ក្រសួងអប់រំ រៀបចំប្រឡងការតែងនិពន្ធ និងស្មូតកំណាព្យ ដើម្បីអបអរទិវាគ្រូបង្រៀន
- ថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៧:៥៩ នាទី ព្រឹក

ភ្នំពេញ៖ ក្រសួងអប់រំ បានណែនាំមន្ត្រីថ្នាក់ក្រោម ឱ្យរៀបចំការប្រឡងប្រណាំង តែងនិពន្ធ និង ស្មូត កំណាព្យប្រចាំឆ្នាំ ដើម្បីអបអរទិវាគ្រូបង្រៀន ៥តុលា។ ប្រធានបទនៃការប្រឡង តែងនិពន្ធ ស្មូតកំណាព្យនេះ គឺ«គ្រូបង្រៀនជាសសរស្តម្ភនៃកំណែទម្រង់សាលារៀនឆ្ពោះទៅរក ឧត្តមភាព»។

បើតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ ចេញថ្ងៃទី៦កញ្ញា ក្រសួងកំណត់ឈ្មោះ ពានរង្វាន់នៃការប្រឡងតែងនិពន្ធថា ពានរង្វាន់ សម្ដេចព្រះសង្ឃរាជ ជួនណាត និងពានរង្វាន់ ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ សម្រាប់ការប្រឡងស្មូតកំណាព្យ។
ការប្រួតនេះ ត្រូវរៀបចំឡើងជាពីរដំណាក់កាល។ ទី១ គឺការិយាល័យអប់រំ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន កំណត់ពេលប្រឡងរើសបេក្ខជនចំណាត់ថ្នាក់លេខ១ ទាំងពីរវិញ្ញាសា មានតែងនិពន្ធនិងស្មូតកំណាព្យ។ ដំណាក់កាលទី២ គ្រប់មន្ទីរត្រូវរៀបចំប្រឡងរើសបេក្ខជនលេខ១ប្រចាំរាជធានី-ខេត្ត ឱ្យហើយត្រឹមថ្ងៃទី២០កញ្ញា។ ជាមួយគ្នាដែរ មន្ត្រីមន្ទីរអប់រំ ត្រូវបញ្ជូនឈ្មោះបេក្ខជនលេខមួយ ទាំងពីរវិញ្ញាសា ទៅក្រសួងឱ្យបានមុនថ្ងៃទី២៥កញ្ញា។
ចំពោះការប្រឡងតែងនិពន្ធ និងស្មូតកំណាព្យថ្នាក់ជាតិ ក្រសួងនឹងរៀបឡើងនៅថ្ងៃទី២ដល់ថ្ងៃទី៤តុលា នៅក្រសួងអប់រំ។ រីឯ ការប្រកាសលទ្ធផល និងប្រគល់ពានរង្វាន់ លើវិញ្ញាសាទាំងពីរ ដល់បេក្ខជនទទួលបានជ័យលាភីលេខ១ លេខ២ និងលេខ៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥តុលា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
គោលការណ៍ ដាក់ពិន្ទុនិងលក្ខណៈវិនិច្ឆ័យ ក្នុងការប្រកួតតែងនិពន្ធ គឺផ្ដោតទៅលើ អត្ថរូប(រង្វាស់កាព្យ ចំណាប់ចួន ភាសាកាព្យ) អត្ថន័យ(ត្រឹមត្រូវតាមប្រធានបទ) អត្ថរស(តម្លៃអប់រំ គុណធម៌ និងសីលធម៌) និងអក្ខរាវិរុទ្ធ។ ដោយឡែក ការប្រកួតស្មូតកំណាព្យ គឺគណៈកម្មការវាយតម្លៃលើស្មូតគោលតាមលំនាំបទនៃកំណាព្យ ទឹកដមសំឡេងពីរោះក្រអួនក្រអៅ សំឡេងមិនដាច់ មិនភ្លាត់ ឬភ្លាវខុសចង្វាក់ រួមទាំងទឹកមុខ កាយវិការតាមបរិយាកាសនៃបទ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: