ជនជាតិថៃស្លាប់ក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស កើនដល់២១នាក់
  • ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣ ​​ ម៉ោង ២:៥៩ នាទី រសៀល
ជនជាតិថៃស្លាប់ក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស កើនដល់២១នាក់

នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បាននិយាយនៅថ្ងៃទី១២ ខែតុលា ថា ជនជាតិថៃ២១នាក់ហើយត្រូវបានសម្លាប់នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។
TTN-Free-Banner-In-Article-PC
 
ជនជាតិថៃ ស្ថិតក្នុងចំណោមជនរងគ្រោះបរទេសច្រើនជាងគេក្នុងជម្លោះប្រដាប់អាវុធរវាងអ៊ីស្រាអែល និងហាម៉ាសប ដែលចាប់ផ្ដើមក្រោយក្រុមសកម្មជនដែលគ្រប់គ្រងតំបន់ជ្រោយហ្កាងហ្សាវាយប្រហារយ៉ាងភ្ញាក់ផ្អើលលើអ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលា។ ជនជាតិថៃមួយចំនួន ក៏ត្រូវបានចាប់ជាចំណាប់ខ្មាំងដែរ។
 
នាយករដ្ឋមន្រ្តីថៃ សេដ្ឋ ថាវីស៊ីន អះអាងថា ជាមួយការព័ត៌មាននៅយប់ថ្ងៃទី១១ ខែតុលា ​​ជនជាតិ​ថៃ​ម្នាក់​ទៀត​បាន​ស្លាប់​ ដែលធ្វើឱ្យចំនួនសរុប​កើន​ដល់​២១​នាក់​ហើយ។ យោង​តាម​ក្រសួង​ការងារ​របស់​ប្រទេស​ថៃ​ ​ជនជាតិ​ថៃ​ប្រមាណ៣ម៉ឺននាក់ កំពុងរស់នៅ និងធ្វើការ​នៅ​អ៊ីស្រាអែល ដែល​ភាគ​ច្រើន​ធ្វើ​ការ​ក្នុង​វិស័យ​កសិកម្ម។
 
ជាមួយគ្នានេះ អាជ្ញាធរថៃ ក៏បានដឹកជញ្ជូនជនជាតិថៃខ្លះពីអ៊ីស្រាអែលដែរ។​ ប្រជាជនថៃជាង៥ពាន់នាក់ កំពុងស្វែងរកការវិលត្រឡប់ទៅថៃវិញ ហើយអ្នកការទូតកំពុងរិះរកជម្រើសជម្លៀសពលរដ្ឋថៃតាមច្រកសមុទ្រ និងដីគោក។
 
ជើង​ហោះ​ហើរ​ធ្វើ​មាតុភូមិ​និវត្ត​ន៍របស់​ថៃ​ ​គ្រោង​​ចាក​ចេញ​ពី​អ៊ីស្រាអែល​នៅ​ចុងសប្ដាហ៍នេះ និងនៅ​សប្តាហ៍​ក្រោយ។
 
ស្ថានភាពនៅអ៊ីស្រាអែល និងជ្រោយហ្កាហ្ដា នៅតែតានតឹងខ្លាំង ខណៈដែលយោធាអ៊ីស្រាអែល បានបន្តវាយលុកគោលដៅរបស់ក្រុមហាម៉ាសនៅតំបន់ជ្រោយហ្គាហ្សាសម្រាប់ថ្ងៃទី៥ ជាការសងសឹកការវាយប្រហាររបស់សកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់បានកើនឡើងដល់រាប់ពាន់នាក់ទៅហើយ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ  បានប្តេជ្ញាថានឹងបំផ្លាញក្រុមហាម៉ាសទាំងស្រុង៕
 

អ្នកសរសេរអត្ថបទ

តន ចាន់រិទ្ធារ៉ា ចូលប្រឡូូកក្នុងវិស័យសារព័ត៌មានក្នុងឆ្នាំ២០១៥។ ធារ៉ា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រសិក្សាអន្តរជាតិពីវិទ្យាស្ថានភាសាបរទេសក្នុងឆ្នាំ២០១៦៕ 

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

តន ចាន់​រិ​ទ្ធា​រ៉ា