រុស្ស៊ី ប្រាប់អាម៉េរិកមិនបាច់បង្រៀនខ្លួនអំពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរទេ
- ថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ៧:២៩ នាទី ល្ងាច

រុស្ស៊ី បានច្រានចោលការរិះគន់ពីប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ជុំវិញការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិចនៅបេឡារុស។ បើតាមរុស្ស៊ី ទីក្រុងវ៉ាស៊ីនតោនផ្ទាល់បានដាក់ពង្រាយអាវុធនុយក្លេអ៊ែរជាច្រើនទសវត្សរ៍មកហើយនៅទ្វីបអឺរ៉ុប។

ក្រុងមូស្កូនៅថ្ងៃទី ២៥ ខែឧសភា បានប្រកាសពីការអនុវត្តផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិចជាលើកដំបូងនៅខាងក្រៅព្រំដែនរបស់ខ្លួនទៅកាន់បេឡារុសចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ១៩៩១។ ប្រធានាធិបតីបេឡារុស Alexander Lukashenko ក៏បានបញ្ជាក់ពីការដឹកជញ្ជូននេះដែរ។
អាម៉េរិក បានប្រតិកម្មយ៉ាងខ្លាំងនឹងការដាក់ពង្រាយនេះម្ដងហើយទៀត។ ចុងក្រោយប្រធានាធិបតី ចូ បៃឌិន ក៏ហៅទង្វើរបស់រុស្ស៊ី ជាការឈានទៅមុខនឹងផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិចរបស់ខ្លួន។
តបនឹងការរិះគន់ចុងក្រោយនេះ ស្ថានទូតរុស្ស៊ីប្រចាំវ៉ាស៊ីនតោននិយាយថា វាជាសិទ្ធិអធិបតេយ្យភាព របស់រុស្ស៊ី និងបេឡារុសក្នុងការធានាសន្តិសុខតាមរយៈមធ្យោបាយដែលចាំបាច់ចំពេលប្រឈមមុខសង្រ្គាមបង្កកើតឡើងដោយទីក្រុងវ៉ាស៊ីនតោន។
«អាម៉េរិកអនុវត្តអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយក្នុងការរក្សាឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំរបស់ខ្លួននៅអឺរ៉ុប»។ សេចក្ដីថ្លែងការណ៍របស់ស្ថានទូតរុស្ស៊ីបញ្ជាក់បែបនេះ រួចបន្តថា អាម៉េរិកជាមួយសម្ព័ន្ធយោធាណាតូក៏បានចូលរួមក្នុងការចែករំលែកអាវុធនុយក្លេអ៊ែរជាមួយគ្នាដើម្បីប្រើប្រាស់ប្រឆាំងរុស្ស៊ី។
បើតាមសេចក្ដីថ្លែងការណ៍ដដែល អ្វីដែលរុស្ស៊ីបានស្របជាមួយនឹងកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួន។
សូមបញ្ជាក់ថា អាម៉េរិកបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅអឺរ៉ុបខាងលិចចាប់តាំងពីសម័យប្រធានាធិបតី Dwight D Eisenhower ជាការប្រឆាំងនឹងការគំរាមកំហែងរបស់សហភាពសូវៀត។ អាវុធនុយក្លេអ៊ែរដំបូងរបស់អាម៉េរិកនៅអឺរ៉ុបត្រូវបានដាក់ពង្រាយនៅចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៥៤ ។
បើតាមរបាយការណ៍នានា អាម៉េរិកមានអាវុធនុយក្លេអ៊ែរកម្រិត B61 ចំនួន១០០គ្រាប់ ដែលត្រូវបានដាក់ពង្រាយនៅអឺរ៉ុបដែលក្នុងនោះមាននៅអ៊ីតាលី អាល្លឺម៉ង់ តួកគី បែលហ្ស៊ិក និងហូឡង់៕
អ្នកសរសេរអត្ថបទ
ជា ពេជ្រដាឡែន គឺជាអ្នកសារព័ត៌មានក្រៅម៉ោងនៃសារព័ត៌មានថ្មីៗ។ បច្ចុប្បន្ន ដាឡែន ជានិស្សិតឆ្នាំទីបី ផ្នែកសិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ ដាឡែន តាមដានព័ត៌មានទាក់ទង កិច្ចការអន្តរជាតិ ព្រមទាំងបញ្ហានយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ CHEA Pichdalen is a part-time international news reporter at Thmey Thmey. Currently, she is also a junior student majoring in International Studies at Institute of Foreign Languages at Royal University of Phnom Penh. She covers current international affairs as well as ongoing political issues in the Southeast Asia region.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ