ជំងឺគ្រុនឈាមកើនឡើង ៥០០០ករណី នៅឆ្នាំ២០២៣
- ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ ម៉ោង ៩:៥៩ នាទី យប់

ពលរដ្ឋកើតជំងឺគ្រុនឈាមជាង ៩០០០ករណី ក្នុងនោះមាន ២២ករណីបានស្លាប់ ជាង៦ខែនេះ។ តួលេខអ្នកជំងឺនេះ កើនឡើងជាង៥០០០ករណី បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២២ មានតែជាង ៤០០០ករណីប៉ុណ្ណោះ ដោយក្នុងនោះមាន ១០ករណីបានស្លាប់។ នេះបើតាមលោក លាង ឬទ្ធា បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។

លោក លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាម បានលើកឡើងថា ជំងឺគ្រុនឈាមនៅឆ្នាំនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលជាសញ្ញាព្រួយបារម្ភ។ ប្រធានកម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាមរូបនេះ បានបន្តថា នៅឆ្នាំ២០១៩ មានអ្នកជំងឺគ្រុនឈាមនេះ ច្រើនដូចគ្នា ដែលវាជាវដ្ត៤ឆ្នាំម្ដង ត្រូវមានអ្នកជំងឺកើនឡើងបែបនេះ។
លោក ឬទ្ធា បានបញ្ជាក់យ៉ាងដូច្នេះ៖«ហេតុអ្វីបានជាជំងឺគ្រុនឈាមកើនជារៀងរាល់ ៤ទៅ៥ឆ្នាំម្ដង ព្រោះដោយសារប្រព័ន្ធការពារសហគមន៍មានការថយចុះ មានន័យថា ប្រព័ន្ធការពារនៅក្នុងខ្លួនរបស់ប្រជាជនមានការថយចុះភាពស៊ាំ»។
លោក លាង ឬទ្ធា បានបន្ថែមថា អ្នកមានអាការៈកើតជំងឺគ្រុនឈាម ត្រូវទៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ហើយចៀសវាងការទិញថ្នាំលេបផ្ដេសផ្ដាស ដើម្បីការពារកុំឱ្យគ្រោះថ្នាក់ដល់ជីវិត ។
លោក ឬទ្ធា បានបញ្ជាក់ថា៖«ជំងឺគ្រុនឈាម ដំបូងក្ដៅខ្លាំង កូនក្មេង៤០ ទៅ៤១ មិនចុះទេ ទោះបីយើងដាក់ថ្នាំ ប៉ារ៉ា ក៏ដោយ គឺមិនចុះកម្ដៅទេ។ នេះជាចំណុចសំខាន់សម្រាប់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន មិនមែនមានន័យឱ្យតែកូនក្ដៅខ្លួន ដាក់ប៉ារ៉ា អត់តាមដានទេ។ បើដាក់ថ្នាំហើយមិនចុះក្ដៅគឺជំងឺគ្រុនឈាមហ្នឹង។ មុខក្មេងក្រហមតិចៗ និងស្ងួត។ វាខុសពីផ្ដាសសាយ ផ្ដាសាយហៀសំបោរ តែជំងឺនេះវាស្ងួត! បើធ្ងន់អាចចេញឈាមតាមអញ្ចាញធ្មេញ»។
ជំងឺគ្រុនឈាមនេះ ឆ្លងមិនរើសវ័យនោះទេ គឺឆ្លងទាំងមនុស្សធំ និងកូនក្មេង។ វាឆ្លងតាមរយៈមូសខ្លា។ ជំងឺនេះ កើតច្រើនជាងគេនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ត្បូងឃ្មុំ សៀមរាប និងខេត្តបន្ទាយមានជ័យ។
លោក លាង ឬទ្ធា បានបន្ថែមថា បច្ចុប្បន្នជារដូវវស្សា មានភ្លៀងច្រើន ដូច្នេះប្រជាពលរដ្ឋត្រូវបន្តចូលរួមសម្អាតបរិស្ថាននៅជុំវិញផ្ទះ ដូចជា ចាន ត្រឡោកដូង សំបកដូង កង់ឡាន ថូផ្ដា និងសម្ភារៈដែលអាចដក់ទឹកបាន ដោយត្រូវលាងសម្អាតឱ្យបានល្អ កុំឱ្យក្លាយជាជម្រកមូសខ្លា ដែលអាចបង្កើតកូនខាំចម្លងមកដល់មនុស្ស។ មន្ត្រីជំនាញក្រសួងសុខាភិបាល បានណែនាំឱ្យប្រើប្រាស់ថ្នាំ អាប៊ែត ដើម្បីការពារទឹកក្នុងពាង និងជុំវិញផ្ទះ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: