ការប្រកួតប្រដាល់ណ្តើមខ្សែក្រវាត់ តេជោសន្តិភាព ធ្វើឡើងដើម្បីឱ្យអន្តរជាតិស្គាល់ពីក្បាច់គុនខ្មែរ
  • ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ ​​ ម៉ោង ១២:០៧ នាទី រសៀល
ការប្រកួតប្រដាល់ណ្តើមខ្សែក្រវាត់ តេជោសន្តិភាព ធ្វើឡើងដើម្បីឱ្យអន្តរជាតិស្គាល់ពីក្បាច់គុនខ្មែរ
លោក គឹម ស្រ៊ុនកុសល ស្ថាបនិកកម្មវិធី IPCC

លោក គឹម ស្រ៊ុនកុសល ហៅ Tommy Kim អ្នករៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ តេជោសន្តិភាព អះអាងថាគោលបំណងនៃបង្កើតព្រឹត្តិការណ៍នេះឡើងដើម្បីផ្សព្វផ្សាយគុនខ្មែរឱ្យបរទេសបានស្គាល់ និងយល់ដឹងពីសិល្បៈក្បាច់គុនរបស់ខ្មែរដែលបន្សល់រាប់ពាន់ឆ្នាំ។ ព្រឹត្តិការណ៍នេះមានកីឡាករបរទេស៧រូប នឹងត្រូវប៉ះកីឡាករលំដាប់របស់កម្ពុជា៧រូបផងដែរ។
TTN-Free-Banner-In-Article-PC
 
ព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមកនឹងកើតឡើងនៅថ្ងៃទី១៦ ខែកក្កដា នៅសង្វៀនថោនដោយមានកីឡាករប្រដាល់ជួរមុខរបស់កម្ពុជាជាច្រើនរូបនឹងចូលខ្លួនតតាំងប្រឆាំងកណ្តាប់ដៃ។
 
លោក គឹម ស្រ៊ុនកុសល ក្នុងពិធីសន្និសីទសារព័ត៌មានប្រដាល់គុនខ្មែរ តេជោសន្តិភាពនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពិធីសន្និសីទសារព័ត៌មានប្រកាសបើកជាផ្លូវការនូវកម្មវិធីប្រដាល់គុនខ្មែរ តេជោសន្តិភាព គុនខ្មែរវើលឆេមពាន លោក Tommy Kim ដែលជាអ្នករៀបចំកម្មវិធនេះបញ្ជាក់អំពីហេតុផលដែលសម្រេច និងលះបង់ក្នុងការបង្កើតកម្មវិធីប្រដាល់នេះឡើងគឺមានគោលបំណងជួយលើកស្ទួយវិស័យគុនខ្មែរ ហើយក៏ចង់ឃើញពីសមត្ថភាពកីឡាកររបស់កម្ពុជាផងដែរ។
 
លោក គឹម ស្រ៊ុនកុសល ក្នុងពិធីសន្និសីទសារព័ត៌មានប្រដាល់គុនខ្មែរ តេជោសន្តិភាព

លោក គឹម ស្រ៊ុនកុសល និយាយថា៖«គោលបំណងសំខាន់ដែលយើងបង្កើតកម្មវិធីនេះឡើងគឺដើម្បីលើកស្ទួយដល់ក្បាច់គុនបុរាណខ្មែរឱ្យកាន់តែមានភាពល្បីល្បាញ ជាពិសេសអ្នកទស្សនាទាំងជាតិ និងអន្តរជាតិដែលតែងតែស្រឡាញ់វិស័យកីឡាប្រដាល់គុនខ្មែរទាំងអស់»។ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរលោកកុសល បានសម្រិតសម្រាំងខ្សែក្រវាត់ចំនួន២ដើម្បីដាក់ឱ្យកីឡាករបួនរូបប្រជែងគ្នានៅលើសង្វៀន។
 
«ការប្រកួតដណ្តើមខ្សែក្រវាត់ តេជោសន្តិភាពគុនខ្មែរវើលឆេមពាន គឺដើម្បីផ្សព្វផ្សាយគុនខ្មែររបស់យើងទៅលើឆាកអន្តរជាតិ ហើយនេះជាក្តីស្រមៃរបស់ខ្ញុំ និងអ្នកគាំទ្រគុនខ្មែររបស់យើង។ ខ្ញុំសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងនាំគុនខ្មែរយើងកាន់តែល្បីល្បាញលើឆាកអន្តរជាតិ»។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក កុសល ដែលជាស្ថាបនិក IPCC។
 
គួបញ្ជាក់ថា ការប្រកួតដណ្តើមខ្សែក្រវាត់ តេជោសន្តិភាពគុនខ្មែរវើលឆេមពាន នឹងធ្វើនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៧យប់តទៅនាសង្វៀនថោន។ គូដណ្តើមខ្សែក្រវាត់២គូរួមមាន ធឿន ធារ៉ា ជួបALEX BUBLEA មកពីប្រទេស រ៉ូម៉ានី វាយលើប្រភេទទម្ងន់ ៧២គីឡូក្រាម កីឡាករ ព្រុំ សំណាង ជួបជើងខ្លាំងបេឡារុស NIKITA លើប្រភេទទម្ងន់ ៧៧គីឡូក្រាម និងគូមិត្តភាពពិសេស កណ្តាប់ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ ស្វាគមន៍មិត្តចាស់មកពីប្រទេសថៃ CHANGPUAK JESADA លើប្រភេទទម្ងន់ ៦៩គីឡូក្រាម និងមនុស្សយក្សមិនខ្លាចការប្រយុទ្ធ ម៉ានូ សិល្បៈ ជួបអ្នកប្រយុទ្ធឡាវ CHATSAKMAI CHATCHAWAM លើប្រភេទទម្ងន់ ៨៥គីឡូក្រាម។
 
រីឯគូមិត្តភាពបន្តបន្ទាប់រួមមាន យ៉េន ឌីណា ជួបកីឡាកររុស្ស៊ី SOLOVEV SERGEI លើប្រភេទទម្ងន់ ៦៥គីឡូក្រាម ក្របីព្រៃ ពេជ្រ សម្បត្តិ ស្វាគមន៍ PETCHLAMPOON POR.CHAREONPAT មកពីប្រទេសថៃ លើប្រភេទទម្ងន់ ៦០គីឡូក្រាម និងក្លុកដំរីពិឃាដ ផល សោភ័ណ្ឌ ទទួលកីឡាករមកពីព័រទុយហ្គាល់ MIGUEL TRINDADE លើប្រភេទទម្ងន់ ៦៥គីឡូក្រាម៕
 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហៀក ឆក