លោក គង់ វិបុល រំពឹងការប្រមូលចំណូលពន្ធដារនឹងលើសផែនការ ៥ភាគរយ ក្នុងឆ្នាំនេះ
- ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ ម៉ោង ៩:៥៩ នាទី ព្រឹក

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលចូលជាតិបានចំនួន ៨ ៣៩៣,១៧ពាន់លានរៀល(ប្រមាណ ២ ០៧២,៣៩លានដុល្លារ) នៅក្នុងឆមាសទីមួយ។ ចំណូលដែលសម្រេចបាននេះ គឺស្មើនឹង៥៨,០២ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើយោងសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។

លទ្ធផលនេះបានធ្វើឱ្យលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ការប្រមូលចំណូលពន្ធដារប្រចាំឆ្នាំ២០២៣ នឹងសម្រេចបានក្នុងរង្វង់ ១០៥ភាគរយ។ ដើម្បីសម្រេចបាននូវទំហំនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការគ្រប់គ្រងចំណូលពន្ធ តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យភេសជ្ជៈ ផលិតផលថ្នាំជក់ និងបារី ដោយធានាឱ្យបាននូវនិរន្តភាពចំណូលពន្ធ ដែលជាគុណប្រយោជន៍នៃថវិកាជាតិ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បន្តអនុវត្តវិធានការទារបំណុលពន្ធតាមនីតិវិធីជាធរមាន ចំពោះសហគ្រាសដែលជំពាក់បំណុលពន្ធ ហើយមិនបានចូលខ្លួនមកទូទាត់ ឬដោះស្រាយឱ្យបានត្រឹមត្រូវ។ ជាពិសេស គឺយកចិត្តទុកដាក់ចំពោះការស្នើសុំបិទសហគ្រាសជាស្ថាពរ និងពង្រឹងលើកការងារសវនកម្មសម្រាប់សហគ្រាសស្នើសុំបិទ។
លោក គង់ វិបុល បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលើថា អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការគ្រប់គ្រងសហគ្រាសស្នើសុំផ្អាកបណ្ណោះអាសន្ន ឬស្នើសុំបើកដំណើរឡើងវិញ និង/ឬ ព្យួរទុក ឬ បើកដំណើរការវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម រួមទាំងអនុវត្តវិធានផ្សេងៗទៀតឱ្យមានប្រសិទ្ធភាព ក្នុងគោលដៅប្រមូលចំណូលពន្ធដារចូលជាតិ។
សូមរំលឹកថា កាលពីឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានជិត ២ ៧៨២លានដុល្លារ។ ចំណូលដែលជាតិទទួលបាននេះ គឺលើសផែនការរហូតដល់ ២៤,០២ភាគរយ។ ការសម្រេចបាននូវសមិទ្ធផលនេះ ត្រូវបាន សម្តេច ហ៊ុន សែន លើកឡើងថាជាកំណត់ត្រាប្រវត្តិសាស្ត្រនៃការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: