លោក ភា សុភ័ត្រ្តា សរសើរភ្នំពេញក្រោន ពូកែរៀបចំបាល់ Set Piece
- ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ ម៉ោង ១១:០៤ នាទី ព្រឹក

ការប្រជែងបាល់រវាងខ្សែបម្រើភ្នំពេញក្រោន Takaki Ose(ក្រហម) និងខ្សែប្រយុទ្ធទ័ព Tetsuaki Misawa(ខ្មៅ)។រូបពី CPL
លោក ភា សុភ័ត្រ្តា គ្រូបង្វឹកក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ(ទ័ព) និយាយថាការរបូតបាល់១គ្រាប់ដែលនាំឱ្យបាត់បង់៣ពិន្ទុជាការធ្វេសប្រហែសចំពោះការរៀបចំប្រព័ន្ធលេង(Set Piece) របស់ភ្នំពេញក្រោន។ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោនសរសើរកក្រុមភ្ញៀវ ទ័ព ពូកែការពារ និងមិនងាយស្រួលក្នុងការរកគ្រាប់បាល់។

ម្ចាស់ផ្ទះភ្នំពេញក្រោន បានយកឈ្នះ ទ័ព ក្នុងលទ្ធផល ១-០ ដែលធ្វើបានដោយខ្សែប្រយុទ្ធ Rafael Andres Nieto Rondon នៅនាទី៥១ ក្នុងវគ្គទី២នៃការប្រកួតពានរង្វាន់បាល់ទាត់ខេមបូឌានព្រីមៀរលីគ (CPL) សប្តាហ៍ទី៣ នៅថ្ងៃទី៣០ ខែសីហា នាកីឡដ្ឋានស្មាត អរ អេស អិន។ ១គ្រាប់នេះជួយឱ្យភ្នំពេញក្រោនហក់ឡើងទៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាងបណ្តោះអាសន្ន។
បរាជ័យក្រៅដីដែលនាំឱ្យបាត់បង់៣ពិន្ទុ លោក ភា សុភ័ត្រ្តា គ្រូបង្វឹកក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ លើកឡើងថាដោយសារកូនក្រុមបិទបាល់ Set Piece របស់ភ្នំពេញក្រោនមិនបានល្អ។ «ជាការពិតណាស់១គ្រាប់ដែលជាកំហុសគឺពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធលេងដែលមិនមានការប្រុងប្រយ័ត្នក្នុងការចាប់លើកីឡាករដែលពូកែក្បាលពិសេសដូចជាកីឡាករលឹម ពិសុទ្ធ»។ គ្រូទ័ពបន្ថែមថានេះជាការធ្វេសប្រហែសធ្វើឱ្យក្រុមបាត់បង់៣ពិន្ទុ។

លោក ភា សុភ័ត្រ្តា ឈរបញ្ជាកូនក្រុមប្រកួតទល់នឹងភ្នំពេញក្រោន(ក្រហម)។ រូបពី CPl
យ៉ាងណាលោក សុភ័ត្រ្តា ថាសម្រាប់ក្រុមរបស់លោកនឹងបន្តពង្រឹងសមត្ថភាពបន្ថែមដើម្បីឱ្យមានតុល្យភាពក្នុងការប្រជែងពានរង្វាន់ខេមបូឌានព្រីមៀរលីគរដូវកាលថ្មីនេះ។
ដោយឡែកលោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោនថ្លែងក្នុងពិធីសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួតថាការទទួលបាន៣ពិន្ទុពីក្រុមភ្ញៀវទ័ពជារឿងដ៏សែនលំបាកសម្រាប់ក្រុម ហើយលោកមើលឃើញថាការដឹកនាំរបស់គ្រូបង្វឹកថ្មីធ្វើឱ្យក្រុមទ័ពមានភាពខ្លាំង ដែលខុសប្លែកពីរដូវកាលមុន។
គ្រូបង្វឹកភ្នំពេញក្រោននិយាយថា៖«យើងដឹងហើយថានេះជាការប្រកួតដ៏លំបាក។ រដូវកាលថ្មីនេះគេបាននាំយកកីឡាករថ្មីល្អៗមួយចំនួនមកចូលរួមជាមួយក្រុមធ្វើឱ្យក្រុមមានភាពប្រសើរឡើងផងដែរក្រោមការដឹកនាំរបស់លោកគ្រូសុភ័ត្រ្តា ហើយខ្ញុំគិតថាក្រុមTiffy Army នឹងឡើងទៅកាន់ចំណាត់ថ្នាក់លេខ៤(Top4)»។
ចំណែកកីឡាករ Takaki Ose លើកឡើងថាការប្រកួតជាមួយក្រុមកងយោធពលខេមរភូមិន្ទជាការប្រកួតមួយដ៏តានតឹងដែលធ្វើឱ្យក្រុមទាំងមូលពិបាកក្នុងការលេង ជាពិសេសកីឡាករមិនងាយស្រួលក្នុងការរកគ្រាប់បាល់។

ការប្រកួតរវាងក្រុមបាល់ទាត់ភ្នំពេញក្រោន(ក្រហម) និងទ័ព(ខ្មៅ)។ រូបពី CPL
ខ្សែបម្រើ Takaki Ose និយាយថា៖«វាជាការប្រកួតដ៏លំបាក និងតានតឹង។ យើងរកបានតែ១គ្រាប់ទេ ហើយការប៉ះបាល់ចុងក្រោយរបស់ក្រុមយើងមានបញ្ហា ដែលមិនមានគុណភាព»។ Takaki បន្តថាការសម្រាករយៈពេលពីរសប្តាហ៍ក្រុមទាំងមូលនឹងបន្តពង្រឹងបន្ថែមសម្រាប់ការប្រកួតក្នុងលីគ និងពានរង្វាន់ AFC Cup។
គួបញ្ជាក់ថា សម្រាប់ការប្រកួតបន្ទាប់ក្នុងសប្តាហ៍ទី៥ ក្រុមបាល់ទាតកងយោធពលខេមរភូមិន្ទ(ទ័ព) នឹងត្រូវបន្តដំណើរទៅកាន់កីឡដ្ឋានខេត្តព្រៃវែង ដើម្បីប្រកួតជាមួយក្រុមព្រៃវែង ថ្ងៃទី១៦ ខែកញ្ញា វេលាម៉ោង ៣ និង៤៥នាទី ចំណែកក្រុមភ្នំពេញ នឹងត្រូវជួបប្រកួតជាមួយម្ចាស់ផ្ទះវិសាខា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៦ល្ងាចនាកីឡដ្ឋានព្រីនស៍។
ពិន្ទុបណ្តោះអាសន្ន៖ ព្រះខ័នរាជស្វាយរៀង ឈរលេខ១ មាន១២ពិន្ទុ នាំមុខវិសាខា ឈរលេខ២ មាន៩ពិន្ទុស្មើភ្នំពេញក្រោន ដែលឈរលេខ៣។ ព្រៃវែង ឈរលេខ៤ មាន៧ពិន្ទុស្មើបឹងកេត ឈរលេខ៥។ កងយោធពលសេមរភូមិន្ទ ឈរលេខ៦ មាន៤ពិន្ទ។ អាយអេសអាយដង្កោសែនជ័យ ឈរលេខ៧ រួមជាមួយ ណាហ្គាវើលដ៍ ឈរលេខ៨ និងអង្គរថាយហ្គឺរ ឈរលេខ៩ មាន៣ពិន្ទុដូចគ្នា ខណៈគីរីវង់សុខសែនជ័យ នៅបាតតារាង មាន១ពិន្ទុ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: