សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាង៣០នាក់ ក្នុងពេលបង្ក្រាបទីតាំងសង្ស័យលួចថតរឿងអាសអាភាស
- ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៣:២៩ នាទី រសៀល

ទិដ្ឋភាពនៅទីតាំងសង្ស័យ ក្នុងពេលសមត្ថកិច្ចជំនាញចុះបង្ក្រាបបទល្មើសសង្ស័យលួចផលិតភាពយន្តអាសអាភាស កាលពីយប់ថ្ងៃទី២៤តុលា។ រូបភាព៖ ហ្វេសប៊ុកលោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ
ភ្នំពេញ៖ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យជាង ៣០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបករណីសង្ស័យលួចលាក់ថតភាពយន្តអាសអាភាស នៅអគារស្នាក់នៅមួយកន្លែងក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាយប់ថ្ងៃទី២៤តុលា ឆ្នាំ២០២៣។ លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី២៥ តុលានេះ។

យ៉ាងណាក៏ដោយលោក ឆាយ គឹមខឿន មិនទាន់អាចបញ្ជាក់អត្តសញ្ញាណជនសង្ស័យនៅឡើយ ដោយរង់ចាំការសាកសួរចម្លើយ និងការស្រាវជ្រាវបន្ថែមពីសមត្ថកិច្ចជំនាញសិន។
«ជនសង្ស័យជាង៣០នាក់ មិនទាន់បែងចែក(ជនជាតិ)នៅឡើយទេ ទាល់តែយើងសួរឱ្យអស់សិន។ មនុស្សជាង៣០នាក់នេះ ត្រូវតែសួរឱ្យច្បាស់លាស់ តើជនជាតិចិន វៀតណាម ខ្មែរ ឬយ៉ាងណា?រឿងហ្នឹងទុកឱ្យសមត្ថកិច្ច(ជំនាញ) ធ្វើការសិន»។ លោក ឆាយ គឹមខឿន បញ្ជាក់ដូច្នេះមុននឹងសង្កត់ធ្ងន់ថា បើសមត្ថកិច្ចរកឃើញថាពួកគេពិតជាបានប្រព្រឹត្តបទល្មើសដូចការសង្ស័យនោះមែន ជនសង្ស័យ នឹងបញ្ជូនពួកគេឱ្យតុលាការកាត់ទោសតាមច្បាប់។

សូមជម្រាបថា ការបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យលួចលាក់ថតភាពយន្តអាសអាភាសនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចជំនាញនៃនាយករដ្ឋប្រឆាំងបទល្មើសព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ទទួលបានពាក្យបណ្តឹងពីស្ត្រីខ្មែរ២រូប ដែលអះអាងថាខ្លួនជាជនរងគ្រោះនៅក្នុងករណីនេះ។
ជុំវិញការបង្ក្រាបករណីនេះដែរ លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួនថា គឺជាការអនុវត្តទិសដៅ២ ក្នុងចំណោមទិសដៅទាំង៦របស់ក្រសួងមហាផ្ទៃ នោះគឺការបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅផង និងបទល្មើសក្នុងរង្វង់អំពើជួញដូរមនុស្សផង។ អ្នកនាំពាក្យក្រសួងមហាផ្ទៃដដែល ឱ្យដឹងទៀតថា ទិសដៅបង្រ្កាប និងទប់ស្កាត់ ៤ទៀតរបស់ក្រសួងមហាផ្ទៃ រួមមាន បញ្ហាគ្រឿងញៀន ចរាចរណ៍ ការគ្រប់គ្រងក្រុមក្មេងទំនើង និងបញ្ហាតាមព្រំដែនទាំងគោកនិងទឹកជាប់ជាមួយប្រទេសជិតខាង៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: