រដ្ឋមន្ត្រីពាណិជ្ជកម្មចិនថា ការអភិវឌ្ឍសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនៅតែជួបបញ្ហាជាច្រើន
- ថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ១១:២៩ នាទី ព្រឹក

រដ្ឋមន្ត្រិពាណិជ្ជកម្មចិន Wang Wentao ចាប់ដៃតំណាងពាណិជ្ជកម្មអាម៉េរិក Katherine Tai ។ រូបថត CGTN
រដ្ឋមន្ត្រីពាណិជ្ជកម្មចិន Wang Wentao នាថ្ងៃទី២៧ ខែឧសភា បានលើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅអាស៊ីប៉ាស៊ីហ្វិក នៅតែប្រឈមមុខនឹងការរំខាន និងបញ្ហាប្រឈមជាច្រើនដែលតម្រូវឱ្យប្រទេសក្នុងតំបន់រួមគ្នាធ្វើការបន្ថែមទៀត។

ថ្លែងក្នុងសន្និសីទនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Detroit ទឹកដីអាម៉េរិក លោក Wang Wentao បានអត្ថាធិប្បាយចំពោះមុខមេដឹកនាំជាច្រើន និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្មពហុភាគី និងទ្វេភាគី ចំពេលជម្លោះ ពាណិជ្ជកម្មសកលកាន់តែទូលំទូលាយ និងភាពមិនច្បាស់លាស់ឥតឈប់ឈរ។
រដ្ឋមន្រ្តីពាណិជ្ជកម្មចិន ទទួលស្គាល់ការលំបាកដែលតំបន់មួយនេះប្រឈមមុខ ប៉ុន្តែចិនដែលជាប្រទេសកំពុងអភិវឌ្ឍសំខាន់មួយ មានឆន្ទៈក្នុងការរួមចំណែកដោយសមហេតុផល។
«តំបន់អាស៊ីប៉ាស៊ីហ្វិកតែងតែជាតំបន់ដែលមានកំណើនលូតលាស់ខ្លាំងបំផុត មានសក្ដានុពល នៃការអភិវឌ្ឍ និងភាពធន់នៃសេដ្ឋកិច្ចនៅក្នុងសេដ្ឋកិច្ចពិភពលោក ប៉ុន្តែការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅតែប្រឈមមុខនឹងការរំខាន និងបញ្ហាប្រឈមជាច្រើន»។ លោក Wang បានបញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍ក្រសួងពាណិជ្ជកម្មចិន។
ប្រមុខពាណិជ្ជកម្មចិនរូបនេះក៏បានពិភាក្សាអំពីជំហររបស់ចិនក្នុងការជួយគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងលើកស្ទួយការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយនិរន្តភាព និងបរិយាប័ន្ន។
ស្របពេលជាមួយគ្នានេះ ចិនស្នើឱ្យបណ្ដាសមាជិ APEC បន្តប្រកាន់ខ្ចាប់នូវតំបន់ដែលបើក ចំហ ជំរុញដំណើរការសម្រាប់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ដោយឥតងាករេ ធ្វើឱ្យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគស៊ីជម្រៅជាងមុន និងចែករំលែកឱកាស និងភាគលាភដែលពាំនាំដោយការអភិវឌ្ឍរួមបញ្ចូលគ្នានៃខ្សែច្រវាក់ឧស្សាហកម្ម និងផ្គត់ផ្គង់របស់តំបន់។
លោក Wang លើកទឹកចិត្តឱ្យបណ្ដាសមាជិក APEC អនុវត្តការផ្លាស់ប្តូរគោលនយោបាយ និងការសម្របសម្រួល ជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដែលជួយដល់ប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍតិចតួច និងជួយសហគ្រាសធុនតូច និងមធ្យមថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: