សមត្ថកិច្ច បង្ក្រាបបានឈ្មួញនាំចូលមាន់រស់ពីវៀតណាមជិត ២០០០ក្បាល
- ថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ៣:៥៩ នាទី រសៀល

កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានស្ទាក់ចាប់រថយន្តមួយគ្រឿង ដែលបានលួចនាំចូលសត្វមាន់រស់ចំនួន ១៩០០ក្បាល ពីប្រទេសវៀតណាម ដើម្បីយកទៅចែកចាយនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។

បើតាមគណនីហ្វេសប៊ុករបស់លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរណ៍សត្វ និងផលិតផលសត្វ ឈ្មួញបានលួចនាំចូលពីប្រទេសវៀតណាម តាមច្រកភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលបន្តឆ្ពោះទៅលក់ចែកចាយនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចឃាត់រថយន្តនោះ នៅលើផ្លូវជាតិលេខ១ ក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាម៉ោង ៣៖៥០នាទីទៀបភ្លឺ ថ្ងៃទី៨ ខែឧសភា ។
បើតាមលោក សារ៉ាត ដដែល មាន់រស់នាំចូលមកទាំងនោះ គ្មានលិខិតអនុញ្ញាតត្រឹមត្រូវឡើយ។ បន្ទាប់ពីឃាត់បាន សមត្ថកិច្ចនាំយកវត្ថុតាងទាំងនោះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីដោះស្រាយទៅតាមច្បាប់៕

សត្វមាន់ខ្មៅរស់ ដែលឈ្មួញលួចដឹកពីប្រទេសវៀតណាមចូលមកកម្ពុជា។ រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សារ៉ាត់ ប្រធានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរណ៍សត្វ និងផលិតផលមានដើមកំណើតពីសត្វ។
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: