សំណង់១០២៣គម្រោងត្រូវបានអនុម័តក្រោមទុនជិត១៣០០លានដុល្លារ នៅត្រីមាសទី១
- ថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ ម៉ោង ៩:៣៩ នាទី យប់

រូបសំណង៖ ការដ្ឋានសំណង់មួយកន្លែងនៅរាជធានីភ្នំពេញ។ រូថត៖ ផាត ហ៊ាប
ការដ្ឋានសំណង់ចំនួន១០២៣គម្រោងនៅទូទាំងប្រទេស ត្រូវបានអនុម័តឱ្យសាងសង់ក្រោមទុនវិនិយោគសរុប ១ ២៨៤,៥លានដុល្លារអាម៉េរិក។ បើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួនសំណង់ទាំងនេះ គឺស្ថិតនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ មានការកើនឡើងដល់២២គម្រោង។

ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់អគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងចំណោមសំណង់ដែលកំពុងសាងសង់ទាំង១០២៣គម្រោងនេះ គឺមាន៨៩៦គម្រោង ជាប្រភេទសំណង់លំនៅឋាននិងភូមិគ្រឹះ ខណៈសំណង់ពាណិជ្ជកម្មមាន៦១គម្រោង។ សំណង់ឧស្សាហកម្មមាន៤០គម្រោង, សំណង់សាធារណៈមាន១៥គម្រោង និងសំណង់ទេសចរណ៍មាន១១គម្រោង។

ការសាងសង់សំណង់ទាំងនេះនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ សុទ្ធតែមានកំណើនចន្លោះពី៣៦,៤ភាគរយ ដល់ ៧៤,៣ភាគរយ ផ្ទុយពីសំណង់លំនៅឋាននិងភូមិគ្រឹះ បែរជាធ្លាក់ក្នុងអត្រា២,៧ភាគរយទៅវិញ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២។ ដ្បិត ការសាងសង់នៅតាមផ្នែកនីមួយៗ មានកំណើនគួរឱ្យកត់សម្គាល់ក៏ពិតមែន ប៉ុន្តែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្យាករថា អនុវិស័យសំណង់នេះ អាចសម្រេចបានអត្រាកំណើនទាបត្រឹម០,៦ភាគរយប៉ុណ្ណោះប្រចាំឆ្នាំ២០២៣ និង២,៤ភាគរយ ក្នុងឆ្នាំ២០២៤។
បើតាមក្រសួងសេដ្ឋកិច្ច កំណើនទាបនៃវិស័យនេះ ដោយសារការងើបឡើងយឺតនៃលំហូរវិនិយោគទុនពីបរទេស ជាពិសេសសម្រាប់សំណង់ថ្លៃខ្ពស់ រួមមាន ខុនដូ និងសំណង់បម្រើឱ្យវិស័យពាណិជ្ជកម្ម ទេសចរណ៍ ខណៈការវិនិយោគក្នុងស្រុកនឹងនៅបន្តមានកំណើន ជាពិសេសសម្រាប់លំនៅឋានមានតម្លៃទាប ដោយអត្រានៃការរៀបចំគ្រួសារ និងតម្រូវការលំនៅឋាន នៅតែកើនឡើង។ ជាពិសេស សកម្មភាពសំណង់បម្រើឱ្យវិស័យឧស្សាហកម្ម និងសេវាកម្ម មួយចំនួន ដូចជា៖ រោងចក្រផលិតកម្ម និងអគារផ្សារទំនើប ជាដើម នឹងក្លាយជានិន្នាការថ្មីក្នុងបរិបទក្រោយវិបត្តិកូវីដ-១៩ ដែលនឹងចូលរួមទ្រទ្រង់ការអភិវឌ្ឍអនុវិស័យសំណង់នេះ ផងដែរ។
ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចនិងគោលនយោបាយហិរញ្ញវត្ថុសាធារណៈឆ្នំា២០២៤ របស់ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា៖ «រដ្ឋាភិបាលនឹងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់លើការវិវត្តនៃអនុវិស័យនេះ ដើម្បីដាក់ចេញគោលនយោបាយអន្តរាគមន៍ឱ្យបានទាន់ពេល សំដៅបញ្ចៀសហានិភ័យ ដែលអាចកើតមានជាយថាហេតុ ដោយទំនាក់ទំនងខ្លាំងរវាងអនុវិស័យនេះ ជាមួយវិស័យហិរញ្ញវត្ថុ»។
កន្លងមក អ្នកជំនាញសេដ្ឋកិច្ចពីរាជបណ្ឌិត្យសភាកម្ពុជា លោក គី សិរីវឌ្ឍន៍ បានព្រមានហានិភ័យអាចកើតឡើងក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ដែលបណ្តាលមកពីការផ្គត់ផ្គង់លើពីតម្រូវការ។
ក្នុងកិច្ចពិភាក្សាតុមូលស្តីពីស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៣ខែមិថុនា លោក គី សិរីវឌ្ឍន៍ បានលើកឡើងពីកត្តាសំខាន់ៗមួយចំនួនដែល នាំឱ្យការផ្គត់ផ្គង់អចលនទ្រព្យនៅកម្ពុជាខ្ពស់ជាងតម្រូវការ។ ក្នុងនោះមាន៖ ទី១ បញ្ហាមកពីផលចំណេញខ្ពស់ធ្វើឱ្យមនុស្សនាំគ្នាសម្រុកវិនិយោគលើវិស័យនេះ, ទី២ ទីផ្សារអចលនទ្រព្យនាមុនអំឡុងកូវីដ-១៩ មានហាងឆេង ដែលជាទូទៅគេនិយមទិញផ្ទះដើម្បីលក់បន្ត។ ទី៣ ការទិញផ្ទះដែលមានហានិភ័យ គឺលោកចង់សំដៅលើការយកលុយធនាគារទៅទិញ និងចុងក្រោយ គឺការទិញផ្ទះដោយប្រាក់កម្ចីក្នុងរយៈពេលវែង ឬបង់រំលោះ។
បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ ប្រសិនបើវិស័យនេះ នៅតែមានការសាងសង់និងជំរុញការផលិតបន្តទៅទៀតនោះ វានឹងធ្វើឱ្យមានការជាប់គាំង និងមានវិបត្តិ ពីព្រោះការអភិវឌ្ឍនៅតំបន់វាលស្រែ តំបន់ដាច់ស្រយាលឱ្យក្លាយជាទីក្រុង ឬក្លាយជាតំបន់អភិវឌ្ឍនោះ គឺវាមិនមែនជាការងាយស្រួល ហើយក៏មិនអាចធ្វើឱ្យទីតាំងក្នុងតំបន់នោះលូតលាស់លឿន ដូចនូវអ្វីដែលក្រុមហ៊ុនអចលនទ្រព្យបានបង្ហាញនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: