ជនជាតិអូស្ត្រាលីពីរនាក់ដែលប្រឈមមុខប្រហារជីវិតនៅវៀតណាម ទទួលការលើកលែងទោស
- ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ១១:២៩ នាទី ព្រឹក

នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនី អាល់បានីស លើកឡើងថា ជនជាតិអូស្ត្រាលីពីរនាក់ដែលត្រូវបានកាត់ទោសប្រហារជីវិតនៅវៀតណាម បានទទួលការលើកលែងទោស ស្របពេលទំនាក់ទំនងការទូតប្រទេសទាំងពីរបានប្រសើរឡើងបន្ថែមទៀត។

ក្រោយបានធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់វៀតណាម នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អាន់តូនី អាល់បានីស ប្រាប់ទូរទស្សន៍ ABC ពីការស្នើសុំការលើកលែងទោសប្រហារជីវិតដល់ជនជាតិអូស្ត្រាលីទៅរដ្ឋាភិបាលវៀតណាម។
«អូស្ត្រាលីមានជំហររឹងមាំប្រឆាំងនឹងការកាត់ទោសប្រហារជីវិត ហើយយើងធ្វើតំណាងក្នុងនាមពលរដ្ឋអូស្ត្រាលី។ យើងរីករាយណាស់ដែលវៀតណាមបានយល់ព្រមតាមសំណើនេះ។ យើងសូមអរគុណពួកគេសម្រាប់ការសម្រេចចិត្តមួយនេះ»។ លោក អាល់បានីស បានសង្កត់ធ្ងន់បែបនេះ ហើយបញ្ជាក់ថា លោកមិនអាចបញ្ចេញឈ្មោះនៃបុគ្គលដែលទាំងពីរនោះទេ ខណៈដែលក្រុមគ្រួសារបានស្នើសុំរក្សាឯកជនភាព។
ក្រុមគ្រួសារបុគ្គលទាំងពីរនោះក៏បានថ្លែងអំណរគុណចំពោះមន្ត្រីក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្មអូស្ត្រាលីដែលបានធ្វើការក្នុងរយៈពេលមួយនេះ។
អូស្ត្រាលីក៏បានធ្វើតំណាងស្នើសុំការលើកលែងទោសឱ្យឈ្មោះ Chau Van Kham វ័យ៧៣ឆ្នាំ ជាបុរសជនជាតិវៀតណាម-អូស្ត្រាលីដែលត្រូវបានកាត់ទោសក្នុងឆ្នាំ២០១៩ ឱ្យជាប់គុក១២ឆ្នាំដោយ តុលាការវៀតណាមពីបទភេរវកម្ម។ យ៉ាងណាមិញ លោក អាល់បានីស បញ្ជាក់ថា នេះជាករណីផ្សេងគ្នា ប៉ុន្តែអូស្ដ្រាលីនឹងបន្តធ្វើការលើបញ្ហាទាំងនេះ ហើយសង្ឃឹមសម្រាប់លទ្ធផលវិជ្ជមាន។
លោក អាល់បានីស បានធ្វើដំណើរទៅកាន់វៀតណាមកាលពីចុងសប្តាហ៍មុន ហើយបានជួបនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ។ លោកនិយាយថា ដំណើរទស្សនកិច្ចនេះបានផ្តល់កម្លាំងរុញច្រានសម្រាប់លទ្ធផលល្អដូចខាងលើ។
ប្រទេសទាំងពីរក៏បានយល់ព្រមក្នុងការបង្កើនទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ ថាមពល និងការអប់រំ។ ក្នុងដំណើរនោះ មេដឹកនាំះអូស្ដ្រាលីក៏បានប្រកាសថវិកាចំនួន១០៥លានដុល្លារដើម្បីជួយវៀតណាមក្នុងការទទួលយកថាមពលស្អាតផងដែរ៕
អ្នកសរសេរអត្ថបទ
ជា ពេជ្រដាឡែន គឺជាអ្នកសារព័ត៌មានក្រៅម៉ោងនៃសារព័ត៌មានថ្មីៗ។ បច្ចុប្បន្ន ដាឡែន ជានិស្សិតឆ្នាំទីបី ផ្នែកសិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ ដាឡែន តាមដានព័ត៌មានទាក់ទង កិច្ចការអន្តរជាតិ ព្រមទាំងបញ្ហានយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ CHEA Pichdalen is a part-time international news reporter at Thmey Thmey. Currently, she is also a junior student majoring in International Studies at Institute of Foreign Languages at Royal University of Phnom Penh. She covers current international affairs as well as ongoing political issues in the Southeast Asia region.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ