កីឡាអេឡិចត្រូនិកអូឡាំពិក Olympic Esports Week រៀបចំលើកដំបូងនៅសិង្ហបុរី
- ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ៤:៤០ នាទី រសៀល

សិង្ហបុរី ទទួលសិទ្ធរៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអូឡាំពិក Olympic Esports Week ជាលើកដំបូង នាថ្ងៃទី២២ ខែមិថុនា។ នេះជាការប្រកួតកីឡាអេឡិចត្រូនិកដ៏ធំដំបូងគេបង្អស់មិនធ្លាប់មានពីមុនមក ដែលស្ថិតក្រោមឈ្មោះរបស់អូឡាំពិក។

ព្រឹត្តិការណ៍ កីឡាអេឡិចត្រូនិកអូឡាំពិក រៀបចំឡើងក្រោមការសហការរវាងក្រសួងវប្បធម៌ សមាគម និងយុវជនសិង្ហបុរី ព្រមទាំងស្ថាប័នគណៈកម្មាធិកាអូឡាំពិកអន្តរជាតិ (IOC)។ Olympic Esports Week ចាប់ផ្តើមប្រកួតពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមិថុនា ដោយសមស្របទៅតាមបច្ចេកវិទ្យា និងការផ្សព្វផ្សាយពីកីឡាអេឡិចត្រូនិក។

ការប្រកួត Olympic Esports Week មានបញ្ជូលកីឡាជា ២ប្រភេទដូចជា កីឡានិមិ្មត្ត (Virtual Sports) និងកីឡាអេឡិចត្រូនិក (Esports)។ ប្រភេទវិញ្ញាសាកីឡាសម្រាប់ការប្រកួតមានចំនួន ៩ ដូចជា ៖ កីឡាបាញ់ព្រួញ, កីឡាបាល់បោះ, កីឡាអុក, កីឡាជិះកង់, កីឡារាំ, កីឡាទូកក្តោង, កីឡាវាយកូនតិន្នីស, កីឡាតេខ្វាន់ដូ, កីឡាប្រណាំងយានយន្ត។
ការប្រកួតកីឡាអេឡិចត្រូនិកអូឡាំពិកនេះ មានកីឡាករចូលរួមប្រកួតប្រមាណជាង ១១០នាក់មកពីជុំវិញពិភពលោក ក្នុងនោះរួមមានកីឡាករសញ្ជាតិសិង្ហបុរីចំនួន ១៧នាក់។ កីឡាករមកពីជុំវិញពិភពលោកជាង ១១០នាក់នោះសុទ្ធសឹងតែជាកីឡាករពូកែៗ ឆ្លងកាត់ការប្រកួតជម្រុះជាបន្តបន្ទាប់ជាមួយនឹងមនុស្សប្រមាណជាង ៥សែននាក់លើពិភពលោក។

បើតាមសេចក្តីថ្លែងការណ៍របស់ IOC ការប្រកួតកីឡាអេឡិចត្រូនិក ដែលរៀបចំឡើងនាថ្ងៃទី២២ ខែមិថុនា បានធ្វើកម្មវិធីបើកជាផ្លូវការ ដោយប្រើប្រាស់បច្ចេកវិទ្យាច្នៃប្រឌិត ដើម្បីអបអរសាទរកន្លែងដែលជាពិភពរូបវន្ត និងពិភពនិម្មិតជួបគ្នា។ IOC ក៏បានបង្ហាញក្តីរំពឹងទៀតថា ព្រឹត្តិការណ៍ Esports ក៏នឹងធ្វើឱ្យមានការចូលរួមយ៉ាងស៊ីជម្រៅជាមួយនឹងអ្នកលេងហ្គេម ឱ្យមានការប្រកួតប្រជែងសម្រាប់ពួកគេផងដែរ។
កម្មវិធីបើកនៃការប្រកួតសប្តាហ៍កីឡាអេឡិចត្រូនិកអូឡាំពិកទៀតសោត ប្រធាន IOC លោក Thomas Bach បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍មួយទៅដល់ក្រុមកីឡាករ តាមរយៈការបញ្ជាំងជាមួយបច្ចេកវិទ្យារូបភាពហូឡូក្រាម ( Hologram)។

លោក Bach បាននិយាយដូច្នេះថា៖ «ថ្ងៃបន្ទាប់នឹងក្លាយជាពេលវេលាជាប្រវត្តិសាស្ត្រ គឺការអបអរចំពោះការប្រកួតកីឡាដ៏ល្អបំផុតនៃកីឡានិមិ្មត (Virtual Sport) និងកីឡាអេឡិចត្រូនិក ហើយជាពេលវេលាសម្រាប់កីឡាករក្នុងការបង្ហាញអំពីសមត្ថភាពរបស់ពួកគេ និងចំណង់ចំណូលចិត្តចំពោះកីឡាពួកគេ។ ទៅកាន់កីឡាករទាំងអស់ នេះជាពេលវេលាសម្រាប់អ្នកក្នុងការរះឡើង ត្រូវតែប្រកួតប្រជែងជាមួយកម្លាំងនៃសមត្ថភាព ការគោរព និងការលេងដោយយុត្តិធម៍ ព្រោះថាជើងឯកពិតប្រាកដគឺលើសពីការឈ្នះទៅទៀត។»។
លើសពីនេះលោក Bach ក៏បានអរគុណចំពោះស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសសិង្ហបុរីសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអូឡាំពិក Olympic Esports Week នេះជាលើកដំបូងផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com
Tag: