កីឡាយូដូ និងបាល់ទះឆ្នេរខ្សាច់ ជួយកម្ពុជា រកបានមេដាយ៤បន្ថែមទៀត ពីកីឡាប៉ូលីសនៅកាណាដា
- ថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣ ម៉ោង ៦:៥៩ នាទី ល្ងាច

អត្ដពលិកកម្ពុជា រូបពីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
អត្ដពលិកកម្ពុជា ដណ្ដើមបានមេដាយបណ្តោះអាសន្ន ចំនួន៦០ ក្នុងមេដាយមាស២៤ ប្រាក់២៧ និងសំរិទ្ធ៩ ពីការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ (World Police and Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា។ លទ្ធផលនេះ គិតត្រឹមចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។ ក្នុងថ្ងៃទី៤ ខែសីហានេះ អត្ដពលិកកីឡាយូដូ និងអត្ដពលិកបាល់ទះលើឆ្នេខ្សាច់កម្ពុជា រកបាន ៤មេដាយ បន្ថែមបាន ៦០មេដាយ (បណ្ដោះអាសន្ន)។

អត្តពលិកយូដូកម្ពុជា ដណ្តើមបាន មេដាយប្រាក់២ និង សំរិទ្ធ១ មានដូចជា៖
- កីឡាករ នុត សេរីរដ្ឋា ទទួលបានមេដាយប្រាក់ លើវិញ្ញាសាទម្ងន់ ៦៦គីឡូក្រាម អាយុ ៣០ឆ្នាំឡើង
- កីឡាករ នុត ឧត្តម ទទួលបានមេដាយប្រាក់ លើវិញ្ញាសាទម្ងន់ ៦០គីឡូក្រាម អាយុ ៣០ឆ្នាំឡើង
- កីឡាករ កេត ពុទ្ធារិទ្ធ ទទួលបានមេដាយសំរិទ្ធ លើវិញ្ញាសាទម្ងន់ ៧៣គីឡូក្រាម អាយុ៣០ឆ្នាំឡើង។
ចំណែកមេដាយប្រាក់ ១ទៀត អត្ដពលិកកីឡាបាល់ទះឆ្នេរ ដណ្ដើមបានមេដាយប្រាក់។
កីឡាចំបាប់ ដណ្ដើមបាន ១២មេដាយ៖ មាស៣, ប្រាក់៨ និងសំរិទ្ធ១។
កីឡាបាល់ទះក្នុងសាល ឈ្នះមេដាយមាស១។
កីឡាហែលទឹក ទទួលបាន ១៥មេដាយ៖ មាស៦, ប្រាក់៦ និងសំរិទ្ធ៣។
កីឡាវាយកូនឃ្លីលើតុ ៥មេដាយ៖ មាស២ និងប្រាក់៣។
ការ៉ាតេ ៨មេដាយ៖ មាស៣, ប្រាក់៣ និងសំរិទ្ធ២។
កីឡាលើកទម្ងន់ Bench Press ឈ្នះមេដាយមាស ២។
យូដូ ៥មេដាយ៖ ប្រាក់៤ និង សំរិទ្ធ១។
បាល់ទះឆ្នេរខ្សាច់ មេដាយប្រាក់១។
កីឡាចំបាប់កាច់ដៃ ១១មេដាយ៖ មាស៧, ប្រាក់២ និងសំរិទ្ធ២។
គួរបញ្ជាក់ផងដែរថា ប្រតិភូកីឡាកម្ពុជា ចេញដំណើរទៅប្រកួត នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ កីឡា ១៣ប្រភេទនោះ រួមមាន៖ វាយកូនឃ្លីលើតុ, បាល់ទះឆ្នេរខ្សាច់, ចំបាប់, ចំបាប់កាច់ដៃ, កីឡាវាយសី, យូដូ, ជឺជីតស៊ូ, ហែលទឹក, ការ៉ាតេ, វាយកូនគោល, បាល់ទះក្នុងសាល, Bench Press និង Push Pull Lifting ។
ចំពោះការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ។ ដោយឡែកកម្ពុជា ធ្លាប់ដណ្ដើមបានមេដាយសរុប ៣៣គ្រឿង ក្នុងព្រឹត្តិការណ៍នេះ កាលពីឆ្នាំ២០២២ ក្នុងនោះ មានមេដាយមាស១៥ ប្រាក់៨ និងសំរឹទ្ធ ១០៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: