រុស្ស៊ីអះអាងថា ខ្លួនបានរារាំងការវាយលុកធំរបស់អ៊ុយក្រែន
- ថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ១២:០៩ នាទី រសៀល

រុស្ស៊ី នាថ្ងៃទី៥ ខែមិថុនា បានលើកឡើងថា កងកម្លាំងរបស់ខ្លួនបានរារាំងការវាយលុកដ៏ធំរបស់អ៊ុយក្រែននៅ៥ចំណុចតាមបណ្តោយជួរមុខក្នុងតំបន់ Donetsk ភាគខាងត្បូងអ៊ុយក្រែន ហើយព្រមទាំងបានសម្លាប់ទាហានដែលគាំទ្រក្រុងកៀវរាប់រយនាក់ផងដែរ។

ក្រុងកៀវមិនទាន់បានរាយការណ៍ពីការចាប់ផ្តើមនៃការវាយលុករបស់ខ្លួនក្នុងការដណ្ដើមយកទឹកដីវិញនៅឡើយ ប៉ុន្តែក្រុងមូស្គូបានបញ្ជាក់មុនថា ខ្លួនបានរារាំងការលុកលុយនោះ ដោយជោគជ័យ។ បើតាមក្រសួងការពារជាតិរុស្ស៊ី អ៊ុយក្រែនបានវាយប្រហារលើកងកម្លាំងខ្លួនដោយកងវរសេនាតូចចំនួនប្រាំមួយ និងកងវរសេនាតូចរថក្រោះពីរនៅភាគខាងត្បូងទីក្រុង Donetsk ដែលជាកន្លែងទីក្រុងមូស្គូបានសង្ស័យយូរមកហើយថាអ៊ុយក្រែននឹងព្យាយាមបើកច្រកឆ្លងកាត់ទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី។
«នៅព្រឹកថ្ងៃទី៤ ខែមិថុនា សត្រូវបានចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំនៅក្នុងផ្នែកចំនួនប្រាំនៃផ្នែកខាងមុខក្នុងទិសដៅទៅតំបន់ Donetsk នៅភាគខាងត្បូង»។ ក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយដែលបង្ហោះលើប្រព័ន្ធបញ្ជូនសារ Telegram។ ក្រសួងដដែលបន្តថា គោលដៅរបស់ក្រុងកៀវគឺដើម្បីទម្លុះការការពាររបស់រុស្ស៊ីនៅក្នុងផ្នែកដែលផុយស្រួយបំផុត ប៉ុន្តែក្រុងកៀវនៅតែមិនទទួលបានជោគជ័យនោះឡើយ ។
បន្ថែមពីនេះ ក្រសួងការពារជាតិរុស្ស៊ីក៏បានបញ្ចេញវីដេអូនៃរថពាសដែកអ៊ុយក្រែនជាច្រើនគ្រឿងនៅក្នុងវាលមួយបានផ្ទុះឡើងបន្ទាប់ពីត្រូវបានវាយប្រហារផងដែរ។
យោងតាមសេចក្ដីថ្លែងការណ៍ដដែលខាងលើ កងកម្លាំងរុស្ស៊ីបានសម្លាប់ទាហានអ៊ុយក្រែនចំនួន២៥០ នាក់ ព្រមទាំងបានបំផ្លាញរថក្រោះចំនួន១៦គ្រឿង រថពាសដែកប្រយុទ្ធដឹកទាហានថ្មើរជើង និងរថពាសដែកផ្សេងទៀតចំនួន២១គ្រឿង។ ប្រធានអគ្គសេនាធិការរុស្ស៊ីឧត្តមសេនីយ៍ Valery Gerasimov ដែលទទួលបន្ទុកប្រតិបត្តិការយោធានៅអ៊ុយក្រែនបានស្ថិតនៅក្នុងតំបន់នៃការវាយប្រហាររបស់អ៊ុយក្រែនផងដែរ។
យ៉ាងណាមិញ ការអះអាងរបស់រុស្ស៊ី មិនទាន់ត្រូវបានបញ្ជាក់ឡើយ។ ឯក្រសួងការពារជាតិ និងយោធាអ៊ុយក្រែនក៏មិនទាន់បានឆ្លើយតបថាយ៉ាងណា។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ូឌីមៀ ហ្សេលេនស្គី បានប្រាប់កាសែត Wall Street Journal នៅក្នុងបទសម្ភាសមួយដែលចេញផ្សាយកាលពីថ្ងៃទី៣ ខែមិថុនា ថា លោកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្តើមការវាយលុក៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: