អភិបាលក្រុងបាត់ដំបង បានបញ្ជូនជនអនាថា ៨០នាក់ ទៅមណ្ឌលកែប្រែ នា៦ខែនេះ
  • ថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
អភិបាលក្រុងបាត់ដំបង បានបញ្ជូនជនអនាថា ៨០នាក់ ទៅមណ្ឌលកែប្រែ នា៦ខែនេះ
ជនអនាថា អ្នកញៀនថ្នាំ និងជនមានសតិមិនប្រក្រក្រី។ រូបភាព៖ អធិការក្រុងបាត់ដំបង

៦ខែនេះ រដ្ឋបាលក្រុងខេត្តបាត់ដំបង បានប្រមូលជនអនាថា ជនញៀនថ្នាំ និងអ្នកដែលមានសតិមិនប្រក្រតី​​ នៅតាមសួនច្បារ មាត់ស្ទឹងសង្កែ និងទីសាធារណៈ ប្រមាណ ៨០នាក់ ដើម្បីបញ្ជូនទៅព្យបាលនៅមណ្ឌលសុំចតសង្គមកិច្ចខេត្តបាត់ដំបង។ នេះបើតាមលោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។
TTN-Free-Banner-In-Article-PC


លោក លាង វាសនា បានលើកឡើងថា ការប្រមូលជនអនាថាទាំងនោះ ដើម្បីផ្ដល់ទំនុកចិត្តដល់ភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងឱ្យបានល្អប្រសើរ ដោយផ្ដល់សុខសុវត្ថិភាពនៅតាមទីសាធារណៈ សួនច្បារ និងមាត់ស្ទឹង។
 
លោកអភិបាលក្រុងបាត់ដំបង បានអះអាងថា៖ «ក្នុងនាមខ្ញុំជាអាជ្ញាធរក្រុងបាត់ដំបង តែងតែយកពួកគាត់ទៅមណ្ឌលសុំចតសង្គមកិច្ចខេត្ត ដើម្បីអនុត្តន៍និតិវិធីបន្តទៀត ថា តើអ្នកត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យ? អ្នកណាត្រូវយកព្យាបាលនៅកន្លែងៗទៀត?។ ខ្ញុំសូមបញ្ជាក់ថា មិនមែនយកគាត់មកធ្វើបាបទេ គឺយកគាត់មកព្យាបាល»។ 
 
បើតាមលោក លាង វាសនា ការងាររៀបចំសណ្ដាប់ធ្នាប់ក្រុងបាត់ដំបង ដោយប្រមូលយកជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀនទាំងនេះ គឺមានការសហការជាមួយមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង។ លោក វាសនា បានបញ្ជាក់ថា៖ «ខ្ញុំមានតួនាទី ត្រឹមតែប្រមូលពួកគាត់ ហើយបញ្ជូនទៅឱ្យមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង ដើម្បីឱ្យគាត់អនុវត្តបន្ត»។
 
អភិបាលក្រុងរូបនេះ បានបន្ថែមថា យកពួកគេទៅដាក់មណ្ឌលកែប្រែនេះ គឺផ្ដល់អត្ថប្រយោជន៍ច្រើន ចំពោះពលរដ្ឋនៅក្នុងក្រុងបាត់ដំបង់ ឱ្យពួកគេមានទំនុកចិត្តក្នុងការចេញមកដើរលេងតាមសួរច្បារ សាធារណៈ និងតាមមាត់ស្ទឹងជាដើម។ ត្រង់ចំណុចនេះ អភិបាលក្រុង បានរៀបរាប់ថា នៅពេលដែលពួកគេចេញមកខាងក្រៅផ្ទះ ដោយសារចង់លំហែខួរក្បាល ឬមកដើរលេងឱ្យសប្បាយជាមួយគ្រួសារបងប្អូន ។ ប៉ុន្តែបើពួកគេចេញមកគ្មានសុវត្ថិភាព ហើយមានអ្នកទៅរំខាន គឺពួកគេមិនចង់មកទៀតទេ។ 
 
លោក វាសនា បន្តថា ភ្ញៀវទេសចរដែលចេញដើរកម្សាន្តក្នុងក្រុង បានទិញនំចំណី និងរបស់របបផ្សេងៗ ដែលជួយដល់ចរន្តសេដ្ឋកិច្ចអាជីវករលក់ដូរនៅទីនោះ ឱ្យដំណើរការកាន់តែល្អប្រសើរ។ ម្យ៉ាងទៀត វាក៏លែងមាន ជនអនាថាហែកថង់ដាក់សំរាមតាមទីសាធារណៈ មុខផ្ទះ ដែលធ្វើឱ្យខូចសោភណ្ឌភាព ទៀតដែរ។ ជាពិសេសជួយឱ្យជនអនាថាទាំងនោះ អាច​ទៅព្យាបាលថែទាំសុខភាព ដែលអាចចំណេញទាំងរដ្ឋបាលក្រុង និងប្រជាពលរដ្ឋ នៅក្នុងក្រុងបាត់ដំបង៕
 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក សំអូន