លោក ឌី វិជ្ជា ប្រាប់ Grabriel Silva ទប់អារម្មណ៍ ខណៈក្លិបស្វាយរៀងរៀបចំប្តឹង FFC
  • ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ​​ ម៉ោង ៤:៤៨ នាទី រសៀល
លោក ឌី វិជ្ជា ប្រាប់ Grabriel Silva ទប់អារម្មណ៍ ខណៈក្លិបស្វាយរៀងរៀបចំប្តឹង FFC

«សូមកីឡាករ Gabriel រក្សាអារម្មណ៍នឹងន និងបន្តការហ្វឹកហាត់ប្រកបដោយស្មារតីម៉ឺងម៉ាត់ ដើម្បីឆ្ពោះរកជ័យជម្នះបន្ថែមទៀតជូនក្លិប»។ នេះជាសំណេរលោក ឌី វិជ្ជា ដែលបានបង្ហោះលើផេកហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ក្នុងបំណងផ្តាំទៅ Gabriel Silva Costa ខ្សែប្រយុទ្ធឆ្នើមព្រះខ័នរាជស្វាយរៀង​ ដែលរងការពិន័យធ្ងន់ធ្ងរពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។
TTN-Free-Banner-In-Article-PC


កីឡាករប្រេស៊ីល Grabriel Silva រងពិន័យពីគណៈកម្មការវិន័យរបស់ FFC មិនឲ្យចូលរួមប្រកួតដែលរៀបចំដោយ FFC និង CPL រយៈពេល៦ខែ ជុំវិញបទចោទ បង្ហាញការរើសអើងអំឡុងប្រកួត។ Grabriel បានបង្ហាញពាក្យ«100% Jesus» នៅលើអាវកាក់ខ្មៅរបស់ខ្លួននៅពេលអបអរគ្រាប់បាល់ស៊ុតបញ្ចូលទី ក្នុងជំនួបលីគរវាងព្រះខ័នរាជស្វាយរៀង ទល់បឹងកេត ចុងសប្តាហ៍មុន។
 
យ៉ាងណាក៏ដោយ ការដាក់ពិន័យនេះ មិនត្រូវបានទទួលយកពីក្លិបព្រះខ័នរាជស្វាយរៀងឡើយ ស្របពេលក្លិបមានមូលដ្ឋានក្នុងខេត្តស្វាយរៀងនេះ បាន​ធ្វើការជាមួយមេធាវី​កីឡា​អន្តរជាតិ​ ដើម្បី​ប្តឹង​ឧទ្ធរណ៍​ទៅ FFC ដោយ​ត្រៀម​បញ្ជូនរឿងក្តីនេះបន្តទៅ​តុលាការ​អាជ្ញាកណ្តាល​សម្រាប់​កីឡា (CAS) ថែមទៀតក្នុងករណីចាំបាច់។
 
«យើងជឿលើ Gabriel ថាគាត់មិនមានបំណងបញ្ចេញនូវពាក្យសំដីរើសអើង ឬធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តជាមួយនឹងពាក្យស្លោកនៅលើអាវខាងក្នុង របស់គាត់ ដែលជាហេតុផលឈានទៅដល់ FFCដាក់ពិន័យដូច្នេះ ដោយគ្រាន់តែយោងទៅតាមមាត្រាដូចដែលបានរៀបរាប់នៅក្នុងលិខិតវិន័យនោះទេ»។ នេះជាការរៀបរាប់ ក្នុងសេចក្តីប្រកាសដែលបានបង្ហោះលើផេកផ្លូវការរបស់ក្លិបស្វាយរៀងនៅយប់ថ្ងៃទី១ ខែវិច្ឆិកា។
 
ករណីពិន័យ Gabriel ដែលកំពុងលេចធ្លោខ្លាំង តាមរយៈការជួយស្វាយរៀងឈ្នះទាំង៩ប្រកួតជាប់គ្នាក្នុងលីគរដូវកាលនេះ លោក ឌី វិជ្ជា​ ដែលជាប្រធានក្លិប ក៏មិនបាននៅស្ងាមនោះដែរ។
 

ប្រធានក្លិបស្វាយរៀង និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ FFC រូបនេះបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា៖«ខ្ញុំ ក៏ដូចជាក្រុមការងារលេខាធិការដ្ឋានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កំពុងស្វះស្វែងរៀបចំឯកសារ ដើម្បីឆ្លើយតប និងតវ៉ាទាក់ទងនឹងបម្រាម ដែលសហព័ន្ធបានដាក់ពិន័យចំពោះកីឡាករ Gabriel Silva Costa មិនឱ្យលេងក្នុងការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ»។ 

ស្របពេលរៀបចំឯកសារប្តឹងឧទ្ធរណ៍ដើម្បីតវ៉ាការដាក់ពិន័យនេះ ប៉ុន្តែលោក ឌី វិជ្ជា សូមណូមពរឱ្យកីឡាករ Gabriel រក្សាអារម្មណ៍នឹងន និងបន្តការហ្វឹកហាត់ប្រកបដោយស្មារតីម៉ឺងម៉ាត់ ដើម្បីឆ្ពោះរកជ័យជម្នះសម្រាប់ក្លិប។
 
ព្រះខ័នរាជស្វាយរៀង ស្ថិតនៅកំពូលតារាង CPL បណ្តោះអាសន្ន ដោយរកបាន២៧ពិន្ទុ ពីការប្រកួត៩លើក ដោយនាំមុខក្រុមការពារតំណែងជើងឯកភ្នំពេញក្រោនដែលតាមពីក្រោយចំនួន៦ពិន្ទុ៕
 

អ្នកសរសេរអត្ថបទ

ទេព ពិទូរ្យ បានចាប់ផ្តើម​ការងារ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ថ្មីៗ​ ជា​អ្នកបច្ចេកទេស​ចាប់ពី​ឆ្នាំ​២០១២​មក​។ ​​បច្ចុ​ប្បន្ន ពិទូរ្យ បាន​បន្ថែម​ជំនាញ​ជា​អ្នកសរសេរ​ព័ត៌មាន​កីឡា​អន្តរជាតិ​មួយទៀត​​។​ ពិទូរ្យ ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​ព័ត៌មានវិទ្យា​ពី​វិទ្យាស្ថាន​ស៊ី​តិក​។​ ​ ​​​

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព ពិទូរ្យ​​