ទូតអូស្ត្រាលីប្រចាំកម្ពុជា៖ G-PSF ជាវេទិកាបង្កើនកិច្ចសហការរវាងវិស័យឯកជន និង រដ្ឋ
- ថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ៩:៥៩ នាទី យប់

លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។ រូប ពីសភាពាណិជ្ជកម្មកម្ពុជា
វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែវិច្ឆិកា ខាងមុខ។ លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានលើកឡើងថា វេទិកានេះ ជាមធ្យោបាយមួយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជនជាមួយរាជរដ្ឋាភិបាល និងក្រុមការងារទាំងអស់ ឱ្យកាន់តែជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន។

លោក ចាស្ទីន វ៉ាយអេត ប្រកាសគាំទ្រចំពោះវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមានតំណាងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និង តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមទាំងសភាពាណិជ្ជកម្មកម្ពុជា (CCC) មានតួនាទីជា លេខាធិការដ្ឋាន នៃវេទិកានេះ។ លោក បានទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចសន្ទនាដោយបើកចំហរ រវាងវិស័យសាធារណៈ និងវិស័យឯកជន ដោយបានបញ្ជាក់ថា G-PSF គឺជាវេទិកាដ៏សំខាន់សម្រាប់សម្របសម្រួលកិច្ចសន្ទនា រវាងភាគីពាក់ព័ន្ធនៅក្នុងវិស័យសារធារណៈ និងវិស័យឯកជន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នាថ្ងៃទី៣វិច្ឆិកា។
អត្ថបទទាក់ទង
ការគាំទ្រលោក ចាស្ទីន ធ្វើឡើង តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់អូស្ត្រាលី ដែលជាកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ កម្មវិធី CAPRED កំពុងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ក្នុងគោលបំណងបង្កើតវិធីសាស្រ្តអនុវត្តការងារដ៏ល្អប្រសើរ និងធានា ឱ្យមានការចូលរួមប្រកបដោយបរិយាបន្ននៅក្នុងវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជននេះ។

លោកឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បន្តនិយាយដូច្នេះ៖ « វិស័យឯកជនរបស់កម្ពុជាមានសក្តានុពលខ្ពស់ ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ វេទិកា[G-PSF]នេះ គឺជាមធ្យោបាយដ៏មានតម្លៃសម្រាប់ពង្រឹងសមត្ថភាព និងពង្រីកសក្តានុពលវិស័យឯកជន ដោយជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមការងារទាំងអស់ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន» ។
គួររំឭកថា វេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន(G-PSF) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩មក និង ទទួលបានការគាំទ្រ ពីរដ្ឋាភិបាលអូស្ត្រាលីចាប់ពី ឆ្នាំ២០០២ ដល់ឆ្នាំ ២០០៩។ ក្នុងចន្លោះពេលនោះ វេទិកានេះ ត្រូវបានគេទទួលស្គាល់ថា ជាវេទិការគំរូលំដាប់ពិភពលោកលើការអនុវត្តកិច្ចសន្ទនារវាងវិស័យសាធារណៈ និងវិស័យឯកជន។ វេទិកានេះ ពង្រីកខ្លួនដោយមានការកើនឡើងនូវចំនួនក្រុមការងារពី ៦ ដល់ ១៤ក្រុមដូចសព្វថ្ងៃ។ នេះសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសន្ទនារបស់វិស័យឯកជន ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច។
កិច្ចប្រជុំពេញអង្គរបស់វេទិកានេះ នឹងប្រព្រឹត្តឡើងក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព នាថ្ងៃទី១៣វិច្ឆិកា ឆ្នាំ២០២៣។ កន្លងមក សម្តេច ហ៊ុន ម៉ាណែត តែងតែលើកឡើងពីសារសំខាន់របស់វិស័យឯកជន ដែលជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចជាតិ។ តាមរយៈ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩នេះ សម្តេច អះអាងថា រដ្ឋាភិបាលរង់ចាំស្តាប់នូវមតិយោបល់ និងសំណូមពរនានា ពីវិស័យឯកជននៃកំណើនសេដ្ឋកិច្ច ជាមួយនឹងការត្រៀមដាក់ចេញវិធានការ និងការអនុវត្តជាក់ស្តែងក្នុងការបន្តជំរុញគាំទ្រវិស័យឯកជន៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: