ចង់លើកស្ទួយផលិតផលក្នុងស្រុក! អ្នកស្រី ស៊ឹម សេរីរ័ត្ន ច្នៃត្រីងៀតនាំចេញទៅក្រៅប្រទេស
- ថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ១០:៣៩ នាទី ព្រឹក

សៀមរាប៖ អ្នកស្រី ស៊ឹម សេរីរ័ត្ន ជាម្ចាស់សហគ្រាស Home Taste Food ដែលមានទីតាំងនៅខេត្តសៀមរាប។ ស្រ្តីរូបនេះ បានបង្កើតសហគ្រាសកែច្នៃជលផលក្រោយប្រមូលផល ដូចជា ត្រីដៀប, ត្រីប្រាហើម, ត្រីងៀតត្រីរ៉ស់, ត្រីអណ្ដែង និងត្រីមួយចំនួនទៀត។ ក្រៅពីផ្គត់ផ្គង់ត្រីងៀតនៅក្នុងខេត្តសៀមរាប រាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន អ្នកស្រី សេរីរ័ត្ន ក៏បាននាំចេញទៅប្រទេសមួយចំនួន តាមរយៈឈ្មួញកណ្ដាលផងដែរ។

សូមអញ្ជើញទស្សនាវីដេអូខាងកក្រោមដូចតទៅ៖
ក្នុងបរិបទកូវីដ-១៩ តម្រូវការត្រីងៀតមានការកើនឡើង បានធ្វើឱ្យអ្នកស្រី ស៊ឹម សេរីរ័ត្ន និងស្វាមី បង្កើតសហគ្រាសកែច្នៃត្រីងៀតនៅឆ្នាំ។ មូលហេតុដែលអ្នកស្រី សេរីរ័ត្ន បង្កើតកន្លែងកែច្នៃត្រី ដោយសារអ្នកស្រីចង់លើកស្ទួយផលិតផលក្នុងស្រុក ជាពិសេសមានគុណភាព និងស្ដង់ដារដល់អតិថិជន។

ក្នុងដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផលក្រោយប្រមូលផល ដែលរៀបចំដោយក្រសួងកសិកម្ម និងអង្គការ UNIDO អ្នកស្រី ស៊ឹម សេរីរ័ត្ន បានឱ្យដឹងថា ត្រីងៀតនេះ បាននាំចេញទៅបរទេសតាមរយៈឈ្មួញកណ្ដាល។ បើតាមម្ចាស់សហគ្រាសរូបនេះ ថ្ងៃមុខអ្នកស្រី មានបំណងនាំចេញត្រីងៀតដោយខ្លួនឯង និងផ្លូវការ។

ត្រីងៀត។ រូបភាពញឹក ស្រីល័ក្ខ
តាមរយៈការកែច្នៃប្រកបដោយអនាម័យ និងគិតគូរលើសុវត្ថិភាពម្ហូបអាហារ សហគ្រាសរបស់អ្នកស្រី បានទទួលវិញ្ញាបនប័ត្រ CQS ដែលជានិមិត្តសញ្ញាគុណភាពផលផលិតផលជលផលកម្ពុជា។ វិញ្ញាបនប័ត្រ CQS បានធ្វើឱ្យកែច្នៃរបស់អ្នកស្រី សេរីរ័ត្ន កាន់តែមានទំនុកចិត្តពីអតិថិជន។

សូមបញ្ជាក់ថា សហគ្រាសនេះ ទទួលបានការគាំទ្រផ្នែកបច្ចេកទេស សម្ភារ បរិក្ខារ និងជំនួយបច្ចេកទេស ពីកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច និងមធ្យម នៃគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផលក្រោមសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប ដើម្បីលើកកម្ពស់អាជីវកម្ម អនុលោមតាមលក្ខខណ្ឌតម្រូវនៃសុវត្ថិភាពម្ហូបអាហារ និងបង្កើនភាពប្រកួតប្រជែងរបស់សហគ្រាសឱ្យកាន់តែប្រសើររបស់អង្គការ UNIDO៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: