គណបក្សនយោបាយចំនួន៧ ត្រូវបានទទួលស្គាល់លើការចុះឈ្មោះបោះឆ្នោត
- ថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ៩:៥៩ នាទី យប់

លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ រូបភាព៖ គ.ជ.ប
គណបក្សនយោបាយចំនួន៧ ត្រូវបានទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ គ.ជ.ប បានត្រួតពិនិត្យ និងពិភាក្សាយ៉ាងលម្អិតលើឯកសារពាក់ព័ន្ធរបស់គណបក្សនីមួយៗ ដែលបានស្នើសុំចុះបញ្ជីនេះ ក្នុងចំណោមបក្សចំនួន៨។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ ការទទួលស្គាល់គណបក្សទាំង៧ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សកម្លាំងប្រជាធិបតេយ្យ និងគណបក្សខ្មែរតែមួយ។
ដោយឡែក គណបក្សខ្មែរអភិរក្ស នៅខ្វះលក្ខខណ្ឌដែលបានកំណត់ ដោយតម្រូវឱ្យគណបក្សបំបេញបន្ថែម តាមនីតិវិធីច្បាប់។
សូមជម្រាបថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: