ដឹកនាំបាន១ខែ រដ្ឋាភិបាល សន្សំថវិកាជាតិបាន២០០លានដុល្លារ ពីការព្យួរចំណាយលើគម្រោងផ្សេងៗ
  • ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ ​​ ម៉ោង ៨:១៩ នាទី យប់
ដឹកនាំបាន១ខែ រដ្ឋាភិបាល សន្សំថវិកាជាតិបាន២០០លានដុល្លារ ពីការព្យួរចំណាយលើគម្រោងផ្សេងៗ

រដ្ឋាភិបាលសម្ដេច ហ៊ុន ម៉ាណែត បានសន្សំថវិកាជាតិ២០០លានដុល្លារ ពីការព្យួរចំណាយលើគម្រោងផ្សេងៗ ដែលមិនទាន់ជាតម្រូវការចំបាច់។ សម្ដេច អះអាងបែបនេះ នៅក្នុងពិធីប្រារព្ធគ្រូបង្រៀនលើកទី២៦ ថ្ងៃ៥តុលា ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព»  នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
TTN-Free-Banner-In-Article-PC


«គម្រោងខ្លះ មិនចាំបាច់លុបវាទៅ យកលុយហ្នឹងបង្វែរ ទៅអ្វីដែលសំខាន់ ហើយប្រើឲ្យអស់លទ្ធភាព នូវអ្វីដែលយើងមាន »។ នេះជាការលើកឡើងរប​ស់សម្ដេច ហ៊ុន ម៉ាណែត ដែលដឹកនាំរដ្ឋាភិបាលបានជាង១ខែ បើគិតចាប់ពេលស្បថចូលកាន់តំណែង កាលពីថ្ងៃទី២២ សីហា។
 
ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា គម្រោងមួយចំនួន ដែលស្ថិតនៅក្នុងការសិក្សា ហើយមិនទាន់ជាតម្រូវការចាំបាច់នោះ ត្រូវព្យួរកិច្ចការងារនោះសិនទៅ ហើយត្រូវទុកថវិកា ដើម្បីយកមកដោះស្រាយបញ្ហាផ្សេងៗ នៅចំពោះមុខវិញ។
 
«ថ្ងៃមុន ខ្ញុំគ្រាន់តែឲ្យកែសម្រួល ព្យួរការចំណាយទៅលើកិច្ចការ មិនសំខាន់មួយចំនួន ខ្ញុំសន្សំបានជាង២០០លានដុល្លារ សម្រាប់ឆ្នាំ២០២៣នេះ»។ នេះបើតាមលោកនាយករដ្ឋមន្រ្តី ដែលបានបន្ថែមថា ថវិកាដែលសន្សំបាន២០០លានដុល្លារនេះ នឹងអាចជួយដល់គម្រោងគាំពារសង្គមរបស់រដ្ឋាភិបាល ដូចជា ការជួយដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ជាដើម។
 
សម្រាប់សម្ដេច ហ៊ុន ម៉ាណែត ការកាត់ចោលគម្រោងមិនចាំបាច់នេះ វាមិនប៉ះពាល់ដល់អារម្មណ៍អ្នកសរសេរ និងរៀបចំគម្រោងឡើយ ព្រោះរដ្ឋត្រូវការយកថវិកាទៅអនុវត្តលើកិច្ចការងារអាទិភាព និងចំគោលដៅមុន។ 
 
បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាល ក៏ស្នើឱ្យគ្រប់ក្រសួង ស្ថាប័នទាំងអស់ ពិនិត្យមើលលើគម្រោងនានា ដែលមិនទាន់ចាំបាច់ ត្រូវលុបចោលសិនផងដែរ ក្នុងគោលដៅសន្សំថវិកាជាតិ ដើម្បីប្រើប្រាស់ឱ្យមានប្រសិទ្ធភាព ។ សម្ដេច ក៏ស្នើឱ្យមន្ត្រីទាំងអស់ ត្រូវចូលរួម និងលះបង់ ដើម្បីដើរលើផ្លូវរួមមួយ ជារដ្ឋាភិបាល៕
 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធឿន បញ្ញាឬទិ្ធ