ប៉ារ៉ាហ្គេម៖ គ្រូបាល់បោះជនពិការកម្ពុជា បារម្ភពីគុណភាពរទេះ ស្របពេលបច្ចេកទេសលែងជាបញ្ហា
- ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ១០:៥៩ នាទី ព្រឹក

សកម្មភាពហ្វឹកហាត់របស់ក្រុមបាល់បោះអង្គុយលើរទេះកម្ពុជា
លោក ម៊ុយ សឺ គ្រូបង្វឹកកីឡាបាល់បោះអង្គុយលើរទេះកម្ពុជា បង្ហាញក្តីបារម្ភអំពីការខ្វះខាតរទេសសម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាងបច្ចេកទេសរបស់អត្តពលិក។ លោក ម៊ុយ សឺ ធ្លាប់ជួបបញ្ហារទេះម្តងរួចមកហើយនៅពេលក្រុមកម្ពុជា ប្រកួតនៅប៉ារ៉ាហ្គេមលើកទី១១ ក្នុងក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។

បន្ទាប់បញ្ចប់ការហ្វឹកហាត់នៅក្នុងសាលបាល់បោះក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ លោក ម៊ុយ សឺ គ្រូបង្វឹកក្រុមបាល់បោះអង្គុយលើរទេះ ទាំងផ្នែកបុរស និងនារី កម្ពុជា បង្ហាញក្តីបារម្ភចំពោះកង្វះរទេះ ដែលជាបញ្ហាអាចបណ្តាលឱ្យកម្ពុជាខកខានឈ្នះមេដាយ។

លោក ម៊ុយ សឺ គ្រូបង្វឹកក្រុមបាល់បោះអង្គុយលើរទេះកម្ពុជា
លោក ម៊ុយ សឺ បញ្ជាក់ថា៖«បច្ចេកទេសគឺប្រហាក់ប្រហែលគ្នាទេ ប្រសិនបើគេភ្លាត់គឺយើង ប្រសិនបើយើងភ្លាត់គឺគេ»។ លោក សឺ បន្ថែមថា ការប្រកួតកន្លងមកនៅប្រទេសឥណ្ឌូណេស៊ី កម្ពុជា អាចប្រជែងបានមេដាយមាស១ និងប្រាក់១ ហើយប្រជែងបានពានរង្វាន់មិត្តភាពអន្តរជាតិ១ នៅប្រទេសឥណ្ឌា នេះជាអ្វីដែលក្រុមប្តេជ្ញាធ្វើ និងសម្រេចតាមបំណង។
គួបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បាល់បោះអង្គុយលើរទេះកម្ពុជា ដាក់ចេញនូវបួនវិញ្ញាសាក្នុងការប្រកួតក្នុងនោះរួមមានបាល់បោះអង្គុយលើរទេះ វិញ្ញាសាបុរស ៣ទល់៣ និង៥ទល់៥ និងវិញ្ញាសានារី ៣ទល់៣ និង៥ទល់៥។ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣៕
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: