ហេតុផលដែលនាំឱ្យមានជំងឺរលាកសួត
- ថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣ ម៉ោង ៦:៥៩ នាទី ព្រឹក

ជំងឺរលាកសួតអាចកើតឡើងដោយសារមេរោគច្រើនប្រភេទណាស់ ហើយក្នុងនោះមេរោគដែលញឹកញាប់ជាងគេគឺជាបាក់តេរី និងវីរុសក្នុងខ្យល់អាកាសដែលយើងដកដង្ហើមចូល។ រាងកាយអ្នកច្រើនតែបង្ការមិនឱ្យមេរោគទាំងនេះចូលទៅក្នុងសួតបានឡើយ។ ប៉ុន្តែពេលខ្លះវាអាចយកឈ្នះប្រព័ន្ធភាពស៊ាំយើងដែរទៅបទោះបីជាមានសុខភាពទូទៅល្អហើយក៏ដោយ។

ជំងឺរលាកសួតត្រូវបានចាត់ជាចំណាត់ថ្នាក់ដោយយោងទៅតាមប្រភេទនៃមេរោគដែលបង្កជំងឺនេះ និងទីតាំងដែលអ្នកកើត។
ជំងឺរលាកសួត Community-Acquired Pneumonia
នេះគឺជាជំងឺរលាកសួតដែលកើតមានញឹកញាប់ជាងគេបំផុត។ វាកើតឡើងនៅខាងក្រៅមន្ទីរពេទ្យ ហើយបង្កឡើងដោយ៖
• បាក់តេរី
• មេរោគដែលដូចនឹងបាក់តេរីដូចជា Mycoplasma Pneumoniae
• វីរុស
• មេរោគផ្សិត។
ជំងឺរលាកសួតប្រភេទ Hospital-Acquired Pneumonia
អ្នកខ្លះកើតជំងឺរលាកសួតក្នុងពេលស្នាក់នៅមន្ទីរពេទ្យដោយសារជំងឺអ្វីផ្សេង។ ជំងឺរលាកសួតប្រភេទនេះអាចនឹងធ្ងន់ធ្ងរដោយសារតែបាក់តេរីដែលបង្កជំងឺនេះអាចស៊ាំ ននឹងថ្នាំផ្សះច្រើន។ អ្នកដែលប្រើម៉ាស៊ីនជំនួយដល់ការដកដង្ហើម ជាពិសេសស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ច្រើនតែប្រឈមនឹងជំងឺរលាកសួតប្រភេទនេះខ្ពស់ជាងគេ។
ជំងឺរលាកសួតប្រភេទ Health Care-Acquired Pneumonia
ជំងឺរលាកសួតមួយនេះគឺជាការបង្ករោគដោយបាក់តេរីដែលកើតឡើងលើអ្នកដែលកំពុងរស់នៅក្នុងមណ្ឌលថែទាំសុខភាពរយៈពេលយូរ ឬព្យាបាលក្នុងគ្លីនិកដូចជា មជ្ឈមណ្ឌលលាងឈាមជាដើម។ វាមិនខុសគ្នានឹងប្រភេទ Hospital-Acquired Pneumonia ទេ គឺវាអាចបង្កឡើងដោយបាក់តេរីដែលស៊ាំនឹងថ្នាំផ្សះ។
ជំងឺរលាកសួតប្រភេទ Aspiration Pneumonia
ជំងឺរលាកសួតបែបនេះកើតឡើងនៅពេលអ្នកស្រូបអាហារ ភេសជ្ជៈ កំអួត ឬទឹកមាត់ចូលទៅក្នុង សួត។ ជំងឺបែបនេះទំនងជាកើតឡើងនៅពេលដែលមានការរំខានលើភាពរេផ្លិចធម្មតារបស់យើង ដូចជា ការមានរបួសខួរក្បាល ឬមានបញ្ហានៃការលេបអាហារ ឬញ៉ាំគ្រឿងស្រវឹង ឬថ្នាំច្រើនពេក។
ត្រួតពិនិត្យដោយ៖ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com