ការបញ្ចូលថាមពលយានអគ្គិសនី នឹងយកថ្លៃសេវា ចាប់ពីខែក្រោយ
- ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ ម៉ោង ៩:៥៩ នាទី យប់

ស្ថានីយបញ្ចូលថាមពលយាន្តអគ្គិសនី ដែលបានដាក់ឱ្យប្រើប្រាស់កន្លងមក ។ រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
ការប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នឹងត្រូវគិតថ្លៃ ១៦០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ចាប់ពីថ្ងៃទី១ ខែសីហា តទៅ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែកក្កដា។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន យកកម្រៃសេវាសាធារណៈ លើការបញ្ចូលថាមពលយានយន្តអគ្គិសនី រវាងប្រតិបត្តិករ និងអ្នកប្រើប្រាស់ទាំងអស់ ដើម្បីឱ្យមានគណនេយ្យភាព ប្រសិទ្ធភាព ប្រកបដោយនិរន្តភាព។
ស្ថានីយបញ្ចូលថាមពលយាន្តអគ្គិសនី ដែលបានដាក់ឱ្យប្រើប្រាស់កន្លងមក គឺមិនគិតថ្លៃនោះទេ។ ប៉ុន្តែដំណាក់កាលនេះ គឺជាការសាកល្បងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការយកតម្លៃសេវា ១៦០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។ នេះបើតាមលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា៖ «គិត ១៦០០រៀល សម្រាប់តែទីតាំងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងនោះទេ ព្រោះយើងកំពុងធ្វើការសាកល្បង។ អ៊ីចឹងត្រូវឈរលើមូលដ្ឋាន។ ដើម្បីឱ្យដំណើរការបានល្អ តម្លៃត្រូវតែសមរម្យអាចទទួលយកបាន ហើយតម្លៃខ្ពស់បំផុត ក៏ត្រូវតែមានការកំណត់មួយ មិនឱ្យខ្ពស់គឺត្រូវកំណត់ទាបបំផុតតាមដែលអាចធ្វើទៅបាន»។
បច្ចុប្បន្នស្ថានីយបញ្ចូលថាមពលយាន្តអគ្គិសនី ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រសួងសាធារណការ និងដឹកជញ្ជូនមានចំនួន ៤ទីតាំង ក្នុងនោះមាននៅទីស្តីការក្រសួង, ខេត្តសៀមរាប ,ព្រះសីហនុ និងខេត្តបាត់ដំបង។ ម៉ាស៊ីនទាំងនោះមានសមត្ថភាពអាចបញ្ជូលថាមពលអគ្គិសនីទៅរថយន្តចំនួន ៨រថយន្ត ក្នុងពេលតែមួយ។ ចំណែកស្ថានីយបញ្ចូលថាមពលយាន្តអគ្គិសនីឯកជនមានចំនួន ៩ទីតាំង។
នៅឆ្នាំ២០២១ មានរថយន្ត ៦៣គ្រឿង ដែលបានប្រើប្រាស់ថាមពលអគ្គិសនី។ នៅឆ្នាំ២០២២ មានរថយន្ត ៦៦២គ្រឿង ដែលបានប្រើប្រាស់ថាមពលអគ្គិសនី។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣នេះ មានរថយន្ត ១០៧៨គ្រឿង ប្រើប្រាស់ថាមពលអគ្គិសនី ។ ក្រសួងសាធារណការ បានព្យាករថា នៅចុងឆ្នាំ២០២៣ អាចមានអ្នកប្រើប្រាស់ កើនដល់ ១៨៤៨គ្រឿង៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: