ក្រោយមករៀន៤ឆ្នាំ ជនជាតិជប៉ុន កញ្ញា យូមិ ចង់រស់នៅកម្ពុជាជារៀងរហូត
- ថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣ ម៉ោង ៨:៣៩ នាទី ព្រឹក

ភ្នំពេញ៖ កញ្ញា ណាកាហារ៉ាក់ យូមិ ជាជនជាតិជប៉ុន ដែលបានមករៀនជំនាញបដិសណ្ឋារកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០១៩។ រយៈពេល៤ឆ្នាំ រស់នៅកម្ពុជា យុវតីយូមិ បានជាប់ចិត្ត និងចង់រស់នៅខ្មែររហូត។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
កញ្ញា យូមិ បានចាកចេញពីស្រុកកំណើតប្រទេសជប៉ុន ដើម្បីមករៀនផ្នែកបដិសណ្ឋារកិច្ចនៅសកលវិទ្យាល័យមួយក្នុងខេត្តកំពង់ស្ពឺ។ តាមពិតទៅយូមិ មិនដែលប៉ងចង់រៀននៅកម្ពុជាទេ តែដោយសារនាងមិនអាចរៀនសកលវិទ្យាល័យនៅប្រទេសខ្លួនបាន ទើបនាងសម្រេចចិត្តមកនៅរៀននៅកម្ពុជា។
យូមិ បានរៀបរាប់ដូច្នេះ៖ «៤ឆ្នាំមុន ខ្ញុំឈប់រៀន នៅវិទ្យាល័យនៅជប៉ុន ហើយពីមុនខ្ញុំមានអារម្មណ៍ថា ខ្ញុំចង់ចូលនៅសកលវិទ្យាល័យនៅជប៉ុន។ ប៉ុន្តែខ្ញុំធ្លាក់ពីរដង ហើយ ខ្ញុំអត់ដឹងធ្វើយ៉ាងបែបណាបន្តទេ។ ពេលនោះខ្ញុំក៏ឃើញព័ត៌មានពីសកលវិទ្យាល័យមួយនៅកម្ពុជា ខ្ញុំក៏ចាប់អារម្មណ៍ ដោយសារម្ចាស់សាលាជាជនជាតិជប៉ុន និងរៀនជាភាសាអង់គ្លេសផង»។
កញ្ញា យូមិ បានជ្រើសរើសជំនាញបដិសណ្ឋារកិច្ច និងទេសចរណ៍ ជាភាសាអង់គ្លេស សម្រាប់ថ្នាក់បរិញ្ញាបត្រនៅកម្ពុជា។ ការរស់នៅក្រៅប្រទេសម្នាក់ឯង យូមិ ទទួលស្គាល់ថា ពិតជាលំបាកសម្រាប់រូបនាង ដែលមិនធ្លាក់ឃ្លាតឆ្ងាយពីគ្រួសារឡើយ។ ហើយអ្វីដែលកាន់តែលំបាកបំផុតនោះ គឺពិបាកនិយាយទំនាក់ទំនង ព្រោះនាងមិនចេះភាសាខ្មែរ។ ហេតុនេះហើយ ក្រោយរៀននៅកម្ពុជាបានរយៈពេល២ឆ្នាំ យូមិ ក៏បានរៀនភាសាខ្មែរបន្ថែមដើម្បីងាយស្រួលទំនាក់ទំនង និងរស់នៅ។
កញ្ញា យូមិ អះអាងថា៖ «បើសិនជាខ្ញុំចង់រស់នៅប្រទេសគេ ខ្ញុំត្រូវតែការនិយាយគ្នា និងរៀនពីវប្បធម៌ ឬភាសនៅប្រទេសគេ។ ពេលរៀនភាសាខ្មែរដំបូងៗ លំបាកណាស់។ គេនិយាយសំឡេងខុសពីការសរសេរ ខ្ញុំស្ដាប់គេនិយាយមិនសូវបាន តែឥលូវខ្ញុំស្ដាប់បាននិយាយបានហើយ»។
ទោះបីឆ្លងកាត់ការលំបាកបន្តិចក្ដី តែពេលវេលា ដែល ជនជាតិជប៉ុន កញ្ញា យូមិ បានរស់នៅនិងរៀននៅកម្ពុជា យុវតីរូបនេះ ពិតជាពេញចិត្តនឹងបរិយាកាសនៅទីនេះណាស់ ។ ជាពិសេស គឺនាងចូលចិត្តម្ហូបអាហារខ្មែរ និងភាពរួសរាយរាក់ទាក់របស់របស់ប្រជាជនកម្ពុជា។
យូមិ បានរៀនចប់រយៈពេល៤ខែហើយ តែនាងបានសម្រេចចិត្តរស់នៅកម្ពុជារហូត មិនវិលទៅរស់នៅប្រទេសកំណើតខ្លួនវិញឡើយ។ ហេតុផលដែលនាង មាននិស្ស័យជាប់ចិត្តនឹងកម្ពុជា ក៏ព្រោះតែ យូមិ គិតថា កម្ពុជាជាប្រទេសដែលងាយស្រួលរស់នៅ ធ្វើការ និងប្រកបអាជីវកម្មជាដើម។ «ខ្ញុំរស់នៅទីនេះ គឺខ្ញុំសប្បាយមែនទែនពេលខ្ញុំនិយាយខ្មែរជាមួយគេ។ ហើយពេលខ្ញុំរស់នៅទីនេះ មានមិត្តភក្តិច្រើន ដែលជួយខ្ញុំ។ ហើយខ្ញុំមានសង្សាខ្មែរខ្ញុំអត់ចង់ទៅជប៉ុនវិញទេ»។ នេះជាការបញ្ជាក់របស់ កញ្ញា យូមិ ៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ុត រស្មី (Uth Raksmey) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ ក្នុងឆ្នាំ២០១៩ ក៏ជាឆ្នាំដែលបញ្ចប់ការសិក្សាផ្នែកព័ត៌មាន និងគមនាគមន៍នៃសាកលវិទ្យាល័យកម្ពុជាដែរ ។ បច្ចុប្បន្ន រស្មី ជានិពន្ធនាយិការងនៃ ThmeyThmey25។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: