ប៉ូលិសថៃរឹបអូសគ្រឿងញៀនតម្លៃ៨,១៥លានដុល្លារ
- ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ១១:២៩ នាទី ព្រឹក

ប៉ូលិសថៃបានរឹបអូសថ្នាំមេតំហ្វេតាមីនជាង១៥លានគ្រាប់ និងសារធាតុខុសច្បាប់ផ្សេងទៀតតម្លៃ៣០០លានបាត (៨,១៥លានដុល្លារ)។ អាជ្ញាធរថៃ បានបញ្ជាក់នៅថ្ងៃទី២៨ ខែ កញ្ញាថា ចំនួននេះជាគ្រឿងញៀនដ៏ធំបំផុតក្នុងឆ្នាំ២០២៣។

ក្នុងប្រតិបត្តិការនៅផ្ទះមួយក្នុងខេត្តនគរបឋម ប៉ូលិសថៃចាប់ខ្លួនមនុស្ស៤នាក់ និងថ្នាំញៀនប្រភេទ មេតំហ្វេតាមីនគ្រីស្តាល់៤២០គីឡូក្រាមព្រមទាំងហេរ៉ូអ៊ីនមួយចំនួនទៀត។
«នេះគឺជាកន្លែងផ្ទុកគ្រឿងញៀនដ៏ធំបំផុតមួយនៅកណ្តាលប្រទេសថៃ»។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ Tawee Sodsong បានប្រាប់អ្នកសារព័ត៌មានបែបនេះ។
ចំណែកឧត្តមសេនីយ៍ Torsak Sukvimol ដែលនឹងក្លាយជាអគ្គស្នងការប៉ូលិសថៃបានលើកឡើងថា ថ្នាំញៀនទាំងនេះត្រូវបានផលិតនៅក្នុងប្រទេសជិតខាង។
ក្នុងការបាយការណ៍ចេញដើមឆ្នាំនេះ អង្គការសហប្រជាជាតិ (UN) អះអាងថា ការជួញដូរថ្នាំញៀននៅតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍កំពុងកើនឡើង ដោយបរិមាណថ្នាំមេតំហ្វេតាមីនត្រូវបានផលិតចេញពីតំបន់ត្រីកោណមាសដែលជាព្រំប្រទល់រវាងមីយ៉ាន់ម៉ា ថៃ និងឡាវ។
តំបន់ត្រីកោណមាសនេះ មានប្រវត្តិការផលិតគ្រឿងញៀនខុសច្បាប់ជាយូរមកហើយហើយថ្មីៗនេះបានក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំសម្រាប់សារធាតុរំញោចប្រភេទអាំហ្វេតាមីន ជាពិសេសថ្នាំមេតំហ្វេតាមីន ដែលប្រើប្រាស់ដោយក្រុមឧក្រិដ្ឋកម្មអាស៊ី ជាមួយនឹងបណ្តាញចែកចាយរហូតដល់ជប៉ុន និងនូវែលសេឡង់ឯណោះ៕
អ្នកសរសេរអត្ថបទ
ជា ពេជ្រដាឡែន គឺជាអ្នកសារព័ត៌មានក្រៅម៉ោងនៃសារព័ត៌មានថ្មីៗ។ បច្ចុប្បន្ន ដាឡែន ជានិស្សិតឆ្នាំទីបី ផ្នែកសិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ ដាឡែន តាមដានព័ត៌មានទាក់ទង កិច្ចការអន្តរជាតិ ព្រមទាំងបញ្ហានយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ CHEA Pichdalen is a part-time international news reporter at Thmey Thmey. Currently, she is also a junior student majoring in International Studies at Institute of Foreign Languages at Royal University of Phnom Penh. She covers current international affairs as well as ongoing political issues in the Southeast Asia region.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៤ ថ្ងៃ