កីឡាករបាល់ទះ វឿន វាសនា ថា ហ្វឹកហាត់នៅចិននឹងជួយឱ្យកម្ពុជា សាងប្រវត្តិសាស្រ្តជូនជាតិទៀត
- ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៧:៥៩ នាទី ព្រឹក

កីឡាករ វឿន វាសនា ក្នុងការប្រកួតបាល់ទះមិត្តភាពជាមួយគុយបា។
កីឡាករបាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា រំពឹងថា ការហ្វឹកហាត់នៅប្រទេសចិន នឹងជួយពង្រឹងសមត្ថភាពក្រុមបន្ថែមទៀត ដើម្បីបង្ហាញខ្លួនកាន់តែល្អ ក្នុងការប្រកួតកីឡាអាស៊ីលើកទី១៩ នៅទឹកដីមហាអំណាចមួយនេះ។ តួប្រយុទ្ធវាយបាល់ឆ្ងាយរបស់ក្រុមកម្ពុជា រំពឹងថាក្រុមនឹងអាចសាងប្រវត្តិសាស្រ្តជូនប្រទេសកម្ពុជាសម្រាប់វិញ្ញាសាបាល់ទះបុរសក្នុងសាល។

«ខ្ញុំសង្ឃឹមថាពួកយើងនឹងអាចកសាងប្រវត្តិសាស្រ្តមួយទៀត សម្រាប់ពានអន្តរជាតិ ដែលមានប្រទេសជាច្រើនចូលរួម»។ ម្ចាស់អាវលេខ៩ នៃក្រុមជម្រើសជាតិកម្ពុជា វឿន វាសនា បាននិយាយដូច្នេះក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន មុនចេញដំណើរទៅហ្វឹកហាត់នៅចិន ក្រោមជំនួយអាហារូបករណ៍រយៈពេល៣ខែ។
សម្រាប់ វាសនា ការហ្វឹកហាត់នៅចិន នឹងជួយបានច្រើន តាមរយៈបទពិសោធន៍ និងបច្ចេកទេស នៃការប្រកួតមិត្តភាពជាមួយក្រុមយក្សចិននេះ ដើម្បីឈានទៅកែតម្រូវនូវភាពខ្វះខាត សម្រាប់ក្រុមកម្ពុជា។ «សម្រាប់ការបោះជំរុំហ្វឹកហាត់នៅចិន ខ្ញុំរំពឹងថាទទួលបានការប្រកួតមិត្តភាពជាច្រើននៅទីនោះ ហើយនឹងព្យាយាមក្រេបជញ្ជក់យកចំណេះដឹងបន្ថែមពីគេ»។ វាសនា បានបន្ថែម។

កីឡាករបាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា
ក្នុងបេសកម្មបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នៅចិននេះ សមាជិកក្រុមជម្រើសជាតិកម្ពុជា លើវិញ្ញាសាបាល់ទះបុរសក្នុងសាល វឿន វាសនា ចាត់ទុកការប្រកួតលំដាប់ទ្វីបអាស៊ីនេះ វារឿងលំបាកសម្រាប់ក្រុមទាំងមូល ព្រោះបណ្តាប្រទេសដែលចូលរួម សុទ្ធតែមានសមត្ថភាពខ្ពស់។ ជាពិសេសកីឡាករនីមួយៗពោរពេញដោយគុណភាព និងសក្តានុពល។
គួបញ្ជាក់ថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជានឹងត្រូវហ្វឹកហាត់នៅប្រទេសចិន រហូតដល់ដំណាច់ឆ្នាំ២០២៣ ។ ក្រុមកម្ពុជា ក៏នឹងត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅខេត្តហានចូវ ប្រទេសចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: