បើគ្មានអ្វីប្រែប្រែលទេ! រដ្ឋ នឹងអនុវត្តពន្ធលើចំណេញមូលធន២០ភាគរយ នៅដើមឆ្នាំ២០២៤
- ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៩:២៩ នាទី យប់

លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
សល់ជាង៣ខែទៀតប៉ុណ្ណោះ អគ្គនាយកដ្ឋានពន្ធដារ នឹងអនុវត្តពន្ធលើចំណេញមូលធន ចំនួន២០ភាគរយ។ ការប្រមូលពន្ធនេះ នឹងចាប់ផ្តើមពីថ្ងៃទី១មករា ឆ្នាំ២០២៤ទៅ បន្ទាប់ពីរដ្ឋាភិបាលពន្យារពេល អស់៣ឆ្នាំ ក្នុងការអនុវត្តពន្ធប្រភេទនេះ ព្រោះតែការឆ្លងរីករាលនៃជំងឺកូវីដ-១៩។

«យើងខ្ញុំបានត្រៀមខ្លួនរួចហើយ ក្នុងការដាក់ឱ្យអនុវត្តនូវពន្ធនេះ[ពន្ធចំណេញមូលធន]»។ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយដ្ឋានពន្ធដារ ថ្លែងបែបនេះក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស ស្តីពី ការយល់ដឹងអំពីពន្ធដារ នាព្រឹកថ្ងៃទី១៥កញ្ញានេះ ដោយបញ្ជាក់ថា ការអនុវត្តពន្ធនេះ គឺមិនប៉ះពាល់ដល់វិស័យអចលនទ្រព្យនៅកម្ពុជា ដែលកំពុងជាប់គាំងឡើយ។
បើតាមលោក គង់ វិបុល ការយកពន្ធលើចំណេញមូលធន២០ភាគរយពីម្ចាស់អចលនទ្រព្យនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋអនុញ្ញាតឱ្យកាត់កង៨០ភាគរយនៃប្រាក់ចំណេញសរុប។ លោកបានពន្យល់យ៉ាងដូច្នេះ៖ «ឥឡូវយើងលក់[អចលនទ្រព្យ]បាន១លាន[ដុល្លារ] ហើយតាមច្បាប់និងបទបញ្ញាត្តិត្រូវកាត់កង៨០ម៉ឺនដុល្លារចេញ។ លុយដែលនៅសល់២០ម៉ឺនដុល្លារនេះ យើងយកគុណនឹង២០ភាគរយ គឺវាស្មើនឹង៤ម៉ឺន[ដុល្លារ]។ អ៊ីចឹង! ១លានដុល្លារដែលបានពីការលក់អចលនទ្រព្យ គឺម្ចាស់បង់៤ម៉ឺនដុល្លារ»។
ដោយឡែក ពលរដ្ឋដែលលក់អចលនទ្រព្យរបស់ខ្លួនទៅខាត ឬបានត្រឹមតែរួចខ្លួនទេ គឺមិនជាប់ពន្ធលើចំណេញមូលធននេះឡើយ។
មុនពន្ធមូលធននេះ លេចចេញជារូបរាង សាធារណជន ជាពិសេសអ្នករកស៊ីអចលនទ្រព្យ កំពុងបង្ហាញក្តីព្រួយបារម្ភពីអាជីវកម្មខ្លួន ស្របពេលដែលវិស័យនេះកំពុងជាប់គាំង។
ផ្ទុយពីក្តីព្រួយបារម្ភនេះ កន្លងមក លោក គង់ វិបុល អះអាងថា ការអនុវត្តពន្ធនេះ មិនមែនជាការសង្កត់«ក» រាស្ត្រនោះទេ។ បើតាមលោក គង់ វិបុល ការបង្កើតពន្ធនេះ គឺដើម្បីយកប្រាក់ចំណេញពីអ្នកលក់អចលនទ្រព្យ មកជួយពលរដ្ឋក្រីក្រប៉ុណ្ណោះ។
លោក គង់ វិបុល បានសង្កត់ធ្ងន់ថា ពន្ធលើចំណេញមូលធននេះ វានឹងអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្រក្រី រួមទាំងការអភិវឌ្ឍជនបទ កសាងមន្ទីរពេទ្យ សាលារៀន ផ្លូវ អណ្ដូងទឹក និងស្រះទឹកជាដើម។ «បើសិនជាយើង មិនយក(ពន្ធ)ពីអ្នកដែលមានប្រាក់ចំណេញ វាហាកបីដូចជាបានពន្ធពីណាយក ។ ហើយរដ្ឋអត់យកពន្ធទេ ពីអ្នកដែលលក់ខាត ហើយប្រជាពលរដ្ឋទូទៅ បើសិនជាអត់មានការលក់ ក៏អត់ជាប់ពន្ធដែរ។ ពន្ធមូលធននេះ បើលក់ចំណេញចាំបង់ បើលក់មិនចំណេញ អត់បង់ អត់ត្រូវជាប់(ពន្ធ)ទេ»។ នេះជាការបញ្ជាក់របស់លោក គង់ វិបុល នៅក្នុងកម្មវិធីពន្ធដារកម្ពុជា ស្តីពី «ពន្ធលើចំណេញមូលធន» នៅថ្ងៃទី១ តុលា ឆ្នាំ២០២០៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: