សកម្មជនខាងប្រឆាំង អ្នកនាង ប៉ីប៉ីលី សុំចូលបក្សប្រជាជន
  • ថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣ ​​ ម៉ោង ១:៤០ នាទី រសៀល
សកម្មជនខាងប្រឆាំង អ្នកនាង ប៉ីប៉ីលី សុំចូលបក្សប្រជាជន
អ្នកនាង ប៉ីប៉ីលី និងស្វាមី សំពះសុំទោសទៅកាន់សម្តេច ហ៊ុន សែន តាមរយៈវីដេអូឃ្លីប។

អ្នកនាង ធី សុខា ដែលគេស្គាល់ថា ប៉ីប៉ីលី ជាសកម្មជនគ្រាំទ្រអតីតគណបក្សសង្គ្រោះជាតិ ហើយក្រោយក្លាយជាសកម្មជនគណបក្សភ្លើងទៀន បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
TTN-Free-Banner-In-Article-PC

 
អ្នកនាង ប៉ីប៉ីលី ដែលមួយរយៈចុងក្រោយនេះ ធ្វើជាអ្នកផ្សព្វផ្សាយព័ត៌មានឱ្យគណបក្សភ្លើងទៀន បានចេញវីដេអូខ្លីមួយដើម្បីសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងវីដេអូនោះ ក៏មានស្វាមីរបស់អ្នកនាងដែរ។ 
 
តាមរយៈវីដេអូ អ្នកនាង ប៉ីប៉ីលី បានសំពះសុំទោសសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយសារភាពថា កន្លងមក អ្នកនាង ជ្រុលនិយមជឿលើគណបក្សប្រឆាំង ដោយផ្សព្វផ្សាយព័ត៌មានប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជា។ អ្នកនាង សារភាពត្រង់ៗទៀតថា ពេលនោះ អ្នកនាង ធ្វើតាមអារម្មណ៍ ដែលនៅក្មេង។ 
  

អ្នកស្រី ប៉េប៉េលី អតីតសកម្មជនគណបក្សប្រឆាំង

អ្នកនាង ប៉ីប៉ីលី បានរៀបរាប់ទៅកាន់សម្តេច ហ៊ុន សែន ជាមួយការសម្រក់ទឹកភ្នែក យ៉ាងដូច្នេះ៖«ខ្ញុំអស់ជំនឿជាមួយគណបក្សប្រឆាំងហើយ ព្រោះមានតែអ្នកដណ្ដើមអំណាចគ្នា។ កូនតូចទាបគ្មានប្រាក់ដើម្បីកសាងសមត្ថភាពខ្លួនឯង ដូច្នេះហើយមានតែគេស្អប់ខ្ញុំ​។ នាងខ្ញុំប៉ីប៉ីលី សុំអភ័យទោសពីសម្ដេចពុក និងចូលរួមក្នុងជីវភាពនយោបាយជាមួយសម្ដេចពុក​ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើប្រជាពលរដ្ឋ ចូលរួមបម្រើសង្គមមួយនេះឱ្យមានការរីកចម្រើនទៅមុខ»។
 
សម្ដេច ហ៊ុន សែន បានឆ្លើយតបជាមួយតាមប្រព័ន្ធតេឡេក្រាមថា សម្តេចអភ័យទោសឱ្យ និងទទួលស្វាគមន៍អ្នកនាង ប៉ីប៉ីលី រួមទាំងស្វាមីឱ្យចូលចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
 
សម្ដេច ប្រាប់ទៅអ្នកនាង ប៉ីប៉ីលី ថា៖«សូមកូនស្រី ទុករឿងអតីតកាលមួយអន្លើនិងខិតខំរួមគ្នាធ្វើដំណើរឆ្ពោះទៅមុខដើម្បីសេចក្តីសុខរបស់ជាតិនិងការរីកចម្រើនក្នុងគ្រួសារក៏ដូចជាសង្គមជាតិ»។
 
សូមជម្រាបថា ថ្មីៗនេះ មានអ្នកប្រឆាំងមួយចំនួន បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់៕
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក សំអូន