សម្ដេច ហ៊ុន ម៉ាណែត ឯកភាព «បង្កើតស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប៉ាគីស្ថាន»
- ថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៦:៣១ នាទី ល្ងាច

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជួបពិភាក្សាជាមួយលោក ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា នាវិមានសន្តិភាព នៅថ្ងៃទី៤ តុលា ឆ្នាំ២០២៣។
រដ្ឋាភិបាល ឯកភាព«បង្កើតស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប៉ាគីស្ថាន» ។ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជួបពិភាក្សាជាមួយលោក ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំកម្ពុជា នាវិមានសន្តិភាព នៅថ្ងៃទី៤ តុលា។

អគ្គរដ្ឋទូតប៉ាគីស្ថាន បានអញ្ជើញសម្ដេច ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅប៉ាគីស្ថាន និងស្នើសុំឱ្យបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប៉ាគីស្ថាន ដើម្បីជួយសម្រួលដល់យន្តការផ្សេងៗ ជាពិសេសបម្រើឱ្យវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានឯកភាពចំពោះការស្នើឱ្យបង្កើតស្ថានទូតកម្ពុជាប្រចាំទីនោះ ដែលវាដូចទៅគំនិតរបស់សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលធ្លាប់បានឯកភាព កាលពីពេលមុនដែរ ។
ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តអនុវត្តគោលនយោបាយនៃការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយប៉ាគីស្ថាន។ សម្ដេច សង្ឃឹមថា ប្រទេសទាំងពីរនឹងពង្រឹងទំនាក់ទំនងកាន់តែប្រសើរឡើងថែមទៀត ។
កន្លងមក ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នានៅក្នុងវិស័យជាច្រើន ដូចជាវិស័យពាណិជ្ជកម្មជាដើម តាមរយៈការបង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ (Joint Trade Committee) ដែលជាយន្តការល្អមួយ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនេះ។ ដោយទ្បែក វិស័យការពារជាតិ ក៏បានស្តែងឡើងតាមរយៈការចូលចតនាវា និងការបំពេញទស្សនកិច្ចផ្លូវការរបស់មន្ត្រីយោធាជាន់ខ្ពស់ផងដែរ ។ លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងវិស័យកសិកម្ម៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: