កាតាបដែលខ្ញុំប្រើនៅវិទ្យាល័យកាលពី ៣០ឆ្នាំមុន
- ថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៧:៣៩ នាទី ល្ងាច

ភ្នំពេញ៖ ក្នុងវីដេអូនេះ រូបខ្ញុំ នាយ យ៉ាន ស្លៀកពាក់ខោអាវដូចសិស្សសាលារៀន។ គឺដើម្បីណែនាំអំពីវត្ថុមួយចំនួន ដែលខ្ញុំបានប្រើប្រាស់ក្នុងការរៀន កាលពី៣០ឆ្នាំមុន នោះគឺកាតាប ដែលទិញនៅក្នុងឆ្នាំ១៩៩៣ និងសម្ភារគូររូបគំនូរផ្សេងៗ ពីឆ្នាំ១៩៩០-១៩៩៧។

ដើម្បីជ្រាបច្បាស់សូមអ្នកនាងទស្សនាការអត្ថាធិប្បាយបន្ថែមពីនាយ យ៉ាន នៃសារព័ត៌មានថ្មីៗដូចតទៅ៖
កាលពីខ្ញុំរៀនថ្នាក់ទី៩ នៅអនុវិទ្យាល័យ ម្ដាយរបស់ខ្ញុំបានទិញកាតាបថ្មីមួយឱ្យខ្ញុំ។ ពេលនោះ ខ្ញុំមានមោទកភាពណាស់ ពីព្រោះមិនមែនជាកាតាបសម្រាប់ក្មេងជំទង់ទេ គឺជាកាតាបសម្រាប់មនុស្សធំវិញ ដូចគ្រូតែម្ដង។
វាធ្វើពីស្បែកគោ។ ខាងក្រៅ វាមានពណ៌ខ្មៅ និងខាងក្នុង វាមានពណ៌ពងមាន់។ វាមានបណ្ដោយ ៣៦សង់ទីម៉ែត្រ កម្ពស់ ២៧សង់ទីម៉េត្រ និងទទឹងប្រហែល ១០សង់ទីម៉ែត្រ ប៉ុន្តែតាមពិតវាអាស្រ័យតាមសៀវភៅ និងឯកសារ ក្រាស់ ឬស្ដើង ដែលយើងដាក់ក្នុង។ ពីព្រោះខាងក្នុងកាតាបនេះមាន ៣ផ្នែក មុខ កណ្ដាល ក្រោយ ហើយមួយពិសេសបន្ថែមខាងមុខ ដែលអាចបិទជាមួយខ្សែរូតបាន។ ខាងក្រៅ មានលោហធាតុបន្តិច ដូចជាដងកាន់ និងប្រដាប់បិទ។ កាតាបយួរនេះមានទម្ងន់១គីឡូក្រាម។ កាលពីនៅថ្មី វាមានតម្លៃប្រហែល ១៥០ ០០០ រៀល។ នៅពេលនេះវិញ តាមទីផ្សារប្រើប្រាស់ហើយ មានតម្លៃក្រោម ៥០ ០០០រៀល។ ក្រុមហ៊ុន SAVEBAG បានផលិតវានាឆ្នាំ១៩៩៣ នៅឯប្រទេសបារាំង។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើង ឆ្នាំ១៩៦៣។
តើកាតាបដ៏រឹងមាំនេះមានអ្វីខាងក្នុង ? មានសម្ភារគូររូបគំនូរ ដែលខ្ញុំប្រើកាលពីខ្ញុំរៀន នៅវិទ្យាល័យ ! ឆ្នាំ១៩៩៤ ខ្ញុំចូលវិទ្យាល័យបច្ចេកទេស ដើម្បីរៀនផ្នែកសិល្បៈគូររូប។ តាំងពីជំនាន់នោះ ខ្ញុំសល់សម្ភារដូចជា : កាបូបតូចមួយ ពីឆ្នាំ១៩៩១ ដីពណ៌១កញ្ចប់វែង ពីឆ្នាំ១៩៩២ ទឹកថ្នាំពណ៌ខៀវ១ដប ពីឆ្នាំ១៩៩៣ ធ្យូងដៃ២ដើម ខ្មៅដៃ១ដើម ខ្មៅដៃពណ៌អាចលាយទឹកបាន១ប្រអប់ ៣បន្ទាត់វែងធ្វើពីជ័រនិងដែក១បណ្ដុំ ឧបករណ៍គូរបន្ទាត់កោងធ្វើពីជ័រ១គូ ឧបករណ៍គូររង្វង់ធ្វើពីជ័រ១គូ ជក់គុណភាពខ្ពស់១គូ ឧបករណ៍គូររូបសញ្ញាឡូហ្កូ១បណ្ដុំ ជ័រលប់ទឹកថ្នាំ១ដុំ ពីឆ្នាំ១៩៩៤ទាំងអស់ ឧបករណ៍ឆ្លាក់ និងបោះពុម្ពរូប១បណ្ដុំ ពីឆ្នាំ១៩៩៦ ហើយហ្វ៊ើតអាល់កុល៣ចុងគ្រប់ពណ៌១កាបូប ពីឆ្នាំ១៩៩៧ ព្រមទាំងសៀវភៅ ស្ដីអំពីការគូរគំនូរ១ក្បាល ពីឆ្នាំ១៩៩០ និង២ក្បាល ពីឆ្នាំ១៩៩៣។
ប្រសិនបើលោកអ្នកមានវត្ថុបុរាណ ដែលលោកអ្នកនៅតែប្រើ តែខូចច្រើន ឬវត្ថុបុរាណ ដែលលោកអ្នកទុកចោល អញ្ជើញជួសជុលវា និងសម្អាតវាឱ្យបានល្អបំផុត យ៉ាងលម្អិតម្ដង ហើយការពារវា ដោយទុកវាក្នុងកន្លែងសមរម្យ ដើម្បីកុំឱ្យវាខូចច្រើនជាង។ ពីព្រោះវត្ថុនោះជួយរំឭកអតីតកាលរបស់លោកអ្នក ! ឧទាហរណ៍កាតាបខាងលើ ខ្ញុំបានប្រើវារហូតដល់ខែសីហា ឆ្នាំ២០២៣នេះ។ ក៏ប៉ុន្តែវាចាប់ផ្ដើមរហែកពេក។ នេះជាមូលហេតុដែលបានធ្វើឱ្យខ្ញុំសម្រេចឈប់ប្រើវា។ ដូច្នេះខ្ញុំសំអាតវាជាលើកចុងក្រោយ : ខ្ញុំជូតវាជាមួយកន្សែងសើម ខ្ញុំវាយស៊ីរ៉ាសខ្មៅ ខ្ញុំបាញ់ថ្នាំការពារដែក កុំឱ្យច្រែះស៊ីវា ហើយខ្ញុំវាយថ្នាំប៉ូលាលើផ្នែកដែក ដើម្បីវារលោង។ រួចរាល់ហើយខ្ញុំបិតប្លាស្ទិកខ្យល់ជុំវិញវា ហើយខ្ញុំដាក់វាទុកក្នុងទូអភិរក្ស។
ពាក្យ កាតាប ជា ពាក្យកម្ចីពីភាសាបារាំង : cartable ។ ទាំងពីរភាសា មាននៃថា កាបូបយួរក៏បាន ស្ពាយក៏បាន សម្រាប់ដាក់សៀវភៅ ឯកសារ សឺម៉ី និងក្រដាសផ្សេងៗជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com