លោក Rodgers វិលទៅដឹកនាំក្រុម Celtic ដោយចុះកិច្ចសន្យា ៣រដូវកាល
- ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ៨:២៩ នាទី ព្រឹក

ក្រុម Celtic បានតែងតាំងលោក Brendan Rodgers ជាអ្នកចាត់ការទូទៅជាថ្មី ដោយចុះកិច្ចសន្យារយៈពេល ៣ឆ្នាំ។ នេះបើតាមការប្រកាសរបស់ក្លិបស្ថិតនៅក្នុងលីគកំពូលស្កុតឡែន Scottish Premiership នាថ្ងៃទី១៩ ខែមិថុនា។

លោក Rodgers ដែលត្រូវបានក្លិប Leicester City បញ្ចប់តំណែងអ្នកាត់ការកាលពីរដូវកាលមុន ធ្លាប់បានដឹកនាំក្រុម Celtic នេះម្តងរួចមកហើយពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩។ អ្នកចាត់ការសញ្ជាតិអៀរឡង់រូបនេះ បានជួយក្រុមខ្លាំងរបស់ស្កុតឡែនលើពានរង្វាន់ Scottish Premiership, Scottish Cup និង Scottish League Cup។
វិលទៅកាន់ទ្រនំចាស់សារជាថ្មី លោក Rodgers ប្រាប់ទៅកាន់គេហទំព័ររបស់ក្លិប Celtic ដូច្នេះថា៖«ខ្ញុំពិតជារំភើបដែលអាចវិលត្រលប់ទៅកាន់ក្លិប Celtic ហើយខ្ញុំពិតជារីករាយខ្លាំងដែលទទួលបាននូវឱកាសមួយនេះ។ យើងថែមទាំងធ្លាប់មានពេលវេលារីករាយនៅ Celtic ព្រមទាំងលើកនេះក៏ជាគោលដៅថ្មីម្តងទៀត ដើម្បីនាំបាល់ទាត់ដ៏អស្ចារ្យមកទីនេះ និងដើម្បីភាពជោគជ័យ។»។
អំឡុងការដឹកនាំនៅទឹកដីអង់គ្លេសចុងក្រោយបង្អោះលោក Rodgers បានជួយក្រុម Leicester City ឈ្នះពានរង្វាន់ FA Cup ក្នុងរដូវកាល ២០២០-២១ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។
បន្ទាប់ពីជួយ Leicester City ជាប់ចំណាត់ថ្នាក់លេខ ៥ នៅក្របខណ្ឌ Premier League ២រដូវកាលជាប់គ្នា រដូវកាលចុងក្រោយក្រុមរហ័សនាមកញ្រ្ចោង ជួបបញ្ហាទម្រង់លេងយ៉ាងខ្លាំង ដោយក្រុមស្ថិតនៅតំបន់បាតតារាងមុនពេលបណ្តេញលោក Rodgers កាលពីខែមេសា។
តែយ៉ាងណា Leicester City នៅតែមិនអាចបន្តដំណើរលេងនៅក្នុង Premier League បានដោយពួកគេបញ្ចប់ចំណាត់ថ្នាក់លេខ ១៨ ហើយធ្លាក់ទៅលេងនៅក្របខណ្ឌ Championship រដូវកាលក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: