កីឡាករប៉ារ៉ា គង់ សិលា៖ យុវជនគួរចាប់យកអ្វីដែលខ្លួនចង់ និងប្រឹងប្រែងធ្វើឱ្យបាន
  • ថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
កីឡាករប៉ារ៉ា គង់ សិលា៖ យុវជនគួរចាប់យកអ្វីដែលខ្លួនចង់ និងប្រឹងប្រែងធ្វើឱ្យបាន
កីឡាករប៉ារ៉ាលើកទម្ងន់កម្ពុជា គង់ សិលា ឡើងទទួលបានមេដាយមាស កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

«ខ្ញុំឆ្លងកាត់ភាពមើលងាយ ការប្រមាថ ប៉ុន្តែខ្ញុំនៅតែជឿជាក់លើខ្លួនឯងថាធ្វើបាន»។ នេះជាការអះអាងរបស់កីឡាករប៉ារ៉ាលើកទម្ងន់កម្ពុជា គង់ សិលា ក្នុងបទសម្ភាសផ្ទាល់ដល់អ្នកសារព័ត៌មាន បន្ទាប់ពីខ្លួនសម្រេចបានមេដាយមាស២ លើវិញ្ញាសាប្រភេទទម្ងន់ ១០៧គីឡូក្រាម ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
TTN-Free-Banner-In-Article-PC
 
ពីអតីតអ្នករត់កង់បី(តុតុ) ដែលធ្លាប់តែគេមើលងាយ ប្រមាថគ្រប់សព្វ កីឡាករ គង់ សិលា ជម្នះរាល់ឧបសគ្គ តស៊ូហ្វឹកហាត់រហូតប្រកួតដណ្តើមបានមេដាយមាសជូនជាតិកម្ពុជា។ ថ្លែងក្នុងបទសម្ភាសផ្ទាល់លោក សិលា ថាកត្តាដែលនាំឱ្យខ្លួនសម្រេចបានមកដល់ថ្ងៃនេះព្រោះមានម្តាយជរាឈឺសម្រាកនៅផ្ទះ។
 

កីឡាករប៉ារ៉ាលើកទម្ងន់កម្ពុជា គង់ សិលា ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
 
លោក គង់ សិលា និយាយថា៖«កត្តាដែលសំខាន់បំផុតគឺម្តាយរបស់ខ្ញុំ ដែលគាត់ឈឺដេកនៅនឹងកន្ទេល។ ខ្ញុំក៏សម្រេចថានឹងធ្វើអ្វីមួយឱ្យគាត់សប្បាយចិត្ត»។ សិលា បន្ថែមទៀតថាបើស្រលាញ់អ្វីមួយហើយត្រូវតែដាក់ចិត្តធ្វើ និងព្យាយាមឱ្យអស់ពីកម្លាំងកាយចិត្ត។ ម្ចាស់មេដាយមាសប៉ារ៉ាលើកទម្ងន់កម្ពុជា ដំបូងគេក៏បានផ្តាំទៅដល់យុវជនជំនាន់ក្រោយបើស្រលាញ់អ្វីមួយហើយត្រូវធ្វើឱ្យបាន។
 
កីឡាករ គង់ ​សិលា ផ្តែផ្តាំថា៖«យុវជនគួរតែគិតថាយកអ្វីមួយដែលខ្លួនចង់បាន នឹងសម្រេចវាឱ្យបាននៅថ្ងៃណាមួយ»។ យ៉ាងណាចំពោះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១៣ ឆ្នាំ២០២៥ នៅប្រទេសថៃ សិលា ប្តេជ្ញាបន្តថានឹងរក្សាដំណែងមេដាយមាសឱ្យបាន៕
 

អ្នកសរសេរអត្ថបទ
Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហៀក ឆក