ចង់ក្លាយជាអ្នកនិពន្ធ អ្នកគ្រូ គ្រី លីតា ឆ្លៀតពេលពីការបង្រៀនមកធ្វើជាអ្នកកាសែត
- ថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៨:២៩ នាទី ព្រឹក

ភ្នំពេញ៖ កញ្ញា គ្រី លីតា ជាគ្រូបង្រៀនម្នាក់នៃអង្គការបង្រៀនដើម្បីកម្ពុជា ហើយក៏ជាគ្រូបង្រៀនភាសាអង់គ្លេសឱ្យសាលាឯកជនមួយផងដែរ។ មានក្តីស្រមៃចង់ក្លាយជាអ្នកនិពន្ធសៀវភៅលើកទឹកចិត្តយុវជន និងបង្កើតមាតិកាវីដេអូ លីតា បានចាប់យកអាជីពសារព័ត៌មានមួយបន្ថែមទៀត ដើម្បីសំលៀងសមត្ថភាពសរសេររបស់ខ្លួន។

រយៈពេលជិត១ឆ្នាំហើយ ដែលអ្នកគ្រូ គ្រី លីតា បានប្រឡូកក្នុងអាជីពជាអ្នកសារព័ត៌មាន បន្ថែមលើការងារជាគ្រូបង្រៀនដ៏មមាញឹក។ មានវ័យ២៤ឆ្នាំ គ្រី លីតា ជាគ្រូបង្រៀននៅអង្គការ«បង្រៀនដើម្បីកម្ពុជា»នៅពេលព្រឹក គ្រូភាសាអង់គ្លេសនៅសាលាឯកជនពេលល្ងាច និងបានប្រើវេលារសៀលរបស់ខ្លួន ដុសខាត់ជំនាញសរសេរ និងផលិតវីដេអូ នៅស្ថាប័នសារព័ត៌មាន ស៊ីស៊ីថាមស៍។

កញ្ញា គ្រី លីតា និងសិស្សានុសិស្ស ក្នុងថ្នាក់ភាសាអង់គ្លេសនៅសាលាAii Language Center ។ រូបភាព៖ កញ្ញា គ្រី លីតា
តាមរយៈការងារជាអ្នកសារព័ត៌មានក្រៅម៉ោងនេះ អ្នកគ្រូ គ្រី លីតា ដែលមានអាកប្បកិរិយារួសរាយ សង្ឃឹមថាវានឹងបន្ថែមគុណតម្លៃដល់ដំណើរឆ្ពោះទៅវិថីជាអ្នកនិពន្ធ និងអ្នកផលិតមាតិកាដែលជាអាជីពក្នុងក្តីស្រមៃរបស់ខ្លួន។ អ្នកគ្រូ គ្រី លីតា ដែលបានឆ្លៀតពេលចុងសប្តាហ៍របស់ខ្លួន ផ្តល់បទសម្ភាសជូនសារព័ត៌មានថ្មីៗនៅហាងតែមួយកន្លែងនោះ បានរៀបរាប់ថា៖ «ខ្ញុំចូលចិត្តសរសេរ និងធ្វើវីដេអូ ប៉ុន្តែខ្ញុំមិនសូវមានជំនាញ។ ខ្ញុំមានក្តីស្រមៃចង់ក្លាយជាអ្នកនិពន្ធសៀវភៅ និងអ្នកបង្កើតមាតិកា។ ដូច្នេះជំនាញដែលត្រូវពង្រឹងបន្ថែម គឺការចេះសរសេរ និងធ្វើវីដេអូ ឱ្យមានខ្លឹមសារល្អ។ អ៊ីចឹងក៏គិតថា បើខ្ញុំចូលធ្វើការនៅស្ថាប័នសារព័ត៌មាន ខ្ញុំអាចពង្រឹងជំនាញនេះ»។

ពាក់អាវពណ៌ទឹកប៊ិចលាយផ្កា គឺជាកញ្ញា គ្រី លីតា រីឯកញ្ញា ដែលពាក់អាវយឺតពណ៌ខ្មៅ ជាប្រភពដែលលីតាបានសម្ភាស។ រូបភាព៖ កញ្ញា គ្រី លីតា
តាមពិតទៅ ការសរសេរ និងការចែករំលែកចំណេះដឹងទៅកាន់សាធារណជន ពិសេសយុវជន តែងតែស្ថិតនៅជាប់ជានិច្ច ក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់អ្នកគ្រូវ័យក្មេងរូបនេះ។ មុនពេលក្លាយជាអ្នកសារព័ត៌មាននេះ លីតា ក៏តែងឆ្លៀតពេលពីការបង្រៀន ផលិតមាតិកាជាសំណេរ និងជាវីដេអូ ផ្សព្វផ្សាយនៅតាមបណ្តាញសង្គមផ្ទាល់ខ្លួនដែរ។ មាតិកាទាំងនោះ គឺទាក់ទងនឹងគន្លឹះសិក្សា បទពិសោធផ្ទាល់ខ្លួនក្នុងការងារស្ម័គ្រចិត្ត ការជ្រើសរើសជំនាញសិក្សា អាហារូបករណ៍ និងការងារ រួមទាំងមាតិកាអំពីបញ្ហាសុខភាពផ្លូវចិត្តជាដើម។ ជាការចែករំលែកចំណេះដឹង ដែលអ្នកគ្រូ លីតា មិនដែលមានអារម្មណ៍ថានឿយណាយនោះឡើយ។
តើវិស័យសារព័ត៌មាន ជួយអ្នកគ្រូ លីតា ឱ្យសម្រេចក្តីស្រមៃបានយ៉ាងដូចម្តេច?

កញ្ញា គ្រី លីតា ជាគ្រូបង្រៀនម្នាក់នៃអង្គការបង្រៀនដើម្បីកម្ពុជា ហើយក៏ជាគ្រូបង្រៀនភាសាអង់គ្លេសឱ្យសាលាឯកជន និងជាអ្នកសារព័ត៌មាន។រូបភាព៖ កញ្ញា គ្រី លីតា
បើតាមអ្នកគ្រូ គ្រី លីតា ការឈានជើងចូលវិស័យសារព័ត៌មាន គឺជារឿងដែលយុវតីរូបនេះ មិនដែលគិតទាល់តែសោះ ព្រោះតែនាងឮគេនិយាយច្រើនថា ការងារនៅក្នុងវិស័យនេះមិនសូវល្អ។ ទស្សនៈនេះ បានបង្អាក់ឆន្ទៈរបស់ លីតា មិនឱ្យនាងប្រឡូកក្នុងវិស័យសារព័ត៌មានមួយរយៈដែរ។
ទោះជាយ៉ាងនេះក្តី លីតា បានយល់ច្បាស់ថា មានតែការហ្វឹកហាត់ និងអនុវត្តជាប់ជាប្រចាំតែប៉ុណ្ណោះ ដែលអាចបង្កើនសមត្ថភាព និងចំណេះដឹងកាន់តែទូលាយថែមទៀត ដើម្បីសម្រួចចំណេះ និងដើរតម្រង់ទៅរកវិថីនៃការតែងនិងពន្ធ។ ហើយនៅក្នុងវិស័យសារព័ត៌មាន គឺជាឱកាសដ៏វិសេស ដែលអនុញ្ញាតឱ្យ លីតា មានពេលសំលៀង និងសម្រួចទឹកដៃសំណេររបស់ខ្លួន។

កញ្ញា គ្រី លីតា ជាមួយមិត្តអ្នកធ្វើការងារស្ម័គ្រចិត្ត និងវាគ្មិន ក្នុងកម្មវិធីនិយាយជាសាធារណៈ Ignite Cambodia។ រូបភាព៖ កញ្ញា គ្រី លីតា
ក្រោយប្រឡូកក្នុងការងារជាអ្នកសារព័ត៌មានបានជិតមួយឆ្នាំមកនេះ អ្នកគ្រូ លីតា អះអាងថាខ្លួន មិនត្រឹមតែបានរៀនពីបច្ចេកទេសនៃការសរសេរ និងផលិតវីដេអូបានល្អជាងមុនទេ តែក៏បានឱ្យស្វែងយល់ពីដំណើរជីវិតមនុស្សម្នាផ្សេងៗគ្នា ដែលនាងបានជួបសម្ភាសន៍ផងដែរ។ «ពីមុន ខ្ញុំជួបតែសិស្សទេ។ ប៉ុន្តែពេលសម្ភាស យើងជួបមនុស្សច្រើន ដំណើរជីវិតរបស់ពួកគាត់ម្នាក់ៗក៏ខុសគ្នា ហើយខ្ញុំក៏បានរៀនសូត្រច្រើនពីពួកគាត់។ ពេលខ្លះខ្ញុំពិបាកចិត្ត តែពេលបានស្តាប់ពួកគាត់ ទើបខ្ញុំដឹងថា មិនមែនមានតែយើងទេដែលពិបាក។ ខ្ញុំក៏បានរៀនពីបញ្ហាពួកគាត់ ហើយអាចដឹងថា ត្រូវដោះស្រាយយ៉ាងណា បើខ្ញុំជួបបញ្ហានោះ»។ នេះជាការលើកឡើងរបស់ កញ្ញា គ្រី លីតា។
អ្នកគ្រូ គ្រី លីតា ជឿជាក់ថា ការប្រឹងប្រែង គួបផ្សំនឹងការសន្សំបទពិសោធន៍ក្នុងវិស័យសារព័ត៌មាននេះ នឹងជំរុញឱ្យនាងសម្រេចបំណងក្លាយជាអ្នកនិពន្ធនៅថ្ងៃអនាគត។ ជាមួយគ្នានេះ លីតា ក៏លើកទឹកចិត្តដល់យុវជនផ្សេងទៀត រក្សានូវការតស៊ូ អំណត់ និងបន្តខំប្រឹងប្រែងពង្រឹងសមត្ថភាព សម្រេចបានគោលដៅជីវិតរបស់ពួកគេ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: