថា ការពង្រឹងនុយក្លេអ៊ែររបស់​ខ្លួនគួរតែត្រូ​វបន្ត​ទៅ​មុខ​បន្ថែមទៀត៕
 

អ្នកសរសេរអត្ថបទ

ជា ពេជ្រដាឡែន គឺជាអ្នកសារព័ត៌មានក្រៅម៉ោង​នៃសារព័ត៌មានថ្មីៗ។ បច្ចុប្បន្ន ដាឡែន ជានិស្សិតឆ្នាំទីបី ផ្នែកសិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ ដាឡែន តាមដានព័ត៌មានទាក់ទង កិច្ចការអន្តរជាតិ ព្រមទាំងបញ្ហានយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ CHEA Pichdalen is a part-time international news reporter at Thmey Thmey. Currently, she is also a junior student majoring in International Studies at Institute of Foreign Languages at Royal University of Phnom Penh. She covers current international affairs as well as ongoing political issues in the Southeast Asia region.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា ពេជ្រដាឡែន