សម្ដេច ហ៊ុន សែន ស្នើឱ្យលោក សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទៀត
  • ថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣ ​​ ម៉ោង ៣:៤៣ នាទី រសៀល
សម្ដេច ហ៊ុន សែន ស្នើឱ្យលោក សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទៀត

សម្ដេច ហ៊ុន សែន ស្នើឱ្យលោកនាយឧត្តមសេនីយ៍ សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទៀត ។ សំណើររបស់សម្ដេច ហ៊ុន សែន នេះ ធ្វើឡើងក្រោយពីលោក សៅ សុខា បានប្រកាសលាលែងពីតំណែង ក្រោយក្រុមជម្រើសជាតិបុរសកម្ពុជា ចាញ់ក្រុមមីយ៉ាន់ម៉ា ដោយលទ្ធផល២-០ នៃព្រឹត្តិការណ៍ស៊ីហ្គេម កាលពីថ្ងៃទី៧ ឧសភា។
TTN-Free-Banner-In-Article-PC


សម្ដេច ហ៊ុន សែន យល់ឃើញថា ការដឹកនាំបាល់ទាត់ចាញ់-ឈ្នះ គឺជារឿងធម្មតានោះទេ នៅក្នុងវិស័យកីឡា។ ម្យ៉ាងវិញទៀត ប្រមុខរដ្ឋាភិបាល ក៏យល់ឃើញដែរថា វិស័យបាល់ទាត់ក្រោមការដឹកនាំរបស់លោក សៅ សុខា រយៈពេលជាង១០ឆ្នាំមកនេះ មានការរីកចម្រើនច្រើន ដូច្នេះមិនគួរឱ្យប្រធានសហព័ន្ធបាល់ទាត់រូបនេះ ដើរចេញពីតួនាទី ព្រោះតែដឹកនាំក្រុមកម្ពុជា ចាញ់ក្រុមមីយ៉ាន់ម៉ានេះឡើយ។

តាមរយៈសារសំឡេងជាង៦នាទី ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា៖«ចាប់តាំងពីឯកឧត្តម សៅ សុខា ទទួលបាននូវមុខតំណែង(ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា)នេះ កីឡាបាល់ទាត់នៅកម្ពុជា បានរីកចម្រើនឈានឡើងជាលំដាប់ បើទោះលទ្ធផលមិនអាចតាមការចង់បានរបស់យើងក៏ដោយចុះ ប៉ុន្តែយើងក៏បានដើរចេញឆ្ងាយពីចំណុចដែលមិនធ្លាប់មានកាលពីពេលមុន»។

បើតាមសម្ដេច ហ៊ុន សែន ប្រទេសខ្លះមានប្រជាជនរាប់រយពាន់នាក់ ក៏មិនទាន់អាចធ្វើឱ្យវិស័យបាល់ទាត់ទទួលបានលទ្ធផលដែលពួកគេចង់បានផង ចុះទម្រាំតែកម្ពុជា មានប្រជាជន១៦លាននាក់? ត្រង់ចំណុចនេះ លោកនាយករដ្ឋមន្រ្តី អះអាងថា លទ្ធផលដែលកម្ពុជា សម្រេចបានប៉ុណ្ណេះ គឺអាចទទួលយកបានហើយ។
 
«ដូច្នេះក្នុងឋានៈជានាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ខ្ញុំអំពាវនាវចំពោះនាយឧត្តមសេនីយ៍ សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់បន្តទៅទៀត»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលសង្ឃឹមថា លោក សៅ សុខា នឹងទទួលយកនូវសំណូមពរសម្ដេច ដើម្បីបន្តការដឹកនាំ និងអភិវឌ្ឍន៍វិស័យបាល់ទាត់បន្ថែមទៀត។

Relate 
 

អ្នកសរសេរអត្ថបទ

រំដួល ចិត្រា  (Romdoul Chetra) បានចូលបម្រើការងារជាអ្នកសារព័ត៌មាន នៅក្នុងស្ថាប័នសារព័ត៌មានឌីជីថល​ថ្មីៗ នៅឆ្នាំ២០១៤ ។  ចិត្រា មានជំនាញ​សរសេរ​ព័ត៌មានជាតិ ដែលតាមដានព្រឹត្តិការណ៍នយោបាយ សន្តិសុខសង្គម និងបទយក​ការណ៍​។...

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

រំដួល ចិត្រា