ក្រសួងការងារបញ្ចេញតួលេខប្រាក់ឈ្នួលកម្មករ ២០២ដុល្លារ តែនៅពិភាក្សាសម្រេចចុងក្រោយ
  • ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ​​ ម៉ោង ៤:៣០ នាទី រសៀល
ក្រសួងការងារបញ្ចេញតួលេខប្រាក់ឈ្នួលកម្មករ ២០២ដុល្លារ តែនៅពិភាក្សាសម្រេចចុងក្រោយ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញតួលេខប្រាក់ខែគោលកម្មករ សម្រាប់ឆ្នាំ២០២៤ ក្នុងរង្វង់ទឹកប្រាក់២០២ដុល្លារ។ ក្រសួងការងារបានបង្ហាញតួលេខនេះ នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើកទី៥ នាថ្ងៃទី១៨ កញ្ញា។
TTN-Free-Banner-In-Article-PC


សម្រាប់កិច្ចប្រជុំនេះ មិនទាន់សម្រេចលទ្ធផលជាផ្លូវការនោះទេ។ ប៉ុន្តែភាគីទាំងអស់បានលើកយកតួលេខប្រាក់ឈ្នួលកម្មករ មកពិភាក្សាជាមួយអំណះអំណាងរៀងៗខ្លួន។ ក្នុងនោះភាគីនិយោជក ហ៊ានដំឡើងប្រាក់ឈ្នួលអប្បបរមាឱ្យកម្មករ និយោជិត តែ២០១.៥០ ដុល្លារតែប៉ុណ្ណោះ ខណៈសហជីពតំណាងកម្មករចង់ទាមទារឱ្យលើសនេះ។
 
ខាងសហជីពចំនួន១៧ រូប បានកំណត់យកតួលេខប្រាក់ឈ្នួលកម្មករ ចំនួន២ មកពិភាក្សា។ សហជីព ១២រូប ទាមទារឱ្យដំឡើងប្រាក់ឈ្នួល២០៤ដុល្លារ ខណៈសហជីព៥រូបទៀត ចង់បាន២១៣ដុល្លារឱ្យកម្មករ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
 
ស្របពេលដែលភាគីនិយោជក និងតំណាងកម្មករនិយោជិត ពិភាក្សាគ្នាលើប្រាក់ខែឈ្នួលនេះ ភាគីក្រសួងការងារ ក៏បានបញ្ចេញតួលេខមួយដែរ ដោយកំណត់ប្រាក់ឈ្នួល២០២ដុល្លារ សម្រាប់កម្មករ នៅឆ្នាំក្រោយ។ តែយ៉ាងណាភាគីពាក់ព័ន្ធទាំងអស់ នឹងប្រជុំសម្រេចចុងក្រោយ នៅថ្ងៃទី ២៨ កញ្ញា ។
 
កន្លងមកសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីពន្លឿនការចរចាប្រាក់ឈ្នួលអប្បបរមានេះ ដើម្បីឱ្យកម្មករ ទទួលបានដំណឹងល្អពីការដំឡើងប្រាក់ខែគោល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ 
 
សូមជម្រាបថា ប្រាក់ខែគោលកម្មករកាត់ដេរឆ្នាំ២០២៣ គឺ២០០ដុល្លារក្នុងមួយខែ៕

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធឿន បញ្ញាឬទិ្ធ