សម្ដេច ហ៊ុន សែន៖ បើរដ្ឋាភិបាលអ៊ីស្រាអែល មិនតម្រូវឱ្យយើងចាកចេញទេ យើងកុំរត់ចោលប្រជាជនអ៊ីស្រាអែល
- ថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៨:៥៩ នាទី យប់

«ប្រសិនបើប្រជាជន រដ្ឋាភិបាលអ៊ីស្រាអែល មិនតម្រូវឱ្យយើងចាកចេញទេ យើងកុំចាកចេញរត់ចោលប្រជាជនអ៊ីស្រាអែល»។ នេះជាសារនយោបាយរបស់សម្ដេច ហ៊ុន សែន នៅក្នុងពិធីបិទបញ្ចប់ការថត ខ្សែភាពយន្តភាគ រឿង “ កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” នៅថ្ងៃទី៩ តុលា ។

ប្រធានគណបក្សប្រជាជនរូបនេះ យល់ឃើញថា បើសិនជាឱ្យពលរដ្ឋ និងនិស្សិតដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែល រត់ចោលប្រជាជនអ៊ីស្រាអែល ដែលកំពុងជួបការលំបាកនៃគ្រារងការវាយប្រហារនេះ គឺមិនចាំបាច់សុំអាហារូបករណ៍ទៅរៀន និងទៅធ្វើការនៅទីនោះឡើយ។ ក្នុងន័យនេះ សម្ដេច ហ៊ុន សែន ចង់សំដៅលើការអនុវត្តនយោបាយការទូត នៅចំពោះមុខ ដែលមិនត្រូវរត់ចោលគ្នា ក្នុងគ្រាលំបាកឡើយ។
ត្រង់ចំណុចនេះ អតីតនាយករដ្ឋមន្ត្រី ដែលដឹកនាំប្រទេសជាង៣៨ឆ្នាំកន្លងមកនេះ បានលើកយកបទពិសោធន៍នយោបាយការទូត ដែលសម្ដេចសម្រេចបានជាមួយកូរ៉េខាងត្បូង និងចិន ក្នុងគ្រាលំបាក។ ក្នុងនោះ សម្ដេចធ្លាប់មិនឱ្យប្រជាពលរដ្ឋ និងនិស្សិត ចាកចេញពីកូរ៉េខាងត្បូងទេ កាលពីអំឡុងឆ្នាំ២០១៤ គ្រាដែលកូរ៉េខាងជើងព្រមានប្រើម៊ីស៊ីល បាញ់កម្ទេចទីក្រុងសេអ៊ូល។
ដោយឡែកនៅឆ្នាំចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ សម្ដេច ហ៊ុន សែន ក៏បានអនុវត្តគោលនយោបាយបែបនេះដូចគ្នាជាមួយចិន អំឡុងពេលដែលផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ។ ដូច្នេះសម្រាប់ប្រធានគណបក្សប្រជាជនរូបនេះ ការអនុវត្តនយោបាយការទូតនៅក្នុងគ្រាលំបាក ជារឿងចាំបាច់បំផុត ដែលត្រូវគោរព និងមិនត្រូវគេចវេះយករួចខ្លួនឡើយ។
តែយ៉ាងណាសម្ដេច ហ៊ុន សែន ដែលពោរពេញដោយនយោបាយការទូតនេះ បានផ្ដល់យោបល់ឱ្យសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែរថា ប្រសិនអ៊ីស្រាអែលតម្រូវឱ្យកម្ពុជា ជម្លៀសពលរដ្ឋចេញពីអ៊ីស្រាអែល គឺកម្ពុជា មិនខ្លាចនឹងជួលយន្តហោះពិសេស ទៅដឹកនិស្សិត និងពលរដ្ឋនោះទេ ទោះបីជាអស់ថវិកាច្រើនក្តី។
«ក្នុងករណីដែរ រដ្ឋាភិបាលអ៊ីស្រាអែលថា ចាំបាច់ត្រូវតែជម្លៀសប្រជាពលរដ្ឋ និស្សិតកម្ពុជាចេញ យើងកុំខ្លាចជាមួយនឹងការចំណាយប្រាក់កាសជួលយន្តហោះពិសេស ទៅដឹកនិស្សិតរបស់យើងជា៤០០នាក់ ចេញពីអ៊ីស្រាអែល។ ប៉ុន្តែខ្ញុំមិនជឿថាអ៊ីស្រាអែល គាត់នឹងមានសំណូមពរបែបនេះ ចំពោះយើងនោះទេ»។ នេះបើតាមសម្ដេច ហ៊ុន សែន។
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បានណែនាំឱ្យកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដែលកំពុងរស់នៅ និងបំពេញបេសកកម្មនៅលីបង់ ត្រូវស្ដាប់បទបញ្ជារបស់អង្គការសហប្រជាជាតិ ក្រោយអ៊ីស្រាអែល ប្រកាសវាយប្រហារតបតវិញ ដែលវាអាចនឹងប៉ះពាល់ដល់លីបង់ ដែលមានក្រុមអេស្កូឡា គាំទ្រក្រុមហាម៉ាស។ តែបញ្ហានេះ ស្ថិតនៅក្នុងការចរចាអន្តរជាតិ។ សម្ដេច ក៏កំពុងយកចិត្តទុកដាក់បញ្ហានេះដែរ។
ក្រោយបកស្រាយអស់ហើយ សម្ដេច ពន្យល់ថា សារដែលសម្ដេចលើកឡើងនេះ ក្នុងនាមជាប្រធានគណបក្សប្រជាជន ដែលអាចមានសិទ្ធិបកស្រាយពីនយោបាយក្នុងស្រុក និងអន្តរជាតិ ប៉ុន្តែគ្រាន់តែគ្មានសិទ្ធិបញ្ជាកងកម្លាំងប្រដាប់អាវុធ ឬសម្រេចចិត្តនានា ជំនួសនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។
កាលពីព្រឹកថ្ងៃទី៧ ខែតុលាមក ក្រុមហាម៉ាស បានបាញ់គ្រាប់រ៉ុក្កែតប្រមាណ ៥០០០គ្រាប់ ក្រោមយុទ្ធនាការ Operation Al-Aqsa Flood ប្រឆាំងអ៊ីស្រាអែល។ តាមការបញ្ជាក់របស់អ្នកនាំពាក្យយោធាអ៊ីស្រាអែល ក្រុមហាម៉ាស បានបាញ់គ្រាប់រ៉ុក្កែតចេញពីសមុទ្រ ដី និងអាកាស។ ជម្លោះនេះ មានសភាធ្ងន់ធ្ងរខ្លាំង បើគិតចាប់តាំងពីឆ្នាំ២០២១ មក ដែលកាលនោះមានសង្រ្គាមរយៈពេល ១១ថ្ងៃ។
គិតត្រឹមព្រឹកថ្ងៃទី៩ ខែតុលា ករណីស្លាប់នៅក្នុងដែនដីអ៊ីស្រាអែលបានកើនឡើងដល់ជាង ៧០០ករណី ខណៈប្រជាជននៅក្នុងតំបន់កាហ្សាមានអ្នកស្លាប់ជាង៤១៣នាក់។ នេះជាករណីស្លាប់ច្រើនបំផុតនៅអ៊ីស្រាអែលបើគិតចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល-អារ៉ាប់ ក្នុងឆ្នាំ១៩៧៣។
ជាមួយគ្នានេះ ក្រុមហាម៉ាស បានចាប់ខ្លួនចំណាប់ខ្មាំងជាង១០០នាក់។ ជនបរទេសជាច្រើនត្រូវបានរាយការណ៍ថា ត្រូវបានសម្លាប់ ចាប់ខ្លួន និងបាត់ខ្លួន ក្នុងនោះរួមមានប្រជាជនថៃ ប្រេស៊ីល អាម៉េរិក បារាំង អាល្លឺម៉ង់ អ៊ុយក្រែន និងបណ្តាប្រទេសផ្សេងទៀត។
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: