ព្រះបរមរតនកោដ្ឋប្រើសារព័ត៌មានជាអាវុធនៅក្នុងព្រះរាជបូនីយកិច្ច
- ថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង ១១:៥៩ នាទី ព្រឹក

សម្តេចឪ នរោត្តម សីហនុ នាពេលប្រារព្ធខួបលើកទី១៥នៃឯករាជ្យជាតិ កាលពីខែវិច្ឆិកា ឆ្នាំ១៩៦៨។ រូបថត AP
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរៀបចំពិធីបុណ្យឯករាជ្យជាតិលើកទី៧០ក្នុងទ្រង់ទ្រាយធំនៅក្នុងឆ្នាំ២០២៣នេះ។ តាមរយៈពិធីបុណ្យជាតិប្រចាំឆ្នាំនេះ កូនខ្មែរជំនាន់ក្រោយអាចរលឹកនឹកដល់ស្នាព្រះហស្ថ និងព្រះគុណូបការៈរបស់សម្ដេចឪ ព្រះបាទ ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានតស៊ូទាមទារឯករាជ្យពីរដ្ឋាភិបាលអាណាព្យាបាលបារាំង សម្រាប់មាតុប្រទេស និងប្រជារាស្ត្ររបស់ព្រះអង្គ។

និយាយអំពីការទាមទារឯករាជ្យនេះ ខ្ញុំបានមើលឃើញ២ចំណុចដែលកម្ពុជាយើងមិនធ្លាប់លើកយកមកនិយាយជាទូទៅឡើយ។ ខ្ញុំសូមលើកបង្ហាញចំណុចទាំង២នេះដូចតទៅនេះ៖
ទី១ ទាក់ទងនឹងតាក់ទិកដ៏មានឥទ្ធិពលមួយដែលសម្តេចឪ ព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋបានប្រើប្រាស់ក្នុងព្រះរាជបេសកកម្មទាមទារឯករាជ្យ គឺសារព័ត៌មាន។ ព្រះរាជបូនីយកិច្ចរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ត្រូវបានកោតសរសើរថា ជាការទាមទារឯករាជ្យមួយដែលមិនបានបង្ហូរឈាម មិនបានបង្កសង្គ្រាម ដែលធ្វើឱ្យបាត់បង់ជីវិតប្រជាជនខ្មែរនោះឡើយ។ ព្រះមហាក្សត្រមិនបានប្រើប្រាស់គ្រឿងរំសេវមែន តែព្រះអង្គបានប្រើប្រាស់សារព័ត៌មានជាអាវុធ ដែលបានធ្វើឱ្យផ្អើលប្រទេសមហាអំណាច ហើយរុញការទាមទារឯករាជ្យរបស់ព្រះអង្គឱ្យកាន់តែមានល្បឿនទៅមុខ។
ខ្ញុំគួររំឭកថា ក្រោយពីជប៉ុនត្រូវរងគ្រោះដោយគ្រាប់បែកនុយគ្លេអ៊ែររបស់អាមរិក ហើយយល់ព្រមចាញ់សង្គ្រាម និងបានចាកចេញពីកម្ពុជាវិញ ក្នុងអំឡុងចុងឆ្នាំ១៩៤៥នោះ បារាំងក៏ត្រឡប់មកឥណ្ឌូចិនវិញ ដោយរួមមានទាំងកម្ពុជា។ តែថា វាក៏មិនមែនជារដ្ឋាភិបាលបារាំងដែលមានចរិតជាអាណាព្យាបាលដូចមុនទៀតដែរ។ ហេតុដូច្នេះហើយបានជាព្រះមហាក្សត្រខ្មែរ នរោត្តម សីហនុ អាចបើកការចរចា និងទាមទារបានសន្ធិសញ្ញាឯករាជ្យមួយពីបារាំងដែលត្រូវបានចុះហត្ថលេខានៅក្នុងខែកញ្ញាឆ្នាំ១៩៤៩។ នោះគឺជាសន្ធិសញ្ញាទទួលស្គាល់ឯករាជ្យរបស់កម្ពុជាពីរដ្ឋាភិបាលបារាំង គ្រាន់តែថា វាជាឯករាជ្យតែពាក់កណ្ដាល។
ពីព្រោះបារាំងនៅរក្សាការគ្រប់គ្រងវិស័យសំខាន់ៗមួយចំនួនរួមមាន វិស័យតុលាការ យោធា ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥២ ព្រះអង្គបានប្រកាសសន្យាយ៉ាងអធិកអធមនៅចំពោះមុខប្រជារាស្ត្រខ្មែរថា ព្រះអង្គស្នើសុំប្រើរយៈពេល៣ឆ្នាំ ដើម្បីទាមទារឯករាជ្យភាពពេញលេញពីរដ្ឋាភិបាលបារាំង។ ព្រះរាជបូនីយកិច្ចរបស់ព្រះអង្គចាប់ផ្តើមពីខែកុម្ភៈឆ្នាំ១៩៥៣ ដោយព្រះអង្គបានយាងទៅកាន់ប្រទេសបារាំង ហើយតាំងទីបញ្ជាការដ្ឋាននៅឃុំណាពូលនៃខេត្ត Alpes Maritimes ក្នុងភាគអាគ្នេយ៍នៃប្រទេសបារាំង។
ការតស៊ូមតិដ៏ស្វិតស្វាញតាមរយៈការពន្យល់តាមលិខិតផង និងតាមរយៈការជួបគ្នាដោយផ្ទាល់ជាមួយប្រធានាធិបតីបារាំងនាពេលនោះផង មិនទទួលបានលទ្ធផលវិជ្ជមានឡើយ។ ព្រះមហាក្សត្រត្រូវចាកចេញបារាំង និងយាងទៅប្រទេសកាណាដា និងសហរដ្ឋអាមេរិកជាបន្តបន្ទាប់ទៀត ដើម្បីស្វែងរកការគាំទ្រពីប្រទេសមហាអំណាចនានាថែមទៀត។
ទាំងនៅកាណាដា និងទាំងនៅសហរដ្ឋអាមេរិក ព្រះមហាក្សត្រខ្មែរតែងផ្ដល់សម្ភាស (ប្រើប្រាស់សារព័ត៌មាន) ដល់អង្គភាពសារព័ត៌មានធំៗដែលមានឥទ្ធិពល ដូចជាទីភ្នាក់ងារសារព័ត៌មានបារាំង AFP វិទ្យុកាណាដា និងកាសែត The New York Times ជាដើម។ គឺចំណងជើងធំនៅលើទំព័រមុខនៃទិនានុប្បវត្តិរបស់អាមេរិកចុងក្រោយនេះហើយ ដែលបានធ្វើឱ្យស្ថានភាពដ៏តានតឹងនៃព្រះរាជបេសកកម្មទាមទារឯករាជ្យរបស់មហាក្សត្រខ្មែរ ប្រែមកជាធូរស្រាល នឹងធ្វើឱ្យមានការយកចិត្តទុកដាក់ខ្លាំងមកលើឯករាជ្យភាពរបស់កម្ពុជា។
ចំណងជើងអត្ថបទព័ត៌មាន«ព្រះករុណាព្រមានថា កម្ពុជាអាចងើបឡើងបះបោរ, ឥណ្ឌូចិននឹងចូលរួមជាមួយកុម្មុយនីស្ត បើសិនបារាំងបដិសេធការទាមទារឯករាជ្យ» ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៥៣ ដែលត្រូវបានសរសេរដោយអ្នកកាសែត Michael James ប្រៀបបីដូចជាគ្រាប់បែកមួយគ្រាប់ដ៏មានឥទ្ធិពល ធ្វើឱ្យរង្គើពិភពលោក។ ដំណឹងបែបនេះបានដាស់ស្មារតីប្រទេសលោកសេរីផង និងធ្វើឱ្យប្រជាជននៅឥណ្ឌូចិនពេញចិត្តផង។
៨ថ្ងៃ ក្រោយការចេញផ្សាយរបស់កាសែត The New York Times ពោលគឺនៅថ្ងៃទី២៣ខែមេសាឆ្នាំ១៩៥៣ រដ្ឋាភិបាលបារាំងបានផ្ដល់ដំណឹងមកព្រះរាជតំណាងរបស់ព្រះមហាក្សត្រខ្មែរ គឺឯកឧត្តម ប៉ែន នុត និងឯកឧត្តម សម សារី ដែលកំពុងប្រចាំការនៅក្នុងប្រទេសបារាំង ដើម្បីបើកការចរចាឡើងវិញ លើការទាមទាររបស់កម្ពុជា។

ខ្ញុំពុំចាំបាច់រំឭកអំពីការចរចាដ៏ស្មុគស្មាញ និងតានតឹងក្នុងរយៈពេល៦ខែ ទម្រាំកម្ពុជាទទួលបានឯករាជ្យពេញលេញ១០០ភាគរយនៅថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ១៩៥៣នោះទេ។ អ្វីដែលខ្ញុំចង់កត់សម្គាល់នៅក្នុងអត្ថបទនេះ គឺការយល់ពីតម្លៃសារព័ត៌មាន ពីសំណាក់អ្នកនយោបាយ និងអ្នកដឹកនាំកំពូលដែលចេះប្រើសារព័ត៌មានជាឧបករណ៍ដ៏មានប្រយោជន៍។ ធ្វើកិច្ចការជាមួយសារព័ត៌មានក៏ពុំងាយស្រួលដែរ។ វា ទាមទារឱ្យមានការគោរព។ ផ្តល់សារសំខាន់ដល់សារព័ត៌មាន ពុំមែនមានន័យថា គ្រប់គ្រង បញ្ជា ឬដាក់សម្ពាធ លើអ្នកកាសែត ឱ្យពួកគេសរសេរតាមការចង់បានរបស់យើងឡើយ។ តែជាការគោរពវិជ្ជាជីវៈ និងជំនាញរបស់ពួកគេ។ អ្វីដែលអ្នកនយោបាយត្រូវធ្វើ ឬត្រូវមាននោះ គឺសមត្ថភាពក្នុងការឆ្លើយតប ឬផ្ដល់ការពន្យល់បំភ្លឺទៅលើសំណួររបស់អ្នកកាសែត។
ត្រង់ចំណុចនេះ ខ្ញុំក៏ចង់រំឭកផងដែរដល់ដំណើរការនៃការចរចាសន្តិភាពរហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សម្តេចព្រះនរោត្តម សីហនុ និងឯកឧត្តម ហ៊ុន សែន ត្រូវធ្វើសន្និសីទកាសែត និងផ្តល់បទសម្ភាសដាច់ដោយឡែកពីគ្នាដល់អ្នកសារព័ត៌មានគ្រប់និន្នាការ រាប់សិបដង ជាពិសេសការឆ្លើយតបសំណួរនៃអង្គភាពសារព័ត៌មានធំៗទៀតផង។ អ្នកនយោបាយកំពូលទាំងពីរ ពុំមានពេលរើសអើង ឬប្រកាន់និន្នាការរបស់អ្នកកាសែតណាមួយឡើយ។ គិតតែពីឆ្លើយតបនឹងសំណួរទៅតាមអ្វីដែលត្រូវឆ្លើយនៅក្នុងសាច់រឿងប៉ុណ្ណោះ។ នៅក្នុងប្រតិបត្តិការនយោបាយឈ្នះ-ឈ្នះ ក៏ដូចគ្នា។ គេនៅចងចាំរូបភាពនៃអ្នកកាសែតក្នុងស្រុក អ្នកឆ្លងឆ្លើយព័ត៌មាននៃទីភ្នាក់ងារសារព័ត៌បរទេសជាច្រើន ដែលតាមចោមរោមសម្ភាសនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតំបន់ខ្មែរក្រហមនានា។ វាលុះតែមានការផ្ដល់តម្លៃដល់សារព័ត៌មាន ទើបអ្នកកាសែតទាំងនោះអាចធ្វើដំណើរទៅជួបប្រមុខរដ្ឋាភិបាលនាពេលនោះបាន។ សម្តេច ហ៊ុន សែន ធ្លាប់បានថ្លែងថា លោកគឺជាមេដឹកនាំកំពូលមួយរូបដែលជួបអ្នកកាសែត និងផ្ដល់សម្ភាសដល់អ្នកកាសែតច្រើនជាងគេ។
សារព័ត៌មានពិតជាមានប្រយោជន៍ និងមានតួនាទីចាំបាច់នៅក្នុងការនាំមកនូវសុខសន្តិភាព ស្ថិរភាព ដល់ប្រទេសមួយ។ ប៉ុន្តែវាត្រូវមានសារព័ត៌មានដែលមហាជនអាចជឿជាក់ និងទុកចិត្តបាន (Trusted Media) ឱ្យបានច្រើន រួមទាំងអ្នកកាសែតអាជីពឱ្យបានច្រើនដែលប្រកបអាជីពរបស់ពួកដោយសេរី ដោយមិនរងការគំរាមកំហែង និងការបំពានណាមួយឡើយ។

ទី២ គឺជាឯករាជ្យមិនច្បាស់លាស់របស់កម្ពុជាក្រោមការត្រួតត្រារបស់ជប៉ុន។ ប្រជាជនកម្ពុជាយើងពុំសូវបាននិយាយអំពី«ឯករាជ្យ» របស់កម្ពុជាក្នងឆ្នាំ១៩៤៥ នោះទេ បើទោះវាជាឯករាជ្យរយៈពេលខ្លី ឬក៏អាចនិយាយបានថា ជាឯករាជ្យដែលមិនប្រាកដប្រជាក៏ដោយ។ ខ្ញុំរំឭកអំពីទិដ្ឋភាពឯករាជ្យនេះ ពីព្រោះ ម្យ៉ាងវាជាដំណើរនៃប្រវត្តិសាស្ត្ររបស់កម្ពុជា។ តែម្យ៉ាងទៀត គឺខ្ញុំមានបំណងចែករំលែកឱ្យជនរួមជាតិបានដឹងដែរថា សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានចាប់ផ្តើមមានព្រះរាជតម្រិះទាមទារឯករាជ្យភាពដើម្បីមាតុភូមិរបស់ព្រះអង្គតាំងពីពេលនោះមក។ គឺមិនមែនគឺចាប់ពីឆ្នាំ១៩៤៩ ដល់ឆ្នាំថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នោះទេ។
ក្រោយពីការយាងសោយព្រះពិរាល័យនៃព្រះមហាក្សត្រស៊ីសុវត្ថិ មុនីវង្ស ក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ (តាមការពិចារណាយ៉ាងល្អិតល្អន់ និងចង់បានរបស់រដ្ឋាភិបាលអាណាព្យាបាលបារាំង) បានជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម សីហនុ ក្នុងព្រះជន្មាយុ១៩ព្រះវស្សា ជាព្រះមហាក្សត្រនៃប្រទេសកម្ពុជានៅថ្ងៃទី២៥ខែមេសាឆ្នាំ១៩៤១។ ប៉ុន្តែ ប៉ុន្មានខែក្រោយមក កងទ័ពជប៉ុនដែលជាសម្ព័ន្ធមិត្តរបស់អាល្លឺម៉ង់ បានចូលមកដល់ឥណ្ឌូចិន ដែលក្នុងនោះមានកម្ពុជាដែរ។
៤ឆ្នាំក្រោយមក ពោលគឺនៅដើមឆ្នាំ១៩៤៥ បារាំងដែលបានចាញ់សង្គ្រាមអាល្លឺម៉ង់នោះ កាន់តែចុះខ្សោយឥទ្ធិពលនៅឥណ្ឌូចិន។ ស្ថានភាពនេះបានលើកទឹកចិត្តឱ្យជប៉ុនប្រើកម្លាំង (៩មិនា១៩៤៥) បង្ក្រាបបារាំង និងបណ្ដេញបារាំងចេញពីឥណ្ឌូចិនតែម្ដង។ ហើយជប៉ុនខ្លួនឯង គឺជាអ្នកគ្រប់គ្រងឥណ្ឌូចិន។ ជប៉ុនចង់គ្រប់គ្រងឥណ្ឌូចិន ប៉ុន្តែជប៉ុនមិនអនុវត្តច្បាប់អាណានិគមឡើយ។ មេបញ្ជាការកងទ័ពរបស់ជប៉ុនបានប្រកាសប្រាប់ព្រះរាជាកម្ពុជានៅថ្ងៃទី១០ខែមិនាឆ្នាំ១៩៤៥ថា ចាប់ពីពេលនេះទៅ ប្រទេសកម្ពុជាគឺជាប្រទេសឯករាជ្យ និងត្រូវបានរំដោះចេញពីអាណាព្យាបាលបារាំង។
បើគិតតាមតក្កវិជ្ជា វាគួរតែយ៉ាងដូច្នេះឯង។ សន្ធិសញ្ញាអាណាព្យបាលដែលកម្ពុជា និងបារាំងបានចុះហត្ថលេខានៅថ្ងៃទី១១ ខែសីហាឆ្នាំ១៨៦៣នោះ ត្រូវតែអស់តម្លៃ ឬត្រូវបានបញ្ចប់ ដោយសារតែបារាំងត្រូវបានផ្ដួលដោយជប៉ុន។ បានន័យថា បារាំងអស់ភាពជាអាណាព្យាបាលមកលើកម្ពុជាហើយ។ បន្ទាប់មក វាគឺជារឿងរបស់ជប៉ុន និងកម្ពុជាតែប៉ុណ្ណោះ។
ទោះយ៉ាងនេះក្ដី ព្រះមហាក្សត្រ នរោត្តម សីហនុ (ពេលនោះមានព្រះជន្ម ២៤ព្រះវស្សា) ដែលម៉ត់ចត់ នឹងបញ្ហាឯករាជ្យភាពរបស់កម្ពុជា បានសរសេរលិខិតថ្វាយព្រះចៅអធិរាជជប៉ុនដើម្បីទាមទារឱ្យជប៉ុនទទួលស្គាល់ឯករាជ្យភាពដ៏ប្រាកដប្រជាច្បាស់លាស់ និងផ្លូវការរបស់កម្ពុជា។ ជាអកុសល រដ្ឋាភិបាលក្រុងតូក្យូមិនបានឆ្លើយតបចុតហ្មាយរបស់ព្រះមហាក្សត្រកម្ពុជារហូតដល់កងទ័ពបារាំងបានត្រឡប់មកដល់កម្ពុជានៅអំឡុងខែកញ្ញាឆ្នាំ១៩៤៥។
ដូច្នេះ ឯករាជ្យមិនច្បាស់លាស់មានរយៈពេលពីខែមិនាដល់ខែកញ្ញាក្នុងឆ្នាំ១៩៤៥៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: