Man United យល់ព្រមលើកិច្ចព្រមព្រៀងនាំយក Mount ពីក្រុមតោខៀវ
- ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ២:២៩ នាទី រសៀល

ក្លិប Manchester United បានយល់ព្រមលើកិច្ចព្រមព្រៀងនាំយកខ្សែបម្រើសញ្ជាតិអង់គ្លេស Mason Mount ពីក្លិប Chelsea សម្រាប់តម្លៃដំបូងប្រមាណ ៥៥លានផោន (៦៩លានដុល្លារ)។ នេះបើតាមរបាយការណ៍ដែលបានចុះផ្សាយជាច្រើននៅតាមប្រព័ន្ធផ្សព្វផ្សាយកីឡាល្បីៗរបស់អង់គ្លេស។

តាមរយៈរបាយការណ៍ដដែលនោះ Man United នឹងត្រូវបង់ប្រាក់បន្ថែមប្រមាណ ៥លានផោន (៦,៣លានដុល្លារ) បន្ថែមដោយផ្អែកថាតើ Mason Mount បង្ហាញខ្លួនប្រកួតនឹងជោគជ័យនៅទឹកដី Old Trafford។

Mason កីឡាករមានវ័យត្រឹម ២៤ឆ្នាំ ដែលត្រូវផុតកិច្ចសន្យាជាមួយនឹងក្រុមតោខៀវនៅចុងបញ្ចប់រដូវកាលក្រោយ ទំនងចុះកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំ ជាមួយនឹងក្លិបបិសាចក្រហម ជាមួយនឹងជម្រើសបន្ត ១ឆ្នាំថែមទៀត។ បើការដោះដូរបានសម្រេច នោះ Mount នឹងក្លាយជាកម្លាំងថ្មីបន្ថែមមួយទៀតសម្រាប់តំបន់ខ្សែបម្រើស្ថិតនៅក្នុងក្រុមដឹកនាំដោយលោក Erik Ten Hag។
សម្រាប់ការលេងឱ្យក្រុម Chelsea កីឡាករសញ្ជាតិអង់គ្លេសក៏ជាកម្លាំងដ៏សំខាន់មួយក្នុងក្រុម Chelsea ដោយគេបានលេងឱ្យក្រុមស្ថិតក្នុងទីក្រុងឡុងដ៍បានចំនួន ១២៩ប្រកួត ក្នុងនោះរកបានគ្រាប់បាល់ចំនួន ២៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ២២គ្រាប់។ Mount ក៏ជាកីឡាករមួយរូបជួយឱ្យ Chelsea ឈ្នះជើងឯក Champions league រដូវកាល ២០២០-២១។
យ៉ាងណាកីឡាករវ័យ ២៤ឆ្នាំ រូបនេះ រដូវកាលមុនធ្វើមិនសូវបានល្អប៉ុន្មានឡើយ ដោយរូបគេរកបានគ្រាប់បាល់សម្រាប់ក្រុមបានត្រឹមតែ ៣គ្រាប់ប៉ុណ្ណោះស្ទើរតែពេញមួយរដូវកាល និងជួនកាលគេមិនបានទាំងបង្ហាញខ្លួនលេងឱ្យ Chelsea ថែមទៀតដោយព្រោះតែបញ្ហារបួស។
មកដល់ពេលនេះ Chelsea បានបញ្ចេញកីឡាករសំខាន់ៗចំនួន ៤រូបហើយ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Mauricio Pochettino ដោយរួមមានកីឡាករចាំទី Eduard Mendy, ខ្សែការពារ Kalidou Koulibaly, ខ្សែបម្រើ Mateo Kovacic និង N’Golo Kante។
សម្រាប់ Man United ដែលបានបញ្ចប់ចំណាត់ថ្នាក់លេខ ៣ ក្នុងតារាង Premier League រដូវកាលមុន ហើយដែលឈ្នះពានរង្វាន់ League ក្នុងរដ្ឋកាលដំបូងនៃការដឹកនាំរបស់លោក Ten Hag ប៉ុន្តែក្រុមបិសាចក្រហមហាក់បីមានបញ្ហានៅក្នុងការស្វែងរកគ្រាប់បាល់ឱ្យបានខ្លាំងក្នុងការប្រកួត។ កង្វះខាតផ្នែកតំបន់ប្រយុទ្ធជួរមុខ ក្រុមដឹកនាំដោយលោក Ten Hag ត្រូវបានគេដឹងថាកំពុងតែព្យាយាមទាក់ទាញយកកីឡាករខ្សែប្រយុទ្ធដូចជា Harry Kane របស់ Spurs, Goncalo Ramos របស់ Benfica និង Victor Osimhen របស់ Napoli៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: