តើគួរឱ្យក្មេងលេង«ឡាតូ-ឡាតូ» នៅតាមសាលារៀនទេ?
- ថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ ម៉ោង ១:៥៩ នាទី រសៀល

ក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានអប់រំ គួរតែត្រួតពិនិត្យឧបករណ៍ក្មេងលេង ដែលមានឈ្មោះ «ឡាតូ-ឡាតូ»ថាតើវាអាចបង្កឱ្យគ្រោះថ្នាក់ដល់ក្មេងកម្រិតណា ហើយគួរបន្តឱ្យក្មេងលេងទៀតដែរទេ? នេះជាការលើកឡើងរបស់លោក ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតត្យសភាកម្ពុជា។

លោក ឈត ប៊ុនថង បានប្រាប់សារព័ត៌មានថ្មីៗថា ជំនាន់មុន មានល្បែងក្មេងលេងច្រើនប្រភេទ ដូចលេងគប់វង់ លេងឈូស លេងហឹង លេងឃ្លី និងល្បែងលេងផ្សេងៗទៀត។ ប៉ុន្តែបច្ចុប្បន្ន មានល្បែងលេងថ្មីៗច្រើនប្រភេទ សម្រាប់ក្មេងលេងបំបាត់អផ្សុក។
លោក ឈត ប៊ុនថង កត់សម្គាល់ឃើញថា ការលេងល្បែង«ឡាតូ-ឡាតូ» ដែលហូរចូលពីបរទេសមកកម្ពុជានេះ មិនមានអ្វីខុសគ្នាទេ គ្រាន់តែវាទំនើបជាងមុន ។ ប៉ុន្តែការលេងល្បែងមួយនេះ លោក ប៊ុនថង ស្នើឱ្យមានការត្រួពិនិត្យផងដែរ ព្រោះវាអាចបង្កគ្រោះថ្នាក់។

លោក ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតត្យសភាកម្ពុជា។
«ការលេងល្បែងរបស់ពួកគាត់់មិនមានអ្វីចម្លែកនោះទេ គ្រាន់តែយើងជាឪពុកម្ដាយ អាណាព្យាបាល លោកគ្រូអ្នកគ្រូ ជួយណែនាំគាត់លេងឱ្យបានត្រឹមត្រូវ ហើយការពារកុំឱ្យមានគ្រោះថ្នាក់»។ លោក ឈត ប៊ុនថង បានលើកឡើងយ៉ាងដូច្នេះ។
បើតាមលោក ប៊ុនថង ការលេងល្បែងអ្វីក៏ដោយ គឺមានផលប៉ះពាល់ដល់អ្នកជិតខាងដែរ។ ប៉ុន្តែល្បែងលេង«ឡាតូ ឡាតូ» ឬ«ខ្លក់ ខ្លក់»នេះ វាអាចបង្កសំឡេងរំខានដល់មិត្តរួមថ្នាក់ ជាពិសេសអាចបណ្ដាលឱ្យមានគ្រោះថ្នាក់បែកមុខ មាត់ ផងដែរ។
ដើម្បីចៀសវាងការរំខានទាំងនោះ លោក ឈត ប៊ុនថង ស្នើឱ្យឪពុកម្ដាយ អាព្យាបាល លោកគ្រូ អ្នកគ្រូ កំណត់ពេលវេលាលេងដល់សិស្ស ដូចជាម៉ោងសម្រាក ឬម៉ោងចេញលេង។ លើសពីនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងនាយកសាលា ត្រូវមានវិធានការ ឬពង្រឹងបទបញ្ជាផ្ទៃសាលារៀនបន្ថែម លើករណីលេងល្បែងនេះ។
លោក ឈត ប៊ុនថង បានបញ្ជាក់ថា៖«ក្រសួងអប់រំ ឬខ្សែបណ្ដោយរបស់ក្រសួងអប់រំ ពិចារណាជាមួយគណៈគ្រប់គ្រងសាលាមើល ថាតើល្បែង ខ្លក់ខ្លក់ ឬឡាតូហ្នឹង វាយ៉ាងមិចដែរ គួរបន្តឱ្យលេង ឬគួរលុបបំបាត់»។
ជុំវិញករណីនេះលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា មិនបានឆ្លើយឱ្យចំៗឡើយ ដោយលោកបានសរសេរប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវដោះស្រាយផលវិបាកនៃការអប់រំផ្សេងៗ នៅតាមគ្រឹះស្ថានសិក្សា ដោយចាត់វិធានការរដ្ឋបាល តាមទិដ្ឋភាពជាក់ស្តែង។
អ្នកនាំពាក្យក្រសួងអប់រំរូបនេះ បានបញ្ជាក់ថា៖« សិស្សានុសិស្សដែលអនុវត្ត ប្រាសចាកពីបទបញ្ជាផ្ទៃក្នុងប្រចាំគ្រឹះស្ថានសិក្សាផ្ទាល់ ត្រូវទទួលខុសត្រូវ ចំពោះមុខក្រុមប្រឹក្សាវិន័យសិក្សា»។
លោក រស់ សុវាចា បានបន្តថា បើក្នុងករណីចាំបាច់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា អាចសហការជាមួយការិយាល័យអប់រំ យុវជន និងកីឡាស្រុក-ខណ្ឌ មន្ទីរអប់រំ យុវជន និងកីឡាទាំង ២៥ខេត្ត- រាជធានី ដែលជាសេនាធិការតាមឋានានុក្រមនៃក្រសួងអប់រំ យុវជន និងកីឡា។ ដោយឡែក ចំពោះករណីបទល្មើសព្រហ្មទណ្ឌ អាជ្ញាធររាជធានី-ខេត្តអនុវត្តនីតិវិធីតាមច្បាប់មានជាធរមាន។
អត្ថបទទាក់ទង
បណ្ដាប្រទេសមួយចំនួន ក៏បានហាមឃាត់ការលេងល្បែង«ឡាតូ ឡាតូ» ឬ«ខ្លក់ ខ្លក់»នេះផងដែរ។ ក្នុងនោះរួមមាន រដ្ឋបាលចំណីអាហារ និងឱសថអាម៉េរិក រួមទាំងអាជ្ញាធរជំនាញចក្រភពអង់គ្លេស និងកាណាដា ធ្លាប់បានហាមប្រាមការលេងឡាតូ-ឡាតូ សម្រាប់កុមារ ក្រោយមានករណីគ្រោះថ្នាក់មួយចំនួន។ នេះបើតាមការផ្សាយរបស់ Thestoly.com៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: