Kairi កីឡាករឆ្នើម E-sports៖ ឪពុកម្តាយគួរផ្តល់ឱកាសឱ្យកូនចូលរួម E-sports ប៉ុន្តែកូនក៏មិនត្រូវភ្លេចសិក្សា
- ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ៤:២២ នាទី រសៀល

Kairi កីឡាករកីឡាអេឡិចត្រូនិកហ្វីលីពីន ដែលកំពុងលេងក្រុម ONIC របស់ឥណ្ឌូណេស៊ី ជំរុញឱ្យឪពុកម្តាយផ្តល់ឱកាសឱ្យកូនៗចូលរួមកីឡា E-sports បើសិនពួកគេចង់។ យ៉ាងណាសមាជិកដ៏សំខាន់របស់ក្រុម ONIC ណែនាំក្មេងៗកុំភ្លេចការសិក្សា និងកាតព្វកិច្ចរបស់ខ្លួនដោយសារតែ E-sports នេះដែរ។

Kairi កំពុងចួលរួមប្រកួតឱ្យក្រុម ONIC របស់ឥណ្ឌូណេស៊ី ក្នុងព្រឹត្តិការណ៍ MSC2023 ឆ្នាំ២០២៣ នៅកម្ពុជា។ ប្រឡូកក្នុងវិស័យកីឡាអេឡិចត្រូនិកតាំងពីអាយុ១៥ឆ្នាំ kairi មិនត្រូវបានឪពុកម្តាយគាំទ្រឡើយ ដ្បិតរូបគេត្រូវបោះបង់ការសិក្សាដើម្បីមានពេលហ្វឹកហាត់គ្រប់គ្រាន់។ កីឡាករវ័យ១៧ឆ្នាំរូបនេះរម្លឹកថា រូបគេព្យាយាមធ្វើឱ្យឪពុកម្តាយឃើញថា អ្វីដែលខ្លួនគិតនិងធ្វើគឺត្រឹមត្រូវ មិនប៉ះពាល់អនាគត។ មកទល់ពេលនេះឪពុកម្តាយ Kairi គាំទ្រយ៉ាងរូបគេពេញទំហឹង។
Kairi បានលើកឡើងថា៖«តាមពិតខ្ញុំមិនណែនាំឱ្យលេង Mobile Legends ទេ ប៉ុន្តែ ប្រសិនបើកូនស្រលាញ់ហើយ ក្នុងនាមជាឪពុកម្តាយ គួរតែផ្តល់ឱកាសឱ្យកូនៗសាកល្បង។ ចំណែកកូនៗ សូមកុំភ្លេចពីទំនួលខុសត្រូវ ការសិក្សា និងកាតព្វកិច្ចនៅផ្ទះ»។
កីឡាករវ័យក្មេងរូបនេះ បានរៀបចំគម្រោងសម្រាប់ថ្ងៃអនាគតរួចជាស្រេច បន្ទាប់ពីរូបគេមានវត្តមានក្នុងកីឡាអេឡិចត្រូនិក។ Kairi មានក្តីស្រមៃចង់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗជាច្រើនទៀត។
ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ MSC2023 ឆ្នាំ២០២៣ រៀបចំនៅកម្ពុជាលើកដំបូង ចាប់ពីថ្ងៃទី១០ ខែមិថុនា ដល់ថ្ងៃទី១៧ ខែមិថុនា។ MSC2023 មាន១២ក្រុមចូលរួម ក្នុងនោះក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ទទួលបានប្រាក់រង្វាន់១៤ម៉ឺនដុល្លារ លេខពីរ ៦ម៉ឺនដុល្លារ លេខបី ៣ម៉ឺនដុល្លារ និងលេខបួន ១៥០០០ដុល្លារ។ ដោយឡែកក្រុមលេខ៥ដល់៨ បានប្រាក់លើកទឹកចិត្ត៩០០០ដុល្លារ និងពីលេខ៩ដល់លេខ១២ ទទួលបាន៤០០០ដុល្លារ៕


© រក្សាសិទ្ធិដោយ thmeythmey.com
Tag: