នាឡិកាបុរាណអាយុជាង២៦០ឆ្នាំ និងជាវត្ថុចាស់ជាងគេក្នុងសារមន្ទីរវិមានសុខា
- ថ្ងៃអាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០២៣ ម៉ោង ៨:៥៩ នាទី យប់

សៀមរាប៖ សារមន្ទីរវិមានសុខា ក្រុងសៀមរាប មានវត្ថុបុរាណជាច្រើន ទាំងយានជំនិះ និងវត្ថុប្រើប្រាស់ផ្សេងៗ។ ក្នុងចំណោមវត្ថុបុរាណ និងចាស់ៗទាំងអស់ក្នុងសារមន្ទីរ មាននាឡិកាព្យួរជញ្ជាំងមួយគ្រឿង ដែលចំណាស់ជាងគេ គឺអាយុកាលជាង២៦០ឆ្នាំ។ វាគឺជានាឡិកាបុរាណ ដែលត្រូវបានក្រុមហ៊ុន Thwaites and Reed Ltd. ផលិតនៅឆ្នាំ១៩៧៣ តាមគំរូទាំងស្រុងនាឡិកាដែល លោក FRANKLIN Benjamin បានធ្វើឆ្នាំ១៧៥៧។ ក្រុមហ៊ុនដែលបង្កើតឡើងនាឆ្នាំ១៧៤០ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសនេះ បានផលិតនាឡិកា ១ ០០០គ្រឿងគត់។ លោក លី ប៉េងហេង ដែលជាស្ថាបនិកសារមន្ទីរ វិមានសុខា បានធ្វើដំណើរទៅសហរដ្ឋអាម៉េរិក ឆ្នាំ១៩៩៨ ដើម្បីទិញនាឡិកាលេខ៥៤២ លើ១០០០ នេះ។

ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាកិច្ចសម្ភាសខាងក្រោមនេះ ដែលរៀបចំដោយ នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ៖
លោក Benjamin ជាអ្នកវិទ្យាសាស្ត្រ និងអ្នកនយោបាយអាម៉េរិកាំង។ លោកកើតឆ្នាំ១៧០៥ កាលពីសហរដ្ឋអាម៉េរិក ជាអាណានិគមរបស់អង់គ្លេសនៅឡើយ ហើយបានស្លាប់ឆ្នាំ១៧៩០។ ក្នុងឆ្នាំ១៧៥៧ លោក FRANKLIN បានធ្វើនាឡិកាមួយគ្រឿងដោយខ្លួនឯង ដែលបានធ្វើឱ្យអ្នកវិទ្យាសាស្ត្របស្ចិមប្រទេសភ្ញាក់ផ្អើល។ វាសាមញ្ញជាងនាឡិកាដទៃទៀតនាសម័យនោះ តែវាទាក់ទាញជាងដែរ។

វាមានកង់តែ៣ និងពីញ៉ុង២ប៉ុណ្ណោះ។ សតវត្សនោះ មានអគ្គិសនីតែក្នុងរន្ទះទេ។ នាឡិកានេះមិនដើរដោយភ្លើង អាគុយ ថ្ម ថ្មពិល ឬរឺស័រទេ។ គឺវាដើរដោយកម្លាំងរុញប៉ង់ឌុល ដែលធ្វើឱ្យច្រវាក់មានដុំដែកជាប់ទាំង២ចុងបង្វិលកង់ដើម។ ហេតុនេះត្រូវរុញប៉ង់ឌុលនោះញឹកញាប់។

មានម្ជុល២ ស្ថិតនៅកន្លែងផ្សេងពីគ្នា។ មួយបង្ហាញម៉ោង និងនាទី ហើយមួយទៀតបង្ហាញវិនាទី។ ម្ជុលម៉ោងបង្វិល១ជុំ ៤ម៉ោង។ មានលេខរ៉ូម៉ាំងជាន់គ្នា ៣ជាន់។ ៣ គុណនឹង ៤ជុំ ស្មើនឹង ១២ម៉ោង : I II III IV V VI VII VIII IX X XI XII ។ ម្ជុលវិនាទីបង្វិល១ជុំ ១នាទី។ នាឡិកាពីដើមនោះមានកម្ពស់ ៤០សង់ទីម៉ែត្រ ទទឹង ១៨សង់ទីម៉ែត្រ និងកម្រាស់ ១៣សង់ទីម៉ែត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: